Fresh Exclusive: វិបត្តិ Hormuz និងសង្គ្រាមអ៊ីរ៉ង់៖ តើអាមេរិកអាចផុងខ្លួនក្នុងសង្គ្រាមវែងនៅមជ្ឈិមបូព៌ាដែរឬទេ?
14-03-2026 17:50
(ភ្នំពេញ)៖ សង្គ្រាមអ៊ីរ៉ង់ បានឈានចូលសប្តាហ៍ទីបីហើយ ខណៈសហរដ្ឋអាមេរិក កាន់តែបង្ហាញនូវជម្រើសកាន់តែច្រើនមុខដើម្បីការវាយបំបាក់សមត្ថភាពអ៊ីរ៉ង់ ដែលបង្កជាឧបសគ្គបិទច្រកហ័រមូស នៃច្រកសេដ្ឋកិច្ចដឹកជញ្ជូនប្រេងដ៏សំខាន់របស់ពិភពលោក។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយក្នុងការចង់ដឹងថា តើអាមេរិកអាចផុងខ្លួនក្នុង សង្គ្រាមអ៊ីរ៉ង់ដែរឬទេ?
ជម្លោះនៅមជ្ឈិមបូព៌ាបច្ចុប្បន្ន មិនមែនជាការប្រយុទ្ធធម្មតារវាងកម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងលើពេលវេលា ថាមពល និងអំណាចភូមិសាស្ត្រនយោបាយ។ ខណៈដែលសហរដ្ឋអាមេរិកកំពុងពង្រីកកម្លាំងយោធារបស់ខ្លួននៅជុំវិញច្រកសមុទ្រHormuz អ៊ីរ៉ង់កំពុងព្យាយាមបំលែងជម្លោះនេះឱ្យក្លាយជាសង្គ្រាមអូសបន្លាយ ដែលអាចបង្កសម្ពាធលើសេដ្ឋកិច្ចពិភពលោក និងលើនយោបាយក្នុងសហរដ្ឋអាមេរិកផ្ទាល់។
ការវាយប្រហាររបស់អាមេរិកលើគោលដៅយោធានៅលើកោះ Khargនិងការត្រៀមពង្រាយកម្លាំងកងនាវា US Navy និង កងម៉ារីនបន្ថែមទៅមជ្ឈិមបូព៌ា កំពុងបង្ហាញថា ជម្លោះនេះ ឈានឡើងទៅកាន់ដំណាក់កាលថ្មីមួយ។ ក្នុងបរិបទនេះ សំណួរដ៏សំខាន់មិនមែនត្រឹមតែថា នរណាអាចឈ្នះក្នុងសមរភូមិយោធា ប៉ុណ្ណោះទេ ប៉ុន្តែគឺថា នរណាអាចគ្រប់គ្រងពេលវេលា និងល្បែងយុទ្ធសាស្ត្ររយៈពេលវែងបានល្អជាង។
*អ៊ីរ៉ង់ និងយុទ្ធសាស្ត្រ សង្គ្រាមអត់ធ្មត់
មិនដូចជាសង្គ្រាមប្រពៃណី ដែលប្រទេសខ្សោយ ត្រូវប្រយុទ្ធដោយផ្ទាល់ជាមួយប្រទេសខ្លាំងជាងនោះទេ អ៊ីរ៉ង់ បានអភិវឌ្ឍយុទ្ធសាស្ត្រមួយ ដែលអ្នកវិភាគហៅថាយុទ្ធសាស្ត្រអសមមាត្រ asymmetric strategy។
ក្នុងគំនិតនេះ អ៊ីរ៉ង់មិនចាំបាច់ត្រូវ ឈ្នះក្នុងសមរភូមិយោធាដោយផ្ទាល់នោះទេ។ ផ្ទុយទៅវិញ គោលដៅសំខាន់របស់វាគឺ៖
-ធ្វើឱ្យជម្លោះអូសបន្លាយឱ្យបានយូរ
-បង្កអស្ថិរភាពនៅក្នុងទីផ្សារថាមពលពិភពលោក
-និងបង្កសម្ពាធនយោបាយលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។
នៅក្នុងយុទ្ធសាស្ត្របែបនេះ ពេលវេលា ក្លាយជាអាវុធដ៏សំខាន់បំផុត។ ប្រទេសដែលអាចអត់ធ្មត់ និងអូសបន្លាយសង្គ្រាមបានយូរ ជាញឹកញាប់អាចបង្កសម្ពាធដាក់លើសត្រូវបានច្រើនជាងប្រទេសដែលពឹងផ្អែកតែអំណាចយោធា។
*អាវុធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់
