វិចារណកថា៖ ការបំពុលដោយសារធាតុ PCBs
12-03-2026 08:20
(ភ្នំពេញ)៖ សារធាតុប៉ូលីក្លរីណេតធីតប៊ីផេនីល (Polychlorinated Biphenyls) ឬហៅកាត់ថាសារធាតុ PCBs គឺសារធាតុគីមីសំយោគសរីរាង្គដែលមានសមាសធាតុផ្សំឡើងដោយអាតូមកាបូនអ៉ីដ្រូសែន និងក្លរ។ សារធាតុនេះស្ថិតក្នុងទម្រង់ជាប្រេង ឬក្រមួន ដែលមិនមានក្លិន និងពណ៌ជាក់លាក់ឡើយ។ សារធាតុ PCBs ចាប់ផ្តើមផលិតដំបូងនៅក្នុងឆ្នាំ១៩២៩ រហូតដល់ការផលិតត្រូវបានការហាមឃាត់នៅឆ្នាំ១៩៧៩ ក្រោយរកឃើញថាសារធាតុនេះមានលក្ខណៈពុល ខ្លាំង។
សារធាតុ PCBs មានលក្ខណៈធន់នឹងការឆេះស្ថេរភាពគីមីចំណុចរំពុះខ្ពស់ និងចម្លងចរន្តអគ្គិសនី ដែលធ្វើឱ្យសារធាតុនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយជាប្រេងបញ្ចុះកម្តៅសម្រាប់ត្រង់ស្វូរអគ្គិសនី។
ទោះបីជាត្រង់ស្វូរប្រើប្រាស់ប្រេងPCBs ត្រូវបានសាកលលោកបញ្ឈប់ការផលិតយ៉ាងណាក្តី ត្រង់ស្វូរចាស់ៗដែលផលិតមុនសតវត្សទី២០ នៅតែបន្តប្រើប្រាស់ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងមានស្តុកត្រង់ស្វូរដែលលែងដំណើរការ ឬក្លាយជាសំណល់ ដោយ សារមិនទាន់មានបច្ចេកទេសគ្រប់គ្រងអនុលោមសុវត្ថិភាពបរិស្ថានក្នុងការបោះបង់ និងកំទេចចោល។
យ៉ាងណាមិញ ការគ្រប់គ្រងត្រង់ស្វូរដែលមានផ្ទុកPCBs មិនបានត្រឹមត្រូវ អាចបណ្តាលឱ្យមានការប្រឡាក់(Cross-Contamination) ដល់បរិក្ខារដទៃទៀត ដែលភាគច្រើនកើតឡើងក្នុងកំឡុងពេលនៃការជួសជុល និងថែទាំត្រង់ស្វូរ។ ឧបករណ៍សម្រាប់បន្ថែម ឬផ្លាស់ប្តូរប្រេង និងលាងសម្អាតគុណភាពប្រេង ជាទូទៅកត់សម្គាល់ថាមិនត្រូវបានសម្អាត ឬប្រព្រឹត្តកម្ម ជាមុនឡើយជាហេតុបណ្តាលឱ្យសារធាតុ PCBs អាចប្រឡាក់ទៅក្នុងត្រង់ស្វូរជំនាន់ក្រោយដែលប្រើប្រាស់ប្រេងបញ្ចុះកម្តៅមិនមែនជាសារធាតុ PCBs។
ប្រទេសកម្ពុជា ជាប្រទេសភាគីក្នុងចំណោមប្រទេសភាគីចំនួន ១៨១ប្រទេស នៃអនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (POPs)។ អនុលោមតាមអនុសញ្ញានេះប្រទេសភាគីត្រូវរៀបចំផែនការគ្រប់គ្រងសំណល់ប្រកបដោយសុវត្ថិភាព បរិស្ថាននូវសារធាតុរាវ និងគ្រឿងបរិក្ខារមានផ្ទុកសារធាតុ PCBs ដែលមានកំហាប់ច្រើនជាង ០.០០៥% ឬ ៥០ភាគលាន (50ppm) ឱ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើបានប៉ុន្តែមិនឱ្យលើសពីឆ្នាំ២០២៨។
*ផលប៉ះពាល់ដល់សុខភាព
សារធាតុ PCBs ត្រូវបានចាត់ចូលទៅក្នុងប្រភេទក្រុមសារធាតុសរីរាង្គមិនងាយបំបែកធាតុ ដែលពិភពលោកទទួលស្គាល់ថាផ្តល់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព។ សារធាតុនេះអាចចម្លងចូលក្នុងខ្លួនមនុស្សតាមរយៈខ្សែច្រវាក់អាហារ ដោយទៅប្រមូលផ្តុំនៅក្នុងស្លឹក និងផ្នែកខាងលើនៃដំណាំដែលអាចបង្កជាជំងឺមហារីក និងជំងឺធ្ងន់ធ្ងរមិនមែនជាជំងឺមហារីក រួមមាន៖ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំប្រព័ន្ធបង្កកំណើត ប្រព័ន្ធប្រសៃប្រសាទ ប្រព័ន្ធអង់ដូគ្រីន និងបញ្ហាសុខភាពដែលមិនមែនបង្កឡើងដោយជំងឺមហារីក។
*ផលប៉ះពាល់ដល់បរិស្ថាន
ការបោះបង់ចោលសំណល់ដែលមានផ្ទុកសារធាតុ PCBs មិនបានត្រឹមត្រូវអាចបង្កឱ្យមានការសាយភាយចូលទៅក្នុងបរិស្ថាន។ សារធាតុ PCBs មានលក្ខណៈមិនងាយបំបែកធាតុ (អាចស្ថិតក្នុងដី ទឹក និងខ្យល់ក្នុង រយៈពេលជាច្រើនទស្សវត្សរ៍) និងអាចមានកំណើនបរិមាណកកកុញនៅក្នុងជាលិកាខ្លាញ់ របស់ភាវៈរស់។ សារធាតុនេះអាចធ្វើការបម្លាស់ទីពីតាំងបំពុលទៅរយៈចម្ងាយដ៏សែនឆ្ងាយ ដូចជានៅតំបន់ប៉ូល ឬនៅក្នុងសមុទ្រ។
សេចក្តីសន្និដ្ឋានសារធាតុ PCBs គឺជាសារធាតុគ្រោះថ្នាក់អាចបង្កផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានយ៉ាងធ្ងន់ធ្ងរដែលតម្រូវឱ្យមានការតាមដានត្រួតពិនិត្យ និងទប់ស្កាត់កប្រើប្រាស់ដើម្បីកាត់បន្ថយផលប៉ះពាល់។ ការយល់ដឹងអំពីហានិភ័យទាក់ទងនឹងសារធាតុ PCBs គឺមានសារៈសំខាន់ណាស់សម្រាប់កិច្ចគាំពារ សុខភាពសាធារណៈ និងបរិស្ថាន៕






