FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំខេត្តប៉ៃលិន ចុះសួរសុខទុក្ខសមាជិកក្រុមប្រឹក្សាខេត្ត២រូប ដែលកំពុងមានជំងឺសម្រាកព្យាបាលនៅផ្ទះ

15-03-2026 14:05

(ប៉ៃលិន)៖ លោក ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន, លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងអ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសួរសុខទុក្ខលោក សុទ្ធ ឃុនថាល់ និងលោក ហ៊ាន រចនាសមាជិកក្រុមប្រឹក្សាខេត្ត ដែលបច្ចុប្បន្នមានជម្ងឺកំពុងសម្រាកព្យាបាល នៅឯគេហដ្ឋានផ្ទាល់ខ្លួន នាភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា និងភូមិបរយ៉ាខា សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានសម្ដែងនូវមនោសញ្ចេតនានឹករលឹក និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាមិត្តភក្តិរួមការងារ ជូនចំពោះលោក សុទ្ធ ឃុនថាល់ និងលោក ហ៊ាន រចនា សមាជិកក្រុមប្រឹក្សាខេត្ត និងជូនពរឱ្យឆាប់បានជាសះស្បើយពីរោគាដោយមានសុខភាពល្អប្រសើ ដើម្បីចូលបម្រើការងារឡើងវិញជូនជាតិ និងប្រជាជន។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានថ្លែងអំណរគុណដល់សមាជិកក្រុមប្រឹក្សាខេត្តទាំង២រូប ដែលកន្លងមកបានបំពេញការងារយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ក្នុងការបម្រើដល់ប្រយោជន៍សម្រាប់ប្រជាជនពីព្រោះក្រុមប្រឹក្សាមានតួនាទីចាត់ចែងកិច្ចការចាំបាច់នានា ដើម្បីសម្រួលគោលបំណងក្នុងការបង្កើត, ការជំរុញ និងការធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងដើម្បីបំពេញភារកិច្ចដែលបានប្រគល់ និងបានធ្វើប្រតិភូកម្មតាមច្បាប់ ឬដែលស្របតាមច្បាប់ ជាពិសេសត្រូវមានគណនេយ្យភាពដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ អំពីជម្រើសជាអាទិភាព សម្រាប់ធ្វើការអង្កេតលើករណីទាំងឡាយណាដែលខ្លួនយល់ឃើញថាមានសារៈសំខាន់ដល់ប្រជាពលរដ្ឋ ព្រមទាំងអាចផ្សព្វផ្សាយលទ្ធផលនៃការធ្វើអង្កេតនោះ រួចហើយត្រូវធ្វើគោលការណ៍ណែនាំអនុវត្តដល់ គណៈអភិបាល និងអភិបាល។

ក្នុងឱកាសនោះលោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកទឹកចិត្តលោក សុទ្ធ ឃុនថាល់ និងលោក ហ៊ាន រចនា ឱ្យខិតខំថែទាំសុខភាពឱ្យបានល្អប្រសើរ និងស្តាប់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យជំនាញ និងការសម្រាក, ការហូបចុកឱ្យបានគ្រប់គ្រាន់ ព្រមទាំងបានឧបត្ថម្ភនូវថវិកាផ្ទាល់ខ្លួនមួយចំនួនជូនដល់សមាជិកក្រុមប្រឹក្សាខេត្តទាំង២រូប ដើម្បីទុកប្រើប្រាស់ទៅតាមតម្រូវការ៕