អ្នកវិភាគយោធាជាច្រើនបានលើកឡើងថា អ៊ីរ៉ង់មានកត្តាសំខាន់ៗយ៉ាងហោចណាស់បី ដែលអាចបង្កើតសម្ពាធយុទ្ធសាស្ត្រលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់សត្រូវ។
១.ភូមិសាស្ត្រដ៏លំបាក
អ៊ីរ៉ង់មានទឹកដីធំប្រមាណ ១.៦ លានគីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសជាច្រើននៅមជ្ឈិមបូព៌ា។ ភាគច្រើននៃទឹកដីនេះ ត្រូវបានគ្របដណ្តប់ដោយ ខ្សែភ្នំធំៗដូចជា Zagros និង Alborz ដែលបង្កើតជាឧបសគ្គធម្មជាតិដ៏សំខាន់សម្រាប់កងទ័ពបរទេស។ បន្ថែមពីនេះ អ៊ីរ៉ង់មានប្រជាជនជាង ៩០ លាននាក់ ដែលផ្តល់សមត្ថភាពមនុស្សមានធនធានសម្រាប់ការការពារប្រទេស និងការប្រយុទ្ធអូសបន្លាយ។ ក្នុងបរិបទយោធា នេះមានន័យថា ប្រសិនបើជម្លោះឡើងដល់កម្រិតសង្គ្រាមលើដីពេញទំហឹង មួយ នឹងក្លាយជាប្រតិបត្តិការដ៏ស្មុគស្មាញ និងមានថ្លៃដើមខ្ពស់ខ្លាំង សម្រាប់សហរដ្ឋអាមេរិកដែលចង់ប្រើកម្លាំងលុកលុយ។ ប្រវត្តិសាស្ត្រយោធាបានបង្ហាញរួចហើយថា ភូមិសាស្ត្រលំបាក និងទឹកដីធំ អាចផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសដែលការពារខ្លួន។ កត្តាទាំងនេះអាចអនុញ្ញាតឱ្យប្រទេសមួយ មានលទ្ធភាពអូសបន្លាយសង្គ្រាមបានយូរ បង្កការខាតបង់ និងធ្វើឱ្យកម្លាំងដែលមានបច្ចេកវិទ្យាខ្ពស់ជាង ប្រឈមនឹងសម្ពាធយោធា និងនយោបាយកាន់តែខ្លាំងឡើង។
២.បណ្តាញកម្លាំងសម្ព័ន្ធ (Proxy Network)
អ៊ីរ៉ង់ បានកសាងបណ្តាញកម្លាំងសម្ព័ន្ធនៅទូទាំងមជ្ឈិមបូព៌ា ដែលជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្រ សង្គ្រាមអសមមាត្រ របស់ខ្លួន។ បណ្តាញនេះរួមមានក្រុមសម្ព័ន្ធសំខាន់ៗដូចជា៖
-ក្រុម Hezbollah នៅលីបង់
-ក្រុមសម្ព័ន្ធអ៊ីរ៉ង់នៅ អ៊ីរ៉ាក់
-ក្រុមប្រដាប់អាវុធ ដែលគាំទ្រដោយអ៊ីរ៉ង់នៅ ស៊ីរី
- និងក្រុម Houthis នៅយេម៉ែន។
កម្លាំងទាំងនេះអាចដើរតួនាទីជាកម្លាំងបង្កសម្ពាធលើសម្ព័ន្ធអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់។ ក្នុងន័យយុទ្ធសាស្ត្រ វាមានន័យថា សង្គ្រាមមួយជាមួយអ៊ីរ៉ង់ មិនចាំបាច់កើតឡើងតែជាសង្គ្រាមរវាងប្រទេសពីរប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ វាអាចពង្រីកទៅជាជម្លោះជាច្រើនសមរភូមិ នៅទូទាំងមជ្ឈិមបូព៌ា។ ក្នុងស្ថានភាពបែបនេះ សម្ពាធយោធា និងសន្តិសុខអាចកើតឡើងលើទីតាំងជាច្រើនក្នុងពេលតែមួយ ដោយធ្វើឱ្យជម្លោះមួយ មានហានិភ័យក្លាយជាសង្គ្រាមតំបន់ទាំងមូល។
៣.អាវុធថាមពល៖ Strait of Hormuz
