FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ហួត ហាក់ ចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានព្រែកកាំពី ជំរុញអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងការពារសត្វផ្សោត

15-03-2026 08:18

(ក្រចេះ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅរមណីយដ្ឋានព្រែកកាំពី ស្ថិតនៅក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

នេះជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល អមដោយទេសភាពស្រស់ស្អាត និងជាតំបន់អភិរក្សសត្វផ្សោតទឹកសាបដែលមានតម្លៃខ្ពស់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ពិសេសការចុះពិនិត្យនេះផ្តោតសំខាន់លើសេវាកម្មទេសចរណ៍ បរិស្ថានជុំវិញ និងសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ព្រមទាំងជំរុញការអភិវឌ្ឍន៍តំបន់ទេសចរណ៍ឱ្យកាន់តែមានគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការចុះពិនិត្យនេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងការការពារធនធានធម្មជាតិ ដើម្បីជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