Fresh Exclusive: អ៊ីរ៉ង់ព្រមានពិភពលោកអំពីតម្លៃប្រេងឡើងដល់២០០ដុល្លារ៖ តើអាស៊ី និងកម្ពុជា គួរត្រៀមខ្លួនដូចម្តេចមុនរលកអស្ថិរភាពសេដ្ឋកិច្ចវាយមកដល់?
12-03-2026 16:57
(ភ្នំពេញ)៖ សង្គ្រាមអ៊ីរ៉ង់ កំពុងធ្វើឱ្យពិភពលោក ប្រឈមមុខនឹងភាពភ័យរន្ធត់លើការឡើងថ្លៃប្រេងឥន្ធនៈ ដែលជាកត្តាសំខាន់មួយអាចរុញឱ្យតម្លៃទំនិញកាន់តែឡើងថ្លៃ។ អ៊ីរ៉ង់បានព្រមានថា តម្លៃប្រេងអាចឡើងដល់២០០ដុល្លារក្នុងមួយបារ៉ែល ខណៈសហរដ្ឋអាមេរិកកំពុងប្រើយុទ្ធសាស្ត្រពីរ ដើម្បីទប់ទល់នឹងវិបត្តិនេះគឺយុទ្ធសាស្ត្រថាមពល និងយុទ្ធសាស្ត្រយោធា។
សំណួរធំមួយកំពុងកើតឡើងថា៖ តើកម្ពុជា និងបណ្តាប្រទេសនៅអាស៊ី គួរត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីប្រឈមមុខនឹងភាពអស្ថិរភាពនៃតម្លៃប្រេង និងផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតឡើងនៅចំពោះមុខនេះ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយជុំវិញបញ្ហានេះ...
នៅពេលសង្គ្រាមមួយផ្ទុះឡើងនៅមជ្ឈិមបូព៌ា មនុស្សជាច្រើនតែងសម្លឹងមើលទៅលើគ្រាប់មីស៊ីល យន្តហោះចម្បាំង និងទីតាំងយោធាជាគោល។ ប៉ុន្តែក្នុងវិបត្តិអ៊ីរ៉ង់បច្ចុប្បន្ន អ្វីដែលកំពុងស្ថិតនៅចំកណ្តាលនៃសមរភូមិ មិនមែនមានតែអាវុធទេ។ វាគឺជា «ប្រេង» ដែលជាសរសៃឈាមថាមពលរបស់សេដ្ឋកិច្ចពិភពលោក។ ពេលនាវា ត្រូវវាយប្រហារក្នុងតំបន់ឈូងសមុទ្រ, ពេលអ៊ីរ៉ង់គំរាមឱ្យពិភពលោកត្រៀមខ្លួនសម្រាប់តម្លៃប្រេង $200 ក្នុងមួយបារ៉ែល និងពេលសហរដ្ឋអាមេរិកសម្រេចបញ្ចេញប្រេង ១៧២លានបារ៉ែលពីស្តុកបម្រុងយុទ្ធសាស្ត្រ អ្វីទាំងនោះ បានបង្ហាញយ៉ាងច្បាស់ថា សង្គ្រាមនេះកំពុងបម្លែងខ្លួនទៅជាការប្រកួតគ្នារវាងយុទ្ធសាស្ត្រថាមពល និង យុទ្ធសាស្ត្រយោធា។
ចំណុចគួរឱ្យចាប់អារម្មណ៍បំផុត គឺសហរដ្ឋអាមេរិក មិនបានឆ្លើយតបតែដោយកម្លាំងទ័ពទេ។ វ៉ាស៊ីនតោន ក៏កំពុងឆ្លើយតបដោយកម្លាំងទីផ្សារថាមពលផងដែរ។ Reuters និង Financial Times រាយការណ៍ថា អាមេរិកនឹងបញ្ចេញប្រេង ១៧២លានបារ៉ែលពីស្តុកប្រងបំរុងយុទ្ធសាស្ត្រ Strategic Petroleum Reserve ក្នុងរយៈពេលប្រមាណ ១២០ថ្ងៃ ជាផ្នែកមួយនៃការបញ្ចេញប្រេងសរុប ៤០០ លានបារ៉ែល