លោក Erdogan៖ សង្គ្រាមនៅអ៉ីរ៉ង់ត្រូវតែបញ្ឈប់ជាបន្ទាន់ មុនពេលមជ្ឈិមបូព៌ាទាំងមូល «ធ្លាក់ក្នុងភ្លើងសង្គ្រាម» (Video inside)
11-03-2026 22:11
(អង់ការ៉ា)៖ នាថ្ងៃពុធ ប្រធានាធិបតីតួកគី លោក តៃយីប អេរដូហ្គាន់ (Tayyip Erdogan) បានព្រមានយ៉ាងខ្លាំងៗថា សង្គ្រាមនៅប្រទេសអ៉ីរ៉ង់ ត្រូវតែបញ្ឈប់ជាបន្ទាន់ មុនពេលដែលតំបន់មជ្ឈិមបូព៌ាទាំងមូល «ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម»។ លោកបានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវតែផ្តល់ឱកាសឱ្យវិធានការការទូត ដើម្បីបញ្ចប់ជម្លោះដ៏គ្រោះថ្នាក់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ថ្លែងទៅកាន់សមាជិកសភា លោក អេរដូហ្គាន់ បានបញ្ជាក់ថា តួកគីកំពុងប្រតិបត្តិការដោយភាពប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារប្រទេសខ្លួនពី «ភ្លើងសង្គ្រាម» ដែលកំពុងហ៊ុមព័ទ្ធតួកគីពីគ្រប់ទិសទី។ នាពេលថ្មីៗនេះ ប្រព័ន្ធការពារដែនអាកាសរបស់ណាតូ (NATO) នៅក្នុងប្រទេសតួកគី បានបាញ់ទម្លាក់មីស៊ីលអ៉ីរ៉ង់ចំនួន២គ្រាប់ ដែលហោះសំដៅមកកាន់មូលដ្ឋានយោធា និងរ៉ាដាដែលប្រើប្រាស់ដោយសហរដ្ឋអាមេរិក។ ឆ្លើយតបនឹងរឿងនេះ លោក អេរដូហ្គាន់ បានបញ្ជាក់ថា តួកគីកំពុងសកម្មធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកសន្តិភាព។
គួរបញ្ជាក់ថា ទោះបីជាលោក អេរដូហ្គាន់ បានរិះគន់ការវាយប្រហាររបស់អាមេរិក-អ៉ីស្រាអែលថាជា «ការបំពានច្បាប់អន្តរជាតិ» ក៏ដោយ ប៉ុន្តែលោកនៅតែចៀសវាងមិនហ៊ានបញ្ចេញឈ្មោះលោក ដូណាល់ ត្រាំ ដោយផ្ទាល់ឡើយ ដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយប្រធានាធិបតីអាមេរិក។ យ៉ាងណាមិញ លោក Ozgur Ozel មេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់តួកគី បានរិះគន់ថា «ភាពស្ងៀមស្ងាត់» របស់លោក អេរដូហ្គាន់ មិនមែនជាគោលនយោបាយអព្យាក្រឹត្យនោះទេ ប៉ុន្តែវាជាការបើកដៃឱ្យសហរដ្ឋអាមេរិកបន្តប្រើប្រាស់កម្លាំងយោធាដោយមិនគិតពីផលប៉ះពាល់ដល់សន្តិសុខតួកគី៕


