ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe នឹងវិនិយោគលើការកែច្នៃម្រេចរបស់កម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ
12-03-2026 13:56
(ភ្នំពេញ)៖ ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe មានផែនការវិនិយោគលើការកែច្នៃម្រេចរបស់កម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ការណ៍នេះ បានធ្វើឡើងក្នុងជំនួបរវាង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងប្រតិភូក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ដឹកនាំដោយលោកអគ្គនាយក Nil Meyer-Pries ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងអាល្លឺម៉ង់លើវិស័យកសិកម្ម ជាពិសេសភាពជាដៃគូល្អក្នុងការបណ្ដុះបណ្ដាលការអនុវត្តកសិកម្មល្អ (GAP) ដែលបានជួយលើកស្ទួយគុណភាពកសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានស្វាគមន៍ផែនការរបស់ក្រុមហ៊ុន Fuchs Gruppe ក្នុងការវិនិយោគលើការកែច្នៃម្រេចកម្ពុជា សំដៅផ្ដល់តម្លៃបន្ថែមខ្ពស់ក្នុងខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា និងជំរុញការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាទីបញ្ចប់ភាគីកម្ពុជា-អាល្លឺម៉ង់ បានបង្ហាញសុទិដ្ឋិនិយមចំពោះកិច្ចសហប្រតិបត្តិការរយៈពេលវែងដើម្បីជំរុញកសិ-ពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនិងនិរន្តរភាពនៃវិស័យកសិកម្ម។
គួរជម្រាបថា ក្រុមហ៊ុនអាល្លឺម៉ង់ Fuchs Gruppe ជាក្រុមហ៊ុនកែច្នៃកសិផលដ៏ធំមួយ មានអាយុកាលជាង៧០ឆ្នាំមកហើយ ដែលបច្ចុប្បន្នបានពង្រីកខ្លួនជាង ២០ទីតាំង ក្នុង១០ប្រទេស រួមទាំងកម្ពុជាផងដែរ៕









