FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសង្គមកិច្ច៖ យុទ្ធនាការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់ បានទៅដល់ខេត្តស្វាយរៀង

11-03-2026 20:28

(ព្រៃវែង)៖ ថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតពី លោករដ្ឋមន្រ្តី ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សែម សុខា រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់»។

ថ្លែងនៅក្នុងសិក្ខាសាលានេះ លោក សែម សុខា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានឲ្យដឹងថា៖ «វិស័យពិការភាព គឺជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃ របស់នាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមាន លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការ។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានកំណត់យ៉ាងច្បាស់នូវគោលនយោបាយអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់ការកសាង និងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេសចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលឈានទៅសម្រេចបាន ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

ឆ្លៀតក្នុងឱកាសនោះ លោក សែម សុខា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច បានស្នើសុំដល់រដ្ឋបាលខេត្ត ធ្វើកិច្ចអន្តគមន៍ក្នុងការជំរុញដល់ឃុំ សង្កាត់ ក្នុងការកំណត់អត្តសញ្ញាណកម្មពិការភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយសា្មរតីទទួលខុសត្រូវចំពោះជនមានពិការភាព និងសិក្សាស្វែងយល់ពីបញ្ហាប្រឈមរបស់មេឃុំ ចៅសង្កាត់ និងមន្រ្តីកាន់កម្មវិធីអត្តសញ្ញាណកម្មពិការភាពដើម្បីដោះស្រាយ និងផ្តល់ការគាំទ្រលើបច្ចេកទេស។

លោករដ្ឋលេខាធិការបានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលាស្តីពី ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ជាមួយរដ្ឋបាលខេត្តស្វាយរៀង និងមន្ទីរ ស.អ.យ. ខេត្តស្វាយរៀងនេះ» នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងវិសាលភាព ការងារពិការភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ តាមរយៈលោកអភិបាលរងខេត្ត តំណាងលោកអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ក្នុងការបន្តជំរុញឃុំ សង្កាត់កំណត់អត្តសញ្ញាណកម្មជនមានពិការភាពឱ្យបានអស់ និងបានគ្រប់គ្នាក្នុងដែនសមត្ថកិច្ចខេត្តរបស់ខ្លួនបន្ថែមទៀត។

ជាការកត់សម្គាល់ បច្ចុប្បន្នជនមានពិការភាព មិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋានប្រកបដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ជនមានពិការភាព ក្នុងឆ្នាំ២០២៥ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៧,៥០២នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ១,០៣៥ នាក់ ជនមានពិការភាពកម្រិតធ្ងន់ ចំនួន ៣,០៣៥ នាក់ បើគិតជាភាគរយគឺស្មើនឹង ២,៤៨%។ ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន ៦,៩០៥នាក់ ស្ត្រីមានពិការភាពចំនួន ៤, ៥២៧នាក់។

សូមជម្រាបថាសិក្ខាសាលាស្តីពី ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដល់រដ្ឋបាលឃុំ/សង្កាត់នេះ មានគោលបំណងដើម្បីស្នើដល់រដ្ឋបាលខេត្ត ធ្វើកិច្ចអន្តរាគមន៍ក្នុងការជំរុញដល់ឃុំសង្កាត់ក្នុងការចុះកំណត់អត្តសញ្ញាណកម្មពិការភាពឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវ។ កម្មវិធីនេះ មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានស្តារសម្បទា ប្រធាន អនុប្រធាននាយកដ្ឋានសុខុមាលភាពជនពិការ ប្រធានមន្ទីរ ស.អ.យ. រួមទាំងមេឃុំ ចៅសង្កាត់ និងជនបង្គោលសរុបចំនួនប្រមាណ២២០នាក់ នៅសាលប្រជុំសាលាខេត្តស្វាយរៀង៕