ច្រកសមុទ្រ Hormuz គឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយសម្រាប់ពាណិជ្ជកម្មថាមពលពិភពលោក។ ប្រហែល ២០ ភាគរយនៃការដឹកជញ្ជូនប្រេងសកល ត្រូវឆ្លងកាត់ច្រកតូចនេះ ដែលភ្ជាប់ឈូងសមុទ្រពែ័ក ទៅសមុទ្រអារ៉ាប់ និងទីផ្សារថាមពលអន្តរជាតិ។ ក្នុងន័យនេះ Hormuz មិនមែនជាផ្លូវដឹកប្រេងធម្មតាទេ ប៉ុន្តែជាដូចជា «សរសៃឈាមថាមពល» របស់សេដ្ឋកិច្ចពិភពលោក។ ប្រសិនបើច្រកនេះ ត្រូវបានរារាំង ឬត្រូវបានគំរាមដោយការវាយប្រហារ លំហូរប្រេងអន្តរជាតិអាចត្រូវបានរំខានយ៉ាងខ្លាំង ហើយ តម្លៃប្រេងពិភពលោកអាចឡើងខ្ពស់ក្នុងរយៈពេលខ្លី។ សម្រាប់អ៊ីរ៉ង់ នេះមិនមែនគ្រាន់តែជាបញ្ហាភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាកត្តាយុទ្ធសាស្ត្រសេដ្ឋកិច្ចដ៏មានឥទ្ធិពល។ ការគំរាមបិទ ឬរារាំងច្រក Hormuz អាចបង្កសម្ពាធលើទីផ្សារថាមពលសកល និងលើប្រទេសដែលពឹងផ្អែកលើប្រេងនាំចូល។ ដោយហេតុនេះហើយ អ្នកវិភាគជាច្រើនបានមើលឃើញថា Hormuz គឺជាអាវុធសេដ្ឋកិច្ចដ៏សំខាន់បំផុតមួយក្នុងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់។
*តើនរណាអាចឈ្នះ?
ក្នុងសង្គ្រាមប្រភេទនេះ ការឈ្នះ មិនត្រូវបានកំណត់ត្រឹមតែដោយលទ្ធផលនៅលើសមរភូមិយោធាប៉ុណ្ណោះទេ។ ជម្លោះអាចត្រូវបានវាស់វែងតាម សមត្ថភាពយោធា សម្ពាធសេដ្ឋកិច្ច និងការគ្រប់គ្រងពេលវេលាយុទ្ធសាស្ត្រ។ នៅក្នុងផ្នែកយោធា សហរដ្ឋអាមេរិកមានអំណាចខ្លាំងជាងយ៉ាងច្បាស់។ កម្លាំង អាកាស និងកងទ័ពជើងទឹក ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅក្នុងទឹកដីអ៊ីរ៉ង់បានយ៉ាងទូលំទូលាយ តាមរយៈបច្ចេកវិទ្យាយោធាទំនើប និងបណ្តាញមូលដ្ឋានយោធានៅជុំវិញតំបន់មជ្ឈិមបូព៌ា។ ប៉ុន្តែក្នុងសង្គ្រាមដែលមានលក្ខណៈ អសមមាត្រ និងអូសបន្លាយ អំណាចយោធាខ្លាំងជាង មិនតែងតែធានាបាននូវជ័យជម្នះចុងក្រោយនោះទេ។ ប្រទេសដែលអាចអត់ធ្មត់ និងអូសបន្លាយសម្ពាធយុទ្ធសាស្ត្របានយូរ អាចបង្កផលប៉ះពាល់នយោបាយ និងសេដ្ឋកិច្ចលើសត្រូវបានកាន់តែខ្លាំង។
*សង្គ្រាមដែលអាចបម្លែងលំដាប់ពិភពលោក
នៅពេលដែលសង្គ្រាមនៅមជ្ឈិមបូព៌ា ខិតជិតដល់ សប្តាហ៍ទីបី ដោយមិនទាន់មានសញ្ញាថយចុះ អ្នកវិភាគជាច្រើនបានព្រមានថា វាអាចក្លាយជាសង្គ្រាមអូសបន្លាយ ដែលមានសក្តានុពលបង្កផលប៉ះពាល់យ៉ាងធំលើសេដ្ឋកិច្ច និងសន្តិសុខពិភពលោក។
ក្នុងសង្គ្រាមប្រភេទនេះ ជ័យជម្នះមិនត្រូវបានកំណត់ត្រឹមតែដោយអំណាចអាវុធ ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ អ្នកដែលអាច គ្រប់គ្រងពេលវេលា និងសម្ពាធយុទ្ធសាស្ត្រ បានល្អជាង ជាញឹកញាប់អាចក្លាយជាអ្នកទទួលបានអត្ថប្រយោជន៍ចុងក្រោយ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើគោលដៅយោធានៅលើកោះKharg