Fresh Exclusive: អាមេរិកប្រឈមសំណួរធំ៖ សង្គ្រាមលើដីជាមួយអ៊ីរ៉ង់ ដើម្បីការពារផ្លូវដឹកជញ្ជូនថាមពល ឬ ជាអន្ទាក់យុទ្ធសាស្ត្រ? (Video inside)
11-03-2026 16:42
(ភ្នំពេញ)៖ ការប្រើកម្លាំងយោធាវាយប្រហារលើអ៊ីរ៉ង់ បានឈានចូលដល់ថ្ងៃទី១១ ប៉ុន្តែក្តីរំពឹងថាវា អាចបញ្ចប់បានយ៉ាងលឿន និងរហ័សមិនទាន់បានស្របនឹងស្ថានភាពចង់បាននៅលើសមរ ភូមិឡើយ។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានប្រើវិធីសាស្ត្រ គំរាមបិទច្រកដឹកប្រេងដើម្បីបង្កសម្ពាធទៅលើទីផ្សារថាមពលពិភពលោក និង បង្វែរសម្ពាធនោះត្រឡប់ទៅលើសហរដ្ឋអាមេរិកវិញ។ ក្នុងបរិបទនេះ សហរដ្ឋអាមេរិក ក៏បានបង្ហាញជម្រើសយុទ្ធសាស្ត្រដ៏សំខាន់មួយ គឺការពិចារណាពង្រាយកងកម្លាំងជើងគោក ដើម្បីការគ្រប់គ្រងផ្លូវដឹកជញ្ជួនថាមពល និងការយកឈ្នះលើអ៊ីរ៉ង់។
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅមួយ ពាក់ព័ន្ធនឹងសំណួរដ៏សំខាន់នេះ។
នៅក្នុងសង្គ្រាមសម័យទំនើប មិនមែនគ្រប់ជម្លោះយោធាទាំងអស់ត្រូវបញ្ចប់ដោយការចូលកាន់កាប់ដីដោយកងកម្លាំងជើងគោកនោះទេ។ ប៉ុន្តែពេលដែលមេដឹកនាំមហាអំណាចមួយ បញ្ជាក់ថា ខ្លួនរក្សាទុកជម្រើសយោធាទាំងអស់នៅលើតុ នោះវាបង្ហាញថា ជម្រើសដ៏ធ្ងន់ធ្ងរបំផុតការដាក់ពង្រាយកងកម្លាំងជើងគោក កំពុងត្រូវបានដាក់ក្នុងការពិចារណាយុទ្ធសាស្ត្រ។
ក្នុងវិបត្តិសង្គ្រាមជុំវិញអ៊ីរ៉ង់ សំណួរសំខាន់មួយកំពុងត្រូវបានលើកឡើង៖ តើសង្គ្រាមលើដី អាចក្លាយជាគន្លឹះដើម្បីបញ្ចប់ជម្លោះ និងធានាសុវត្ថិភាពផ្លូវដឹកជញ្ជូនថាមពល ឬគ្រាន់តែជាអន្ទាក់យុទ្ធសាស្ត្រថ្មីមួយសម្រាប់សហរដ្ឋអាមេរិក?
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt ដែលបានបញ្ជាក់ថា ប្រធានាធិបតី Donald Trump «មិនច្រានចោលជម្រើសណាមួយ» មិនមែនជាសញ្ញានៃការសម្រេចចិត្តដាក់ពង្រាយកងកម្លាំងជើងគោកភ្លាមៗនោះទេ។ ផ្ទុយទៅវិញ វាជាសារយុទ្ធសាស្ត្រដើម្បីបង្ហាញថា សហរដ្ឋអាមេរិកនៅតែរក្សាជម្រើសគ្រប់ទិសដៅ ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ។
ក្នុងភាសាយុទ្ធសាស្ត្រ វិធីសាស្ត្របែបនេះត្រូវបានហៅថា Strategic Ambiguity ឬ «យុទ្ធសាស្ត្រនៃភាពមិនច្បាស់លាស់» គឺការរក្សាភាពមិនបញ្ជាក់ច្បាស់អំពីជំហានបន្ទាប់ ដើម្បីបង្កើនសម្ពាធផ្លូវចិត្តលើភាគីសត្រូវ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការចរចា។ ប៉ុន្តែសំណួរដែលធំជាងនេះ មិនមែនត្រឹមតែជាបញ្ហាសន្តិសុខយោធាប៉ុណ្ណោះទេ។ វាក៏ពាក់ព័ន្ធនឹង ស្ថិរភាពទីផ្សារថាមពលពិភពលោក ផងដែរ ព្រោះវិបត្តិនៅជុំវិញអ៊ីរ៉ង់ និងច្រកសមុទ្រ Hormuz អាចប៉ះពាល់ដោយផ្ទាល់ដល់ការផ្គត់ផ្គង់ប្រេង និងតម្លៃថាមពលនៅលើទីផ្សារសកលទាំងមូល។
* តក្កវិជ្ជាយោធានិងថាមពល៖ ហេតុអ្វីបានជាកងកម្លាំងជើងគោក អាចមានសារៈសំខាន់?
