ក្រោយពលរដ្ឋរាយការណ៍តាមអន្តរាគមន៍បន្ទាន់១២៩២! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះទៅចាប់បុរសម្នាក់ភ្លាមៗដែលគំរាមសម្លាប់ម្តាយបង្កើត ដុតផ្ទះ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះស្ទើរតែគ្មានសល់ (Video inside)
12-03-2026 17:14
(កំពង់ស្ពឺ)៖ បុរសម្នាក់បានគំរាមសម្លាប់ម្តាយបង្កើតរបស់ខ្លួន ដុតផ្ទះ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះស្ទើរតែគ្មានសល់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះបង្ក្រាប និងឃាត់ខ្លួនបានភ្លាមៗ។
ប្រតិបត្តិការនេះ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២២:០០នាទីយប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ខណៈដែលមណ្ឌលប្រតិបត្តិការ Hotline ១២៩២ បានទទួលការហៅទូរសព្ទពីឈ្មោះ ដូង មិនា ភេទស្រី អាយុ៤១ឆ្នាំ រាយការណ៍អំពីករណីហិង្សាក្នុងគ្រួសារ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលកើតឡើងនៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រោយពីទទួលព័ត៌មាន កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ដូង ឧត្តម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនរងគ្រោះត្រូវជាម្តាយមានឈ្មោះ ជឹម អូន អាយុ៦២ឆ្នាំ។ វត្ថុតាងដកហូតរួមមាន៖ កាំបិតផ្គាក់ ចំនួន ០១ ដើម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមទប់ស្កាត់ និងរាយការណ៍ភ្លាមៗ តាមរយៈលេខអន្តរាគមន៍បន្ទាន់ ១២៩២ នៅពេលប្រទះឃើញ ឬសង្ស័យថាមានអំពើហិង្សា ឬករណីផ្សេងៗ ដើម្បីឱ្យសមត្ថកិច្ចអាចអន្តរាគមន៍បានទាន់ពេលវេលា និងរួមគ្នាកសាងសង្គមមានសន្តិសុខ សុវត្ថិភាព និងសុខដុមរមនា។
អំពើហិង្សាក្នុងគ្រួសារ គឺជាអំពើខុសច្បាប់ និងប៉ះពាល់ធ្ងន់ធ្ងរដល់សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសន្តិសុខក្នុងសង្គម៕



