ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់, លោក លៀង ពេជ្រ ត្រូវបានជ្រើសតាំង ជាប្រធានសាខា
12-03-2026 16:16
(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ ឱ្យដំណើរការជាផ្លូវការនូវ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់, ដោយលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត ត្រូវបានជ្រើសតាំង ជាប្រធានសាខា។
ពិធីនេះត្រូវបានរៀបចំឡើង នៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់រីវើរសាយ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា និងលោកឧកញ៉ា សុខ ពិសិដ្ឋ សហស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន GGear Group និងជាសមាជិកនៃក្រុមប្រឹក្សាពិគ្រោះយោបល់ សមាគមសហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងមន្ត្រីរាជការជុំវិញខេត្ត តំណាងស្ថាប័នពាក់ព័ន្ធ ម្ចាស់អាជីវកម្ម និងសហគ្រិនវ័យក្មេងជាច្រើនរូបទៀត។
ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តដ៏ថ្លៃថ្លា, លោក លៀង ពេជ្រ ក្នុងឱកាសទទួលបានការជ្រើសតាំង ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់ បានប្តេជ្ញាចិត្ត៖ ខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រមូលផ្តុំសហគ្រិនវ័យក្មេងក្នុងខេត្តពោធិ៍សាត់ ឱ្យមានធ្លុងសាមគ្គីភាពតែមួយ ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង និងជួយជ្រោមជ្រែងគ្នាទៅវិញទៅមកក្នុងធុរកិច្ច, ប្តេជ្ញាដឹកនាំសាខាខេត្តពោធិ៍សាត់ ឱ្យដើរស្របតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមថ្នាក់ជាតិ ជាពិសេសការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឱ្យកាន់តែរឹងមាំ និងមានបរិយាបន្ន, ប្តេជ្ញាធ្វើជាស្ពានចម្លងដ៏សកម្មរវាងវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមនានារបស់សហគ្រិន ក៏ដូចជាទាក់ទាញវិនិយោគិនមកកាន់ខេត្តពោធិ៍សាត់ឱ្យកាន់តែច្រើនឡើង, ប្តេជ្ញារៀបចំឱ្យមានវគ្គបណ្តុះបណ្តាល seminars និងកម្មវិធីផ្គូផ្គងអាជីវកម្មនានា ដើម្បីជួយឱ្យអាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងខេត្តរបស់យើង អាចឈានទៅរកភាពទំនើបកម្ម និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងប្តេជ្ញាយកចិត្តទុកដាក់អនុវត្តតាមមតិដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោករដ្ឋមន្ត្រី កែវ រតនៈ និងលោកអភិបាលខេត្ត ខូយ រីដា ដើម្បីជំរុញឱ្យវិស័យសហគ្រិនភាព ក្លាយជាក្បាលម៉ាស៊ីនរុញច្រានសេដ្ឋកិច្ចខេត្តពោធិ៍សាត់ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានសង្ឃឹមជឿជាក់យ៉ាងមុតមាំ ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោក លៀង ពេជ្រ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជួយសហគ្រិនក្នុងខេត្តពោធិ៍សាត់ ឱ្យមានការវិវត្តខ្លួនបានឆាប់រហ័ស ក្នុងវិស័យធុរកិច្ច សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យឈានទៅរកការធ្វើអាជីវកម្មតាមបែបឌីជីថល បរិយាបន្ន និងភាពច្នៃប្រឌិត ដើម្បីអភិវឌ្ឍខ្លួនឱ្យទាន់បច្ចេកវិទ្យាឌីជីថល ឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្ម៤.០ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និងមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាន កម្ពុជាប្រែក្លាយជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានថ្លែងថា ការបង្កើតសាខាសមាគមសហគ្រិនវ័យក្មេង នៅក្នុងខេត្តពោធិ៍សាត់ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញសកម្មភាពសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពអាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ក្នុងតំបន់។
លោកបន្តថា ការដាក់ឱ្យដំណើរការសាខាសមាគមនៅថ្ងៃនេះ គឺជាស្ពានចម្លងដ៏សំខាន់ សម្រាប់សហគ្រិនក្នុងខេត្តពោធិ៍សាត់ ក្នុងការទទួលបាននូវចំណេះដឹង បទពិសោធន៍ និងបណ្តាញទំនាក់ទំនងអាជីវកម្ម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្ត ក៏ដូចជាសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្មីៗនេះរូបលោកបានជួបជាមួយ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីត្រៀមបង្កើតតំបន់សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តពោធិ៍សាត់។ ក្នុងន័យនេះ លោកសូមស្នើដល់សហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តពោធិ៍សាត់ ត្រៀមខ្លួនចាប់យកឱកាសមាស ដោយត្រូវពង្រឹងសមត្ថភាព ចំណេះដឹង បច្ចេកទេស ពង្រីកបណ្តាញ លើកកម្ពស់ស្តង់ដារ និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនចូលរួមក្នុងតំបន់សហគ្រាសធុនតូច និងមធ្យម ដែលគ្រោងនឹងបង្កើតឡើងនាពេលឆាប់ៗខាងមុខនេះ សំដៅប្រែក្លាយសក្តានុពលខេត្តពោធិ៍សាត់ ឱ្យទៅជាមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃដ៏រស់រវើក ក្នុងការបង្កើតឱកាសការងារជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ដើម្បីកាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។
លោករដ្ឋមន្ត្រី កែវ រតនៈ ក៏បានសង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលនឹងបន្តធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំ តាមរយៈការសម្របសម្រួលផ្នែកគោលនយោបាយ និងការបង្កើតបរិយាកាសធុរកិច្ចឱ្យកាន់តែអំណោយផល ដើម្បីឱ្យសហគ្រិនវ័យក្មេង អាចបញ្ចេញសមត្ថភាពបានពេញលេញ ក្នុងការជំរុញសេដ្ឋកិច្ចខេត្តពោធិ៍សាត់ឱ្យមានសន្ទុះខ្លាំងក្លាបំផុត៕


























































