វិភាគអន្តរជាតិ៖ ខណៈអាមេរិកជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ហេតុអ្វីចិនកាត់បន្ថយសកម្មភាពយោធាក្បែរតៃវ៉ាន់?
12-03-2026 20:29
(វ៉ាស៊ីនតោន)៖ ជាច្រើនឆ្នាំមកនេះ ចិនតែងតែបញ្ជូនយន្ដហោះចម្បាំងឱ្យធ្វើសកម្មភាពហោះហើរនៅជុំវិញកោះតៃវ៉ាស្ទើរតែជារៀងរាល់ថ្ងៃ។ ប៉ុន្តែជាច្រើនថ្ងៃមកនេះ តៃវ៉ាន់បែរជាកំពុង ប្រឈមមុខនឹងសំណួរមួយដែលគ្មានការរំពឹងទុកថាតើយន្ដហោះចម្បាំងចិនទាំងនោះបាត់ទៅណាហើយ? ក្នុងរយៈពេ ល១២ថ្ងៃក្នុងចំណោម១៣ថ្ងៃចុងក្រោយនេះ មិនមានយន្ដហោះយោធាចិនត្រូវបានរាយការណ៍ថាហោះហើរនៅក្បែរកោះតៃវ៉ាន់នោះទេ លើកលែងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនដែលមានយន្ដហោះយោធាចិន២គ្រឿងត្រូវបាន ប្រទះឃើញហោះចូលទៅក្បែរតៃវ៉ាន់។ នេះបើតាមទិន្នន័យប្រចាំថ្ងៃត្រូវបានចេញផ្សាយដោយក្រសួងការពារជាតិតៃវ៉ាន់។
លោក Ben Lewis ជាស្ថាបនិកគេហទំព័រ PLATracker ជាគេហទំព័រមួយដែលប្រមូលទិន្នន័យពីក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថាវាជាការផ្លាស់ប្ដូរមួយដែលគេមិនធ្លាប់ បានឃើញពីមុនមក។ លោកបន្ថែមថា «ការថយចុះចំនួនយន្ដហោះចម្បាំងចិនធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់មានរយៈពេលយូរបំផុតគឺក្នុងឆ្នាំ២០២១ ដែលក្នុងរយៈពេល៣សប្ដាហ៍ ជាប់ៗ គ្នាគេឃើញមានយន្ដហោះចម្បាំងចិនត្រឹម៥គ្រឿងប៉ុណ្ណោះ ហើយមួយផ្នែកនៃការថយចុះនេះគាប់ជួនមានព្យុះត្រូពិកមួយបក់បោកលើតៃវ៉ាន់។ ប៉ុន្តែ ក្នុងពេលនេះ ស្ថានការណ៍ អាកាសធាតុមានសភាពស្ងប់ស្ងាត់ជាធម្មតា។
តាមពិតទៅ ការថយចុះចំនួនយន្ដហោះចម្បាំងធ្វើសកម្មភាពនៅជុំវិញកោះតៃវ៉ាន់មិនមែនជារឿងថ្មីនោះទេ ជាពិសេសអំឡុងមហាសន្និបាតនៃសភាទាំង២របស់ចិនដែលនឹងបិទបញ្ចប់ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២៦។ ក៏ប៉ុន្តែ បើតាម PLATracker កន្លងមក សកម្មភាពរបស់យន្ដហោះចម្បាំងចិនក៏មិនស្ងាត់ពេកដូចពេលនេះនោះដែរ។ ការថយចុះ នេះទៀតសោតជារឿងមួយគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងយុទ្ធនាការបង្កើនការធ្វើសកម្មភាពយោធារបស់ចិននៅក្បែរតៃវ៉ាន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ តៃវ៉ាន់បានកត់ត្រាជាមធ្យម ក្នុងមួយថ្ងៃយ៉ាងហោច មានយន្ដហោះចម្បាំងចិន១០គ្រឿងធ្វើសកម្មភាពហោះហើរក្បែរដែនកោះរបស់ខ្លួន កាលពីឆ្នាំ២០២៥ ហើយមានថ្ងៃខ្លះអាចហក់ឡើងដល់រាប់សិបគ្រឿង។
ជុំវិញភាពស្ងប់ស្ងាត់នៃសកម្មភាពយោធាចិនផងដែរ ក្រុមអ្នកវិភាគបានផ្ដល់ហេតុផលមួយចំនួន ក្នុងនោះរួមមានទាំងដោយសារតែចិនកំពុងត្រៀមរៀបចំស្វាគមន៍ដំណើរទស្សនិច្ចរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ទីក្រុងប៉េកាំង និងកិច្ចប្រជុំកំពូលដែលបានគ្រោងទុកជាមួយលោក ស៊ី ជីនពីង នៅចុងខែមីនានេះ។ ចិនក៏ប្រហែលជាកំពុង សន្សំសំច្ចៃប្រេងឥន្ធនៈផងដែរ ខណៈតម្លៃប្រេងកំពុងហក់ឡើងខ្ពស់ដោយសារតែសង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងអ៉ីរ៉ង់។ ក្រុមអ្នកវិភាគភាគច្រើនបានច្រាលចោល ចំពោះការលើកឡើងថាទីក្រុងប៉េកាំងមានចេតនាកាត់បន្ថយភាពតានតឹង ដើម្បីត្រៀមលក្ខណៈធ្វើសង្រ្គាមវាយគ្រប់គ្រងតៃវ៉ាន់។
