FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋភៀសសឹក នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត

14-03-2026 20:54

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំប្រតិភូក្រុមប្រឹក្សាខេត្តព្រះវិហារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ស្ថិតក្នុងឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។

លោក ប្រាក់ សុវណ្ណ ក៏បានថ្លែងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យបន្តរក្សាសុខភាព សាមគ្គីភាព និងមានទំនុកចិត្តលើការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលតែងតែខិតខំដោះស្រាយបញ្ហាប្រឈមនានា និងផ្តល់ការគាំទ្រដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា សកម្មភាពរបស់ប្រតិភូក្រុមប្រឹក្សាខេត្តព្រះវិហារ ដែលអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងស្មារតីមនុស្សធម៌របស់ថ្នាក់ដឹកនាំជាតិ ក៏ដូចជាអាជ្ញាធរខេត្តព្រះវិហារ ដែលតែងតែឈរជាមួយប្រជាពលរដ្ឋក្នុងគ្រប់ស្ថានភាព ដើម្បីជួយសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋយើង៕