FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគារសិក្សា២ខ្នង មាន១៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាព្រៃស ខណ្ឌដង្កោ ជាអំណោយក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស-ក្រុមហ៊ុនមេ ជីបម៉ុង បានរៀបចំធ្វើពិធីក្រុងពាលីបើកការដ្ឋានសាងសង់

14-03-2026 16:15

(ភ្នំពេញ)៖ ការដ្ឋានសាងសង់ អគារសិក្សា២ខ្នង មានចំនួន១៥បន្ទប់ នៅក្នុងសាលាបឋមសិក្សាព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ដែលជាអំណោយក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស-ក្រុមហ៊ុនមេ ជីបម៉ុង បានរៀបចំធ្វើពិធីក្រុងពាលី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា លាង ម៉េង និងលោកជំទាវអ្នកឧកញ៉ា ភាព ហៀក និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមន្ត្រីរាជការជាច្រើនរូប។

ពិធីក្រុងពាលីតាមបែបសាសនានេះ ធ្វើឡើងដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យ ក្នុងការបើកការដា្ឋនសាងសង់សាលាបឋមសិក្សាព្រៃស។ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះ ប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន គេតែងប្រារព្វពិធីនេះឡើង មិនដែលខកខានឡើយ។

សាលាបឋមសិក្សាព្រៃស មានផ្ទៃដីជិត១ហិចតា និងមានទីតាំងស្ថិតពីក្រោយវត្តធម្មត្រ័យ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយអគារសិក្សាមានចំនួនតិច ចាស់ទ្រុឌទ្រោម និងចំនួនសិស្សានុសិស្សចេះតែកើនឡើងជាលំដាប់ ទើបរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យវិស័យឯកជនជួយ ហើយត្រូវបានក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស-ក្រុមហ៊ុនមេ ជីបម៉ុង ជួយសាងសង់ និងបានសម្រេចឲ្យមានពិធីក្រុងពាលីបើកការដ្ឋានសាងសង់នាពេលនេះ។

សូមជម្រាបថា អគារសិក្សាដែលត្រូវសាងសង់ថ្មី ចំនួន២ខ្នង នៅសាលាបឋមសិក្សាព្រៃសនេះ ត្រូវសាងសង់ឡើងជា២ដំណាក់កាល ដោយដំណាក់កាលទី១ សាងសង់អគារ១ខ្នង កំពស់១ជាន់ ស្មើ៥បន្ទប់ ប្រើប្រាស់រយៈពេល៦ខែ។ ក្រោយបញ្ចាប់ការសាងសង់ដំណាក់កាលទី១ គឺឲ្យសិស្សានុសិស្ស ចូលមករៀនអគារថ្មីនេះ ហើយបន្ទាប់មកក្រុមហ៊ុន នឹងធ្វើការរុះរើអគារចាស់ចោល រួចបន្តសាងសង់អគារថ្មីមួយអគារទៀត (លើទីតាំងអគារចាស់) ដោយសាងសង់អគារថ្មី១ខ្នងទៀត មានកំពស់២ជាន់ស្មើ និង១០បន្ទប់ ដោយប្រើរយៈពេលសាងសង់ចំនួន៨ខែ។

ក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមរដ្ឋបាលរាជធានី និងក្នុងនាមប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ សូមថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនខ្មែរប៊ែវើរីជីស-ក្រុមហ៊ុនមេ ជីបម៉ុង ដែលបានជួយសាងសង់អគារសិក្សាដ៏ប្រណិតខាងលើនេះ។ នេះជាការចូលរួមចំណែកដ៏សំខាន់បំផុត លើវិស័យអប់រំ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាទំពាំងស្នងឫស្សីសម្រាប់ប្រទេសជាតិយើង៕