មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បើកសិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០»
11-03-2026 18:27
(ភ្នំពេញ)៖ លោកបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីបើក សាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ដែលសិក្ខាសាលានេះរៀបចំដោយមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
សិក្ខាសាលានេះ ក៏មានការចូលរួមពីក្រសួង-ស្ថាប័ន, គ្រឹះស្ថានសាធារណៈ, ស្ថាប័ននិយ័តករ, ដៃគូអភិវឌ្ឍន៍, វិនិយោគិន, ក្រុមហ៊ុនសាជីវកម្ម, គ្រឹះស្ថានអប់រំ, ស្ថាប័នគាំទ្រធុរកិច្ចថ្មី, ធុរកិច្ចថ្មី និង សមាគមនានា នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា សរុបចំនួន ២៣០ រូប។ សិក្ខាសាលានេះមានគោលបំណងធំៗ ចំនួន ២ គឺ (១) បង្ហាញពីវឌ្ឍនភាពការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រដល់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (២) ពិភាក្សាលើយុទ្ធសាស្រ្តអាទិភាពទាំង ៥ របស់សេចក្ដីព្រាងនេះ ជាមួយតួអង្គសំខាន់ៗ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជា។
ថ្លែងនាឱកាសនោះបណ្ឌិត គង់ ម៉ារី បានគូសបញ្ជាក់ពីដំណើរនៃការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល, សាវតានៃការរៀបចំសេចក្តីព្រាងយុទ្ធសាស្រ្តនេះ, ស្ថានភាពនៃការអភិវឌ្ឍធុរកិច្ចថ្មីក្នុងប្រទេស ក៏ដូចជាសារៈសំខាន់នៃការអនុវត្តយុទ្ធសាស្រ្តនេះ ក្នុងការរួមចំណែកសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ផងដែរ។
បន្ថែមពីនេះ, សិក្ខាសាលានេះក៏មានការធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” ដោយលោក បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងមានកិច្ចពិភាក្សាលើវិធានការគន្លឹះនៃយុទ្ធសាស្រ្តអាទិភាពទាំង ៥ នៃសេចក្តីព្រាងយុទ្ធសាស្រ្តនេះ ដែលរួមមាន (១) ការរៀបចំលិខិតបទដ្ឋានគាំទ្រ, (២) ការបង្កើនលទ្ធភាពទទួលហិរញ្ញប្បទាន, (៣) ការបង្កើនចំនួនបុគ្គលមានទេពកោសល្យ, (៤) ការពង្រឹងសមត្ថភាពតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង (៥) ការតភ្ជាប់បណ្ដាញ និង ការពង្រីកទីផ្សារ។
សិក្ខាសាលាពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០” នេះបានបញ្ចប់ទៅដោយទទួលបានផ្លែផ្កា ក្រោមស្មារតីសហការខ្ពស់ពីបណ្តាតួអង្គពាក់ព័ន្ធដែលបានចូលរួម ដែលនេះជាសញ្ញាណវិជ្ជមានក្នុងការជំរុញសម្ទុះនៃការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ក្រោមការសម្របសម្រួលនៃគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល នឹងបន្តកែសម្រួលសេចក្តីព្រាងយុទ្ធសាស្ត្រជាតិនេះ ឱ្យកាន់តែមានភាពគត់មត់ និង គ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ធុរកិច្ចថ្មីកម្ពុជាក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និង ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីកម្ពុជាឱ្យមានភាពរឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន៕

