ដែលសម្របសម្រួលដោយទីភ្នាក់ងារថាមពលអន្តរជាតិ IEA International Energy Agency ដើម្បីទប់ការកើនឡើងនៃតម្លៃថាមពល និងព្យាយាមបន្ថយភាពភ័យស្លន់ស្លោរបស់ទីផ្សារ។ នេះមានន័យថា អាមេរិកកំពុងដើរយុទ្ធសាស្ត្រ «ប្រើដៃពីរ» ក្នុងពេលតែមួយ៖ ដៃមួយប្រើកម្លាំងយោធានិងការគ្រប់គ្រងច្រកសមុទ្រ ដៃមួយទៀតប្រើស្តុកប្រេង និងយន្តការសេដ្ឋកិច្ច ដើម្បីទប់សង្គ្រាម មិនឱ្យបំផ្លាញខ្នងសេដ្ឋកិច្ចរបស់ខ្លួន និងសម្ព័ន្ធមិត្ត។
បើសង្ខេបឱ្យខ្លីសង្គ្រាមអ៊ីរ៉ង់នៅពេលនេះ មិនមែនត្រឹមជាសង្គ្រាមលើដែនអាកាស ឬសង្គ្រាមសងសឹកទេ។ វាកំពុងក្លាយជា សង្គ្រាមលើតម្លៃប្រេង សេដ្ឋកិច្ច និងសមត្ថភាពរបស់រដ្ឋនានាក្នុងការទប់ទល់នឹងរលកថ្លៃដើមថ្មី។ សម្រាប់អាស៊ី ដែលជាតំបន់នាំចូលប្រេងធំបំផុតរបស់ពិភពលោក និងពឹងផ្អែកយ៉ាងខ្លាំងលើលំហូរថាមពលពីមជ្ឈិមបូព៌ា គ្រោះថ្នាក់មិនមែនស្ថិតតែតម្លៃសាំងឡើងថ្លៃទេ ប៉ុន្តែស្ថិតនៅលើហានិភ័យនៃអតិផរណាទំនិញ, ការឡើងថ្លៃដឹកជញ្ជូន, ការឡើងថ្លៃម្ហូបអាហារ, ការកកស្ទះខ្សែសង្វាក់ផ្គត់ផ្គង់ និងសម្ពាធលើថវិការដ្ឋ។ សម្រាប់កម្ពុជា ដែលនាំចូលឥន្ធនៈស្ទើរតែទាំងស្រុង បញ្ហានេះអាចក្លាយជារលកសេដ្ឋកិច្ចនាំចូលមួយ ដែលត្រូវត្រៀមទប់ជាមុន មិនមែនរង់ចាំឱ្យវាបោកបក់មកដល់សិននោះទេ។
* យុទ្ធសាស្ត្រទី១របស់អាមេរិក៖ ប្រើប្រេងដើម្បីទប់សង្គ្រាមកុំឱ្យបំផ្លាញទីផ្សារ
ការបញ្ចេញប្រេង ១៧២លានបារ៉ែលពីស្តុកប្រងបំរុងយុទ្ធសាស្ត្រ មិនមែនជាវិធានការសាមញ្ញសម្រាប់ទីផ្សារអាមេរិកតែប៉ុណ្ណោះទេ។ ដោយសារតេអាមេរិក គឺជាអ្នកលេងធំបំផុតមួយក្នុងទីផ្សារថាមពល ដូច្នេះនៅពេលបញ្ចេញប្រេងចូលទីផ្សារ វាអាចជួយបន្ថែមការផ្គត់ផ្គង់ជាសកល និងជួយទប់ការឡើងថ្លៃមិនឱ្យទៅឆ្ងាយជាងនេះ។ ការប្រើរយៈពេល ១២០ថ្ងៃដើម្បីទប់ទល់ ក៏បង្ហាញថា វ៉ាស៊ីនតោន កំពុងមើលសង្គ្រាមនេះមិនមែនជាវិបត្តិកើតត្រឹមរយៈពេលប៉ុន្មានថ្ងៃនោះទេ ប៉ុន្តែជាសម្ពាធយូរខែ ដែលត្រូវការបង្អួចស្ថិរភាពថាមពលដើម្បីទប់សេដ្ឋកិច្ចក្នុងស្រុក និងជួយសម្ព័ន្ធមិត្តកុំឱ្យរងរលកថ្លៃថាមពលខ្លាំងពេក។
នេះហើយជាអ្វីដែលគេអាចហៅថា energy shield ខែលថាមពលរបស់អាមេរិក។ ប្រសិនបើតម្លៃប្រេងឡើងខ្លាំងពេក សហរដ្ឋអាមេរិក នឹងប្រឈមទាំងថ្លៃសាំងក្នុងស្រុក ការកើនឡើងនៃអតិផរណា និងសម្ពាធនយោបាយក្នុងប្រទេសខ្លួន។ ដូច្នេះ ការបញ្ចេញប្រេង មិនមែនគ្រាន់តែជាការជួយអ្នកប្រើប្រាស់ទេ ប៉ុន្តែជាផ្នែកមួយនៃការរក្សាខ្នងសេដ្ឋកិច្ចសម្រាប់បន្តគម្រោងយោធា និងការទូតក្នុងសង្គ្រាម។
* យុទ្ធសាស្ត្រទី២របស់អាមេរិក៖ ប្រើកម្លាំងយោធា និងការគ្រប់គ្រងច្រកដឹកជញ្ជូន
ជាមួយនឹងយុទ្ធសាស្ត្រថាមពល អាមេរិក ក៏កំពុងប្រើយុទ្ធសាស្ត្រយោធាច្បាស់លាស់មួយដែរ៖ ការព្យាយាមរក្សាសមត្ថភាពបើកផ្លូវដឹកជញ្ជូនក្នុង និងការពារជុំវិញច្រក Hormuz (Strait of Hormuz) និងកាត់បន្ថយសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការព្យាយាមចង់បិទច្រកនេះ។ Reuters រាយការណ៍ថា អ៊ីរ៉ង់បានដាក់មីនសមុទ្រជាច្រើនគ្រាប់ក្នុងច្រក Strait of Hormuz ខណៈចរាចរណ៍ប្រេង និងឧស្ម័នរាវធម្មជាតិ LNG តាមច្រកនេះក៏រងការរាំងស្ទះយ៉ាងខ្លាំងដែរ។ ទន្ទឹមនឹងនេះ អាមេរិក បានទាមទារឱ្យដកមីនចេញ និងគំរាមឆ្លើយតបបន្ថែម ប្រសិនបើការគំរាមបិទច្រកនៅតែបន្ត។
ចំណុចនេះសំខាន់ណាស់ ព្រោះច្រក Strait of Hormuz មិនមែនជាច្រកធម្មតាទេ។ យោងតាមអង្គការ EIA និង IEA នៅឆ្នាំ២០២៤-២០២៥ មានប្រេងប្រហែល ២០លានបារ៉ែលក្នុងមួយថ្ងៃ ឆ្លងកាត់ទីនោះ ស្មើប្រមាណ ២០% នៃការប្រើប្រាស់ឥន្ធនៈរាវជាសកល ឬប្រហែល ២៥% នៃពាណិជ្ជកម្មប្រេងតាមសមុទ្រពិភពលោក។ អង្គការ IEA ក៏បញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ប្រមាណ៣៤% នៃពាណិជ្ជកម្មប្រេងឆៅសកល និងមួយភាគធំដែលជា «ភាគច្រើនបំផុត» ក៏ត្រូវបានបញ្ជូនទៅអាស៊ី ឆ្លងកាត់ច្រកនេះ។
* ហេតុអ្វីការគំរាមប្រេង $២០០ មិនមែនជាពាក្យទទេ អ្នកនាំពាក្យបញ្ជាការដ្ឋានយោធាអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម ហ្សលហ្វាហ្គារី Ebrahim Zolfaqari បានព្រមានថា ពិភពលោកគួរត្រៀមសម្រាប់តម្លៃប្រេង ២០០ដុល្លារក្នុងមួយបារ៉ែល ខណៈ Reuters ក៏បានរាយការណ៍អំពីការគំរាមវាយធនាគារ ដែលធ្វើជំនួញជាមួយអាមេរិក ឬអ៊ីស្រាអែល និងការណែនាំឱ្យប្រជាជននៅមជ្ឈិមបូព៌ា គួររក្សាគម្លាតយ៉ាងហោចណាស់ ១,០០០ម៉ែត្រពីធនាគារទាំងនោះដែរ។ ពាក្យព្រមាននេះ មិនមែនត្រឹមសម្រាប់បង្កសង្គ្រាមផ្លូវចិត្តទេ វាជាការបញ្ជូនសារថា អ៊ីរ៉ង់ដឹងថា អាវុធខ្លាំងបំផុតរបស់ខ្លួនមិនមែនមានតែគ្រាប់មីស៊ីលទេ ប៉ុន្តែជាសមត្ថភាពបំផ្លាញសន្តិសុខថាមពលសកល។
ពិតណាស់តម្លៃ ២០០ដុល្លារក្នុងមួយបារ៉ែលមិនមែនជាអ្វី ដែលប្រាកដថានឹងកើតឡើងទេ។ ប៉ុន្តែវាជាសេណារីយ៉ូ ចុងក្រោយបំផុត worst-case scenario ដែលទីផ្សារកំពុងយកចិត្តទុកដាក់។ សារព័ត៌មាន Financial Times បានរាយការណ៍ថាស្តង់ដាតម្លៃប្រេងឆៅ Brent បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ៤ឆ្នាំនៅជុំវិញតម្លៃ $១១៩ មុននឹងស្រកបន្តិច ក្រោយពេលទីភ្នាក់ងារថាមពលអន្តរជាតិ ប្រកាសការបញ្ចេញស្តុកប្រេង។ នេះបញ្ជាក់ថា ទីផ្សារបច្ចុប្បន្ននៅតែស្ថិតក្នុងស្ថានភាពងាយរងនឹងរន្ធត់, ហើយពាក្យតម្លៃ ២០០ដុល្លារ ទោះមិនទាន់ក្លាយជាការពិត ក៏មានអំណាចគ្រប់គ្រាន់ ក្នុងការធ្វើឱ្យទីផ្សារភ័យខ្លាចដែរ។
* អាស៊ី៖ តំបន់ដែលរងគ្រោះមុនគេ
ប្រសិនបើច្រក Hormuz រងការបិទខ្ទប់យូរ អាស៊ីនឹងជាតំបន់ដែលរងផលប៉ះពាល់មុនគេ និងខ្លាំងជាងគេ។ អង្គការ IEA បញ្ជាក់ថា ភាគច្រើននៃប្រេងឆៅដែលឆ្លងកាត់ Strait of Hormuz ត្រូវបានបញ្ជូនទៅអាស៊ី ហើយប្រទេសចិន និងឥណ្ឌារួមគ្នា ទទួលបាន ៤៤% នៃប្រេងឆៅដែលឆ្លងកាត់ច្រកនេះ។ Reuters ក៏រាយការណ៍ថា នៅខែមករា ២០២៦ មជ្ឈិមបូព៌ា គឺជាប្រភព ផ្គត់ផ្គង់ ៥៥% នៃការនាំចូលប្រេងឆៅរបស់ឥណ្ឌា ខណៈឥណ្ឌាមានសមត្ថភាពស្តុក និងផ្គត់ផ្គង់សរុបប្រមាណ ៧៤ថ្ងៃ។
នេះមានន័យថា ប្រសិនបើតម្លៃប្រេងឡើងខ្លាំង អាស៊ីនឹងមិនត្រឹមតែបង់ថ្លៃប្រេងខ្ពស់ជាងមុនទេ ប៉ុន្តែថ្លៃផលិតកម្ម ថ្លៃដឹកជញ្ជូន និងថ្លៃអគ្គិសនី ក៏នឹងត្រូវរុញឡើងដែរ។ ប្រទេសដែលជាមូលដ្ឋានផលិតកម្មធំៗដូចជាចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងអាស៊ាន នឹងប្រឈមនឹងហានិភ័យនាំទំនិញមានតម្លៃថ្លៃ imported inflation អតិផរណាដែលនាំចូលមកតាមថ្លៃថាមពល និងវត្ថុធាតុដើម។
* កម្ពុជា៖ ប្រទេសតូច តែរងផលប៉ះពាល់ដោយផ្ទាល់
សម្រាប់កម្ពុជា បញ្ហានេះ គួរត្រូវមើលដោយភាពយកចិត្តទុកដាក់ខ្លាំងជាងធម្មតា។ ទិន្នន័យដែលដកស្រង់ពីក្រសួងពាណិជ្ជកម្ម តាមរយៈទីភ្នាក់ងារ Xinhua បង្ហាញថា កម្ពុជានាំចូល ប្រេងម៉ាស៊ុត diesel, សាំង gasoline និងឧស្ម័នចំហេះ combustion gas សរុប $២.៤៣ពាន់លានក្នុងឆ្នាំ២០២៥ ហើយក្នុងខែមករា 2026 តែមួយខែ កម្ពុជាចំណាយប្រមាណ $២១៩.៥លានលើការនាំចូលឥន្ធនៈទាំងនេះ។ នេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជា នៅតែពឹងផ្អែកខ្លាំងលើថាមពលនាំចូល។
ផលប៉ះពាល់ចំពោះកម្ពុជា អាចមកជាស្រទាប់។ ស្រទាប់ទីមួយ គឺតម្លៃសាំង និងម៉ាស៊ូតក្នុងស្រុកឡើងថ្លៃ។ ស្រទាប់ទីពីរ គឺថ្លៃដឹកជញ្ជូន និងថ្លៃភស្ថុភារ កាន់តែឡើង ដែលប៉ះពាល់ទាំងវិស័យកសិកម្ម ការដឹកទំនិញ សំណង់ និងការផលិត។ ស្រទាប់ទីបី គឺការឡើងថ្លៃម្ហូបអាហារ និងទំនិញប្រើប្រាស់ប្រចាំថ្ងៃ ព្រោះក្នុងសេដ្ឋកិច្ចតូចមួយ ថ្លៃឥន្ធនៈ គឺជាថ្លៃដើម ឆ្លងកាត់ជិតគ្រប់វិស័យ។ បើរលកនេះបន្តយូរ វាអាចរុញឱ្យគ្រួសារចំណូលទាប និងមធ្យមទទួលរងសម្ពាធខ្លាំងជាងគេ។
* តើកម្ពុជា និងអាស៊ីគួរត្រៀមខ្លួនដូចម្តេច?
ចំណុចទីមួយគឺ មិនត្រូវមើលវិបត្តិនេះ តែជាបញ្ហាសាំងឡើងថ្លៃប៉ុណ្ណោះទេ។ វាគួរត្រូវបានមើលថា ជាបញ្ហាសន្តិសុខសេដ្ឋកិច្ចជាតិ។ ប្រទេសអាស៊ី គួរត្រៀមខ្លួនតាមបីទិសដៅ៖ ការធានាស្តុកថាមពល ការគ្រប់គ្រងតម្លៃ និងការពារខ្សែសង្វាក់ផ្គត់ផ្គង់។ Reuters រាយការណ៍ថា ឥណ្ឌា បានលើកទឹកចិត្តការសន្សំថាមពល និងអនុវត្តវិធានបន្ទាន់លើឧស្ម័នហ្គាស LPG ខណៈប្រទេសផ្សេងៗនៅអាស៊ី កំពុងពិចារណាវិធានដូចជាការឧបត្ថម្ភធន subsidies, និងការ កំណត់តម្លៃ price caps និងការបញ្ចេញស្តុករបស់ជាតិ។
សម្រាប់កម្ពុជា ការត្រៀមខ្លួន គប្បីអាចមានយ៉ាងហោចណាស់៤ផ្នែក។ ទីមួយ គឺត្រូវពិនិត្យស្តុកប្រេង និងឥន្ធនៈក្នុងស្រុកឱ្យមានភាពច្បាស់លាស់ និងគ្រប់គ្រាន់សម្រាប់ភាពរាំងស្ទះខ្លី។ ទីពីរ គឺត្រូវរៀបចំយន្តការកាត់បន្ថយសម្ពាធលើក្រុមប្រជាជនងាយរងគ្រោះ ដោយជៀសវាងការឡើងថ្លៃដឹកជញ្ជូន និងម្ហូបអាហារក្នុងទម្រង់លោតខ្លាំង។ ទីបី គឺត្រូវបង្កើនការត្រួតពិនិត្យទីផ្សារ ដើម្បីទប់ស្កាត់ការឡើងថ្លៃលើសហេតុផល ឬការស្តុកទុកសម្រាប់ចំណេញ។ ទីបួន គឺត្រូវលើកទឹកចិត្តការសន្សំថាមពល និងគិតទុកជាមុនលើការប្រើប្រាស់ថាមពលជំនួសនៅវិស័យខ្លះៗ ដូចជាការដឹកជញ្ជូនសាធារណៈ និងការគ្រប់គ្រងម៉ោងដំណើរការក្នុងវិស័យរដ្ឋបាល ឬឧស្សាហកម្មដែលអាចសម្របបាន។ ការរៀបចំទាំងនេះមិនមែនមានន័យថាកម្ពុជាកំពុងរងគ្រោះធ្ងន់រួចហើយទេ ប៉ុន្តែមានន័យថា ប្រទេសតូចមួយ មិនគួររង់ចាំឱ្យវិបត្តិថាមពលបំផ្លាញតម្លៃទំនិញរបស់ខ្លួនសិន ហើយទើបចាប់ផ្តើមឆ្លើយតបនោះទេ។
* អ្វីដែលពិភពលោកកំពុងឈានទៅ
បើមើលទៅមុខ សកលលោក អាចកំពុងឈានចូលស្ថានភាពដែលគ្រោះថ្នាក់ធំបំផុត មិនមែនមានតែការវាយប្រហារយោធា ប៉ុន្តែជាការរួមបញ្ចូលគ្នារវាងភាពភ័យរន្ធត់សង្គ្រាមផង war shock និងភាពភ័យរន្ធត់នឹងតម្លៃផង price shock។ បើការបិទច្រក Hormuz បន្ត ឬការវាយប្រហារលើនាវាពាណិជ្ជកម្មកាន់តែច្រើន នោះអាស៊ី អាចជួបរលកថាមពលឡើងថ្លៃ ដែលនាំទៅរកសម្ពាធលើកំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គម។ នេះហើយជាមូលហេតុដែលការបញ្ចេញប្រេងរបស់អាមេរិក និងអង្គការ IEA ត្រូវយល់ថា មិនមែនជាអំពើបច្ចេកទេសនៃទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ថា មហាអំណាចកំពុងរំពឹងថាវិបត្តិនេះអាចអូសបន្លាយ និងអាចប៉ះពាល់ដល់រចនាសម្ព័ន្ធសេដ្ឋកិច្ចសកលទាំងមូល។
សេចក្ដីសន្និដ្ឋាន៖ នៅចុងបញ្ចប់ សង្គ្រាមអ៊ីរ៉ង់ កំពុងបង្ហាញមេរៀនសំខាន់មួយដល់ពិភពលោកថា នៅក្នុងសតវត្សទី២១ ប្រទេសមួយ អាចមិនចាំបាច់បិទទ្វាររោងចក្រសត្រូវដោយការប្រើគ្រាប់បែកបំផ្លាញទេ; វាអាចគ្រាន់តែបិទច្រកដឹកជញ្ជូនថាមពល និងបង្កឱ្យតម្លៃប្រេងឡើង ដើម្បីធ្វើឱ្យសេដ្ឋកិច្ចសកលរងភាពរង្គោះរង្គើ។ អាមេរិក កំពុងឆ្លើយតបដោយយុទ្ធសាស្ត្រទ្វេមុខ ប្រើទាំងកងកម្លាំងយោធា និងស្តុកប្រេងយុទ្ធសាស្ត្រដើម្បីទប់ទល់។ អ៊ីរ៉ង់កំពុងឆ្លើយតបដោយគំរាមលើសន្តិសុខថាមពល និងតម្លៃប្រេង។ នៅចន្លោះការប្រកួតគ្នានេះ អាស៊ីគឺជាតំបន់ដែលត្រូវត្រៀមខ្លួនឱ្យលឿនបំផុត។ សម្រាប់កម្ពុជា មេរៀនគឺច្បាស់ណាស់៖ វិបត្តិប្រេងនៅឆ្ងាយ អាចក្លាយជាវិបត្តិតម្លៃនៅក្នុងផ្ទះយើងបានយ៉ាងលឿន។ ដូច្នេះ ការត្រៀមស្តុក ការគ្រប់គ្រងទីផ្សារ ការការពារប្រជាជនងាយរងគ្រោះ និងការគិតគូរថាមពលជាមុន មិនមែនជាជម្រើសទេ ប៉ុន្តែជាកាតព្វកិច្ចសេដ្ឋកិច្ចរបស់រដ្ឋតូចមួយនៅក្នុងពិភពលោកដែលកំពុងរងភាពរង្គោះរង្គើ៕









