មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ចូលរួមកិច្ចប្រជុំពិភាក្សាអំពីថ្នាលសហការកិច្ចការរដ្ឋបាល ជាមួយក្រសួងទេសចរណ៍
12-03-2026 10:39
(ភ្នំពេញ)៖ លោក ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ រសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយលោក នាង ម៉ៅ រដ្ឋលេខាធិការក្រសួងទេសចរណ៍ អំពីថ្នាលសហការកិច្ចការរដ្ឋបាល នៅទីស្តីការក្រសួងទេសចរណ៍។
ជំនួបពិភាក្សានេះ ក្នុងគោលបំណងដើម្បីជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដែលរួមមាន ផែនការដាក់ឱ្យប្រើប្រាស់ថ្នាលសហការកិច្ចការរដ្ឋបាល ដើម្បីជំនួសឱ្យការធ្វើការងារតាមបែបប្រពៃណី ឬក្រដាសស្នាម មកជាបែបឌីជីថលវិញ ដែលមានភាពរហ័ស និងមានសុវត្ថិភាពខ្ពស់ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ធានាថាការអនុវត្តការងារក្នុងក្រសួង ដើរស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនទីបង្ហាញផ្លូវរបស់រាជរដ្ឋាភិបាល។