ក្នុងប្រវត្តិសាស្ត្រយោធា សង្គ្រាមជាច្រើន មិនបានបញ្ចប់ដោយការវាយប្រហារតាមអាកាស ឬតាមសមុទ្រប៉ុណ្ណោះទេ។ ការគ្រប់គ្រងដីនៅលើសមរភូមិ គឺជាកត្តាសំខាន់ក្នុងការបំបាក់សមត្ថភាពយោធា និងអំណាចនយោបាយរបស់ភាគីសត្រូវ។ កម្លាំងអាកាស អាចបំផ្លាញគោលដៅ និងធ្វើឱ្យប្រព័ន្ធការពាររងការខូចខាត ប៉ុន្តែការបញ្ជាក់ជ័យជម្នះយុទ្ធសាស្ត្រពេញលេញ ជាញឹកញាប់ត្រូវការការគ្រប់គ្រងដីដោយកងកម្លាំងជើងគោក។
ឧទាហរណ៍ក្នុងសង្គ្រាមអ៊ីរ៉ាក់ Iraq War ការវាយប្រហារតាមអាកាសបានបើកផ្លូវសម្រាប់ប្រតិបត្តិការ ប៉ុន្តែការចូលកាន់កាប់ដីដោយកងទ័ពជើងគោក គឺជាអង្គធាតុសំខាន់ ដែលនាំទៅដល់ការផ្តួលរលំរបស់របបដឹកនាំនៅទីក្រុងបាកដាដ។
ក្នុងបរិបទអ៊ីរ៉ង់ អ្នកវិភាគយោធាមួយចំនួនមើលឃើញថា ជម្រើសកងកម្លាំងជើងគោក អាចផ្តល់អត្ថប្រយោជន៍យុទ្ធសាស្ត្រមួយចំនួន៖
១. បំបាក់បណ្តាញមីស៊ីល និងមូលដ្ឋានយោធា៖ ប្រព័ន្ធមីស៊ីល និងមូលដ្ឋានការពារខ្លះរបស់អ៊ីរ៉ង់ ត្រូវបានសាងសង់នៅក្នុងតំបន់ភ្នំ ឬក្នុងបណ្តាញសំណង់ក្រោមដី។ គោលដៅបែបនេះជាច្រើន អាចធន់និងរឹងមាំចំពោះការវាយប្រហារតាមអាកាស ហើយជាញឹកញាប់ គេចាំបាច់ត្រូវការប្រតិបត្តិការតាមផ្លូវគោក ដើម្បីស្វែងរកឱ្យឃើញបំផ្លាញ ឬ ចូលគ្រប់គ្រង។
២. ការធានាសុវត្ថិភាពផ្លូវដឹកថាមពលសំខាន់៖ ការគ្រប់គ្រងតំបន់ឆ្នេរជិតច្រកហ័រមូស Strait of Hormuz អាចក្លាយជាគន្លឹះយុទ្ធសាស្ត្រសំខាន់ក្នុងការកាត់បន្ថយសមត្ថភាពអ៊ីរ៉ង់ក្នុងការគំរាមផ្លូវដឹកប្រេងដ៏សំខាន់មួយរបស់ពិភពលោក។ ច្រកសមុទ្រនេះ គឺជាចំណុចដឹកជញ្ជូនថាមពលប្រមាណមួយភាគប្រាំនៃទីