FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋលេខាធិការ ផូ ផារិទ្ធ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាព ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ និងការសាងសង់លូ នៅស្រុកអូររាំងឪ

11-03-2026 18:21

(ត្បូងឃ្មុំ)៖ លោក ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង៣ពាន់ម៉ែត្រ ទទឹង ៦ម៉ែត្រ, សាងសង់លូប្រអប់មុខពីរចំនួន ១កន្លែង, លូមូលមុខបីចំនួន ១កន្លែង និងលូមូលមុខពីរចំនួន ១កន្លែង ស្ថិតនៅភូមិចក ឃុំចក ទៅភូមិច្រវ៉ា ឃុំគង់ជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះលោករដ្ឋលេខាធិការ បានលើកឡើងពីគុណបំណាច់ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា, សម្តេចបានជំរុញអភិវឌ្ឍសម្រេច នូវសមិទ្ធផលជាច្រើន។

ភាពជោគជ័យដ៏ត្រចះត្រចង់នេះ បានកើតចេញពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយក្នុងប្រទេស ដែលបាន បង្កលក្ខណៈឱ្យប្រជាជន មានលទ្ធភាព ប្រកបរបរចិញ្ចឹមជីវិត តាមប្រក្រតីភាព ហើយក៏ជាមូលដ្ឋានដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល បន្តវេន ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោករដ្ឋលេខាធិការ បន្ថែមថា ជាក់ស្តែងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវនៅតាមជនបទនេះ សម្តេចទាំងពីរបានគិតគូរ យ៉ាងខ្លាំង ដើម្បីកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាព, និងការផ្តល់សេវាសង្គមនានា នៃសេដ្ឋកិច្ច សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវ ការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ ជាក់ស្តែង ការស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងថែទាំរហូតបញ្ចប់សុពលភាព របស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក គឺជាការ ចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល តាមរយៈការស្ថាបនាផ្លូវដែលមានគុណភាព ធានាដល់ការប្រើប្រាស់យូរអង្វែង សម្រាប់ជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិទាំងមូល៕