ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្រ្តាក់ ចំនួន១៦គ្រួសារ នៅឃុំបួរ ទទួលបានអំណោយមនុស្សធម៌ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក
12-03-2026 16:52
(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំព្រឹក ដឹកនាំដោយលោក សុង សុភ័ក្រ អភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការអនុសាខា ព្រមទាំងសហការី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ចើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សប្បុរសជនតាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់បណ្ដាលឲ្យប៉ើង ដំបូលផ្ទះ សរុបចំនួន១៦គ្រួសារ ក្នុងនោះប៉ើងបំបូងទាំងស្រុងចំនួន៦ខ្នងផ្ទះ ,ប៉ើងដំបូលធ្ងន់ធ្ងរចំនួន ៥ខ្នងផ្ទះ,និងដោយអន្លើងចំនួន៦ខ្នងផ្ទះដែលមានទីលំនៅក្នុងភូមិចំនួន៣នៃ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ថ្លែងក្នុងឱកាសសំណេះសំណាលនេះ លោក សុង សុភ័ក្ភ្រ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្ដែងនូវការសោកស្ដាយចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ របស់បងប្អូន ដែលនេះជាគ្រោះមហន្តរាយបង្កដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។
លោកប្រធានអនុសាខាបានបន្តទៀតថាជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ពោលគឺទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា ។
ទន្ទឹមនោះ លោកប្រធានអនុសាខាក៏បានអំពាវនាវប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាពត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិគ្រោះ ឬព្យាបាលបានទាន់ពេលវេលា។
ប្រជាពលរដ្ឋរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ ជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះគ្រប់រូបទាំងអស់ ដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។
ប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណអាជ្ញាធរមូលដ្ឋាន និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភ និងជ្រោមជ្រែងដល់ពួកគាត់ក្នុងស្ថានភាពលំបាកបែបនេះ។
សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ២០គីឡូក្រាម, មី ១កេះ ទឹកត្រី ១យួរ ត្រីខ១យួរ ប៊ីចេង ១កញ្ចប់ ខ្ទឹមស ១គីឡូ ដោយឡែកប្រជាពលរដ្ឋដែលប៉ើងដំបូលទាំងស្រុងចំនួន៦ខ្នង ទទួលសង្ក័សីបន្ថែមចំនួន១០សន្លឹងក្នុង១គ្រួសារ ផងដែរ៕