និងការត្រៀមពង្រាយកម្លាំង US Navy និងកងម៉ារីនបន្ថែមទៅមជ្ឈិមបូព៌ា កំពុងបង្ហាញថា ជម្លោះនេះកំពុងឈានឡើងទៅកាន់ដំណាក់កាលថ្មី ហើយប្រហែលជាមិនអាចបញ្ចប់បានក្នុងរយៈពេលខ្លីបានឡើយ។ ក្នុងបរិបទនេះ សំណួរដ៏សំខាន់បំផុតមិនមែនត្រឹមតែថា នរណាអាចឈ្នះក្នុងសមរភូមិយោធា ប៉ុណ្ណោះទេ ប៉ុន្តែគឺថា នរណាអាចគ្រប់គ្រងពេលវេលា និងល្បែងយុទ្ធសាស្ត្ររយៈពេលវែងបានល្អជាង។
ប្រសិនបើជម្លោះនេះបន្តអូសបន្លាយ សង្គ្រាមនៅមជ្ឈិមបូព៌ា អាចមិនត្រឹមតែជាការប្រឈមមុខរវាង សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុណ្ណោះទេ ប៉ុន្តែអាចក្លាយជាវិបត្តិដែល បម្លែងទីផ្សារថាមពល និងតុល្យភាពអំណាចនយោបាយនៅលើពិភពលោកទាំងមូល។
ក្នុងន័យនេះ សង្គ្រាមនេះ អាចមិនត្រឹមតែជាការប្រកួតប្រជែងលើសមរភូមិយោធាទេ ប៉ុន្តែជាការប្រកួតប្រជែងលើ អនាគតនៃលំដាប់អំណាចពិភពលោក មានន័យថា ក្នុងទសវត្សរ៍ខាងមុខ តើនរណានឹងអាចរក្សាឥទ្ធិពល និងគ្រប់គ្រងល្បែងយុទ្ធសាស្ត្រពិភពលោកបានល្អជាងគេ?
សេចក្ដីសន្និដ្ឋាន៖
ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបង្ហាញថា សង្គ្រាមសម័យថ្មី មិនមែនជាការប្រយុទ្ធយោធាប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងរវាងអំណាចយោធា សម្ពាធសេដ្ឋកិច្ច និងយុទ្ធសាស្ត្រគ្រប់គ្រងពេលវេលា។ ទោះជាយ៉ាងណាក្តី នៅពេលដែលសង្គ្រាម បានបន្តអូសបន្លាយអស់រយៈពេល ពីរសប្តាហ៍ មកហើយ អ្នកវិភាគជាច្រើនកំពុងបង្ហាញការព្រួយបារម្ភថា សហរដ្ឋអាមេរិកអាចមិនត្រឹមតែមិនអាចបំបាក់សមត្ថភាពយោធារបស់អ៊ីរ៉ង់បានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាច ផុងខ្លួនកាន់តែជ្រៅក្នុងជម្លោះដែលអូសបន្លាយយូរ ប្រសិនបើសង្គ្រាមបន្តពង្រីក។ ក្នុងទស្សនៈនេះ អ្នកវិភាគខ្លះបានលើកឡើងថា យុទ្ធសាស្ត្ររបស់ទីក្រុងតេអេរ៉ង់ អាចមិនមែនផ្តោតលើការឈ្នះក្នុងសមរភូមិយោធាដោយផ្ទាល់នោះទេ ប៉ុន្តែជាការបង្កឱ្យសង្គ្រាមអូសបន្លាយ ដើម្បីបង្កសម្ពាធលើសេដ្ឋកិច្ច និងនយោបាយរបស់សហរដ្ឋអាមេរិក។
បើសិនជាជម្លោះបន្តអូសបន្លាយ ស្ថានភាពនេះ អាចនាំឱ្យមានភាពស្រដៀងគ្នាមួយចំនួនជាមួយជម្លោះធំៗផ្សេងទៀត ដែលបានធ្វើឱ្យមហាអំណាចជាប់ក្នុងសង្គ្រាមយូរ និងមានការចំណាយខ្ពស់ ដូចជាករណីរុស្ស៊ីនៅអ៊ុយក្រែន ជាដើម។
ដូច្នេះ នៅក្នុងដំណាក់កាលនេះ អ្វីដែលអ្នកវិភាគ កំពុងតាមដាន មិនមែនត្រឹមតែថា នរណាអាចឈ្នះក្នុងសមរភូមិយោធាប៉ុណ្ណោះទេ ប៉ុន្តែគឺថា នរណាអាចអត់ធ្មត់ និងគ្រប់គ្រងសម្ពាធយុទ្ធសាស្ត្ររយៈពេលវែងបានល្អជាងគេ?














