អាជ្ញាធរខេត្តត្បូងឃ្មុំ ចុះរុះរើតូបអនាធិបតេយ្យមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈ
12-03-2026 17:08
(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលខេត្តត្បូងឃ្មុំ បានចុះរុះរើសំណង់តូបអនាធិតេយ្យ នៅចំណុចមុខមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ស្ថិតនៅទីរួមខេត្តត្បូងឃ្មុំ។
កិច្ចការងារនេះ ក្នុងគោលដៅដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ អនាម័យ និងសោភ័ណភាពនៅមុខមន្ទីរពេទ្យ ក៏ដូចជាសោភ័ណភាពរបស់រដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងខេត្ត, លោក យ៉ាំ សុភឿង អភិបាលរងស្រុកត្បូងឃ្មុំ និងតំណាងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដោយបានបើកយុទ្ធនាការចុះរុះរើសំណង់តូប អនាធិបតេយ្យចំនួន៨តូប ដែលសង់រំលោភលើចិញ្ចើមផ្លូវ នៅចំណុចមុខមន្ទីរពេទ្យ។
បើតាមក្រុមការងារចម្រុះ បានឲ្យដឹងថា ប្រតិបត្តិការ រុះរើនាពេលនេះ ធ្វើឡើងតាមការចង្អុលបង្ហាញផ្ទាល់ពី លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងទទួលបានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនខេត្តត្បូងឃ្មុំ។
គួររំលឹកថា មុនការចុះរុះរើនាថ្ងៃនេះ ក្រុមការងារបានចុះរៀបចំ ណែនាំ ធ្វើកំណត់ហេតុ និងពន្យល់អប់រំ ដល់អាជីវករត្រូវរុះរើសំណង់អនាធិបតេយ្យទាំងនោះ ចេញដោយខ្លួនឯង ហើយទុករយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦តទៅ។
ក្នុងករណីប្រជាពលរដ្ឋ ឬអាជីវករទាំងនោះ មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរទេ ក្រុមការងារជំនាញ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងចុះរុះរើសំណង់មិនរៀបរយទាំងនោះ ដោយមិនទទួលខុសត្រូវ ចំពោះការបាត់បង់សម្ភារៈ និងការខូចខាតសម្ភារៈផ្សេងៗនោះឡើយ៕