ក្រសួងការពារជាតិចិនមិនបានធ្វើអត្ថាធិប្បាយអ្វីទេអំពីការថយចុះចំនួនយន្ដហោះចម្បាំងចិនធ្វើសកម្មភាពក្បែរកោះតៃវ៉ាន់។ ដោយឡែក រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Wellington Koo កាលពីសប្ដាហ៍មុនបានព្រមានប្រឆាំងនឹងការបកស្រាយថាការធ្លាក់ចុះនៃសកម្មភាពយន្ដហោះចម្បាំងចិន មានន័យថាប៉េកាំងកំពុងដកការគំរាមកំហែងយោធា ចេញពីតៃវ៉ាន់ ជាពិសេសក្នុងគ្រាដែលកងទ័ពជើងទឹកចិននៅតែបន្តធ្វើសកម្មភាពជុំវិញតៃវ៉ាន់។ លោក Brian Hart ជាអ្នកវិភាគម្នាក់ពីចិនមកពីមជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ បាននិយាយថាផ្អែកលើពេលវេលា និងកត្តាគួបផ្សំជាច្រើនទៀត វាពិតជាពិបាកបកស្រាយណាស់ថាតើអ្វីទៅជាហេតុផលពិតប្រាកដនៅពីក្រោយថយចុះចំនួន យន្ដហោះចម្បាំងចិនដែលធ្វើសកម្មភាពនៅក្បែរតៃវ៉ាន់។
លោក Brian Hart និងអ្នកជំនាញផ្សេងទៀត រួមទាំងក្រុមមន្ត្រីតៃវ៉ាន់បាននិយាយថាគេត្រូវរង់ចាំមើលថាតើសកម្មភាពហោះហើររបស់យន្ដហោះចម្បាំងចិននឹងកើនឡើង នៅបន្ទាប់ពី មហាសន្និបាតនៃសភាទាំង២របស់ចិនដែរឬក៏យ៉ាងណា? តាមក្រុមអ្នកវិភាគមួយចំនួន លោក ស៊ី ជីនពីងប្រហែលជាចង់ប្រើប្រាស់ការថយចុះសកម្មភាពយន្ដហោះចម្បាំងចិន នៅមុន ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជំរុញការអះអាងរបស់លោកដែលថាគឺតៃវ៉ាន់ មិនមែនចិនទេដែលជាអ្នកបង្កភាពតានតឹង។ «ដោយសារតែរដ្ឋបាលលោក ត្រាំ កំពុងជាប់ដៃធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់ ខ្ញុំគិតថាលោក ស៊ី ជីនពីងមិនចង់ឱ្យលោក ត្រាំ យល់ថាទីក្រុងប៉េកាំងកំពុងចាក់សាំងលើភ្លើងដែលកំពុងឆេះស្រាប់នោះទេ»។ នេះជាការយល់ ឃើញរបស់លោក Ou Hsi Fu ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីវិទ្យាស្ថានសម្រាប់ការសិក្សាពីវិស័យការពារជាតិ និងស្រាវជ្រាវសន្តិសុខមានមូលដ្ឋានក្នុងទីក្រុងតៃប៉ិ និងទទួលមូលនិធិ ពីរដ្ឋាភិបាលតៃវ៉ាន់។
លោក Ou បានបន្ថែមថា «ទីក្រុងប៉េកាំងចង់ឱ្យកិច្ចប្រជុំកំពូលរវាងលោក ស៊ី ជីនពីង និងលោក ត្រាំ ដំណើរការទៅដោយរលូន ដើម្បីអាចរក្សាមុខមាត់របស់ចិនក្នុងនាមជាមហាអំណាច មួយស្មើមុខស្មើមាត់ជាមួយសហរដ្ឋអាមេរិក»។ ប៉ុន្តែព្រមពេលជាមួយគ្នា អ្នកជំនាញមួយចំនួនទៀត ជឿថាការថយចុះសកម្មភាពហោះហើររបស់យន្ដហោះចម្បាំងចិនក្បែរតៃវ៉ាន់ អាចឆ្លុះបញ្ចាំងពីផលរំខានបង្កឡើងដោយការបោសសម្អាតឧត្តមសេនីយ៍កំពូលៗនៅក្នុងជួរកងទ័ពអាកាសចិន ក្នុងនោះរួមមានទាំងឧត្តមសេនីយ៍នៃទីបញ្ជាការភូមិភាគខាងកើតដែល ទទួលបន្ទុកលើបញ្ហាតៃវ៉ាន់។ យ៉ាងណាក៏ដោយ សម្រាប់លោក K. Tristan Tang ជាអ្នកវិភាគម្នាក់មកពី National Bureau of Asian Research វាអាចលទ្ធភាពផ្សេងទៀត នោះគឺកងទ័ពអាកាសចិនមានបំណងធ្វើការកែប្រែ ឬកែសម្រួលឡើងវិញនូវការបណ្ដុះបណ្ដាលជាប្រចាំរបស់ខ្លួន។
បើតាមអ្នកវិភាគរូបនេះ ដោយផ្អែកលើលំនាំកាលពីពេលថ្មីៗនេះដែលមិនមានយន្ដហោះចម្បាំងចិនហោះហើរអស់ជាច្រើនថ្ងៃ បើធៀបទៅនឹងកាលពីឆ្នាំមុនៗ ការថយចុះសកម្មភាពហោះហើរ របស់យន្ដហោះចម្បាំងចិននៅក្បែរកោះតៃវ៉ាន់ ជាអ្វីដែលបានកើតឡើងបន្តិចម្ដងៗរួចទៅហើយអស់រយៈពេលកន្លះឆ្នាំមកនេះ គ្រាន់តែភាពខុសប្លែកគ្នានៃការថយចុះនេះបានលេចឡើងកាន់តែច្បាស់ ក្នុងពេលថ្មីៗនេះតែប៉ុណ្ណោះ៕









