មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជា៖ គម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ កម្ពុជា-ចិន នឹងរួមគ្នាលុបបំបាត់ពាក្យចចាមអារ៉ាមមិនល្អ និងបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាពប្រទេសទាំងពីរ
12-03-2026 20:33
(ភ្នំពេញ)៖ លោក ចេន ចុង អគ្គទីប្រឹក្សានៃស្ថានទូតចិន ប្រចាំកម្ពុជា បានលើកឡើងអំពីសារៈសំខាន់នៃគម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» ដែលជាបេសកកម្មរួមគ្នា ភាគីកម្ពុជា និងចិន នឹងរួមគ្នាខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយលុបបំបាត់ពាក្យចចាមអារ៉ាមមិនល្អ និងបង្កើតព័ត៌មានល្អៗសម្រាប់រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។
ការលើកឡើងបែបនេះរបស់លោក ចេន ចុង បានធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសលោក និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញបើកសម្ពោធការអនុវត្តគម្រោង «យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ៖ ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងព័ត៌មានបំភ្លៃ» ក្រោមមូលនិធិពិសេសនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។
ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្តទាំង២៥ សមាគមសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិជាច្រើនរូប។ គម្រោងនេះ មានរយៈពេល ១ឆ្នាំ ដោយចាប់ផ្តើមអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៦ ដែលមានការចូលរួមពីប្រទេសកម្ពុជា ចិន ឡាវ វៀតណាម និងប្រទេសមីយ៉ាន់មា។
ថ្លែងក្នុងពិធីបើកសម្ពោធគម្រោង លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖ «តួអង្គដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺសារព័ត៌មាន និងប្រជាពលរដ្ឋ។ ដូច្នេះ វិធានការដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ គឺការផ្សព្វផ្សាយ និងទទួលបានព័ត៌មានពិតក្នុងចំណោម
ប្រជាពលរដ្ឋ។ ដើម្បីសម្រេចបាននូវវិធានការនេះ កាតព្វកិច្ចដ៏សំខាន់ដែលប្រទេសទាំងអស់នៅលើសកលលោក ត្រូវតែយកចិត្តទុកដាក់ គឺការពង្រឹងសន្តិសុខព័ត៌មាន ដើម្បីធានាការទទួលបានព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន»។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងអំពីសារៈសំខាន់នៃការទូតព័ត៌មានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលកម្ពុជាបានឈានមុខគេក្នុងតំបន់ លើការពង្រឹងការទូតព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយគ្រប់ប្រទេសទាំងអស់បាននឹងកំពុងប្រឈមក្នុងសម័យឌីជីថលនេះ។
គម្រោងនេះត្រូវបានអនុវត្តឡើងក្នុងគោលបំណង (១). បង្កើនការយល់ដឹងដល់សាធារណជនទាំងនៅក្នុងប្រទេសកម្ពុជា ទាំងនៅក្នុងមហាអនុតំបន់មេគង្គ អំពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយគ្រប់ទម្រង់ និងគ្រប់មធ្យោបាយដែលមកពីប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ
(២). លើកកម្ពស់អក្ខរកម្មព័ត៌មាន គុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មាន និងពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយក្នុងការស្រាវជ្រាវ និងផ្ទៀងផ្ទាត់ព័ត៌មាន។ ក្នុងការអនុវត្តគម្រោងនេះ ក្រសួងព័ត៌មាននឹងរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ ជាលក្ខណៈតំបន់ (១). យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយ (២). វេទិកាសារព័ត៌មាន ដោយផ្តោតជាសំខាន់លើវិធានការទប់ស្កាត់ការរីករាលដាលនៃព័ត៌មានក្លែងក្លាយឆ្លងដែន (៣). កម្មវិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាស្តីពីការលុបបំបាត់ព័ត៌មានក្លែងក្លាយល្អជាងគេ។
តាមការរំពឹងទុកគម្រោងនេះនឹងរួមចំណែកថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយនៅក្នុងតំបន់តាមរយៈការគ្រប់គ្រងសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន និងសន្តិសុខព័ត៌មាន និងការពង្រឹងការទូតព័ត៌មាន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់និងសកលលោក និងផ្សារភ្ជាប់ទំនាក់ទំនងរវាង
ប្រជាជន និងប្រជាជននៃបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ និងនៅក្នុងសកលលោក សំដៅថែរក្សាសន្តិភាព និងវិបុលភាពរួមគ្នា។
តាមរយៈបទពិសោធរបស់ក្រសួងព័ត៌មាន ក្នុងការរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយក្រោមប្រធានបទ «និយាយទេ ចំពោះព័ត៌មានក្លែងក្លាយ» នៅទូទាំងប្រទេសកម្ពុជា យុទ្ធនាការលុបបំបាត់ព័ត៌មានក្លែងក្លាយកម្រិតមហាអនុតំបន់មេគង្គ ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹង
ជួយពង្រឹងតួនាទីដ៏សកម្មរបស់កម្ពុជា ក្នុងការចូលរួមជាមួយប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ ក៏ដូចប្រទេសផ្សេងៗទៀត ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានភាន់ច្រឡំ (Misinformation) ជាពិសេសព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ដែលបាននឹងកំពុងចរាចរនៅលើបណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន ខណៈដែលបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យការទទួល និងផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពងាយស្រួល រហ័សប៉ុន្តែវាក៏បង្កហានិភ័យខ្ពស់ ដែលយើងទាំងអស់គ្នាចាំបាច់ត្រូវចូលរួមបង្ការ និងលុបបំបាត់ព័ត៌មានក្លែងក្លាយតាមរយៈការផ្សព្វផ្សាយព័ត៌មានពិត៕

























