រដ្ឋបាលខេត្តសៀមរាប បើកកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលសមាជិក ដែលជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងខេត្តតាមគំរូថ្មី
12-03-2026 16:56
(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះ បានកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពសំណុំឯកសារ ពាក្យសុំចូលសមាជិក ដែលជាសមាជិកអតីតយុទ្ធជន និងនិវត្តជនកម្ពុជាទូទាំងខេត្តតាមគំរូថ្មី និងការចាប់ផ្ដើមទទួលពាក្យសុំចូលសមាជិកតាមវិស័យដែលជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជនពីវិស័យមហាផ្ទៃ ព្រមទាំងវិស័យការពារជាតិ។
ក្នុងឱកាសនោះ លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវបានបង្កើតឡើងដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានគិតគូរ និងដោះស្រាយការលំបាកជូនអតីតយុទ្ធជន និងនិវត្តជន រាប់តាំងពីពេលនៅជាមន្រ្តីរាជការរហូតដល់ពេលចូលនិវត្តន៍។
លោកក៏បានជំរុញយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីទទួលបន្ទុកការងារសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ត្រូវពន្លឿនការស្រង់ទិន្នន័យ និងពិនិត្យសំណុំឯកសារឱ្យបានត្រឹមត្រូវបំផុត ដោយត្រូវរៀបចំប្រព័ន្ធទិន្នន័យឱ្យច្បាស់លាស់ ដើម្បីឱ្យការចុះសួរសុខទុក្ខ ការផ្តល់ជំនួយ និងការអនុវត្តសិទ្ធិនានា ជូនដល់អតីតយុទ្ធជន យុទ្ធនារី និងគ្រួសារសព ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។
លោក ឌី រ៉ាដូ ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធទាំងអស់ សូមជួយជ្រោមជ្រែងទាំងស្មារតី សម្ភារ និងមធ្យោបាយ ដើម្បីទ្រទ្រង់សកម្មភាពសមាគម ព្រោះនេះជាភារកិច្ចរួមក្នុងការលើកកម្ពស់ជីវភាពបងប្អូនដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមខេត្ត បានឱ្យដឹងថា បច្ចុប្បន្នសមាគមខេត្តមានសមាជិកសរុប ៦ ៦៨៧នាក់ ក្នុងនោះមាននិវត្តជន ២ ៧៥៣នាក់, ជនពិការ ១ ៩៥៣នាក់, ជនបាត់បង់សមត្ថភាពពលកម្ម ១៣៨នាក់, គ្រួសារពលី ១ ៦៦៣គ្រួសារ និងគ្រួសារមរណៈ ១៨០នាក់។
លោកឧត្តមសេនីយ៍ទោ បានបន្តថា ក៏មាននិវត្តជន និងមន្ត្រីរាជការស៊ីវិលសរុបប្រមាណ ២ ១០៥នាក់ទៀត ដែលមិនទាន់បានចូលជាសមាជិក។ តាមការរំពឹងទុក ការអនុវត្តលក្ខន្តិកៈថ្មីនេះ នឹងធ្វើឱ្យចំនួនសមាជិកកើនឡើងដល់ ៨ ៧៩២នាក់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានលើកពីបញ្ហាប្រឈមខ្លាំងទាក់ទងនឹង ដីសម្បទានសង្គមកិច្ច នៅទីតាំងស្រុកបន្ទាយស្រី និងស្រុកស្រីស្នំ ដែលត្រូវបានជនខិលខូច និងឈ្មួញរំលោភបំពានកាន់កាប់។ បញ្ហានេះបានធ្វើឱ្យគ្រួសារអតីតយុទ្ធជនចំនួន ២៨៨គ្រួសារ ដែលខ្វះខាតដីធ្លី និងផ្ទះសម្បែងពិតប្រាកដ នៅមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ៕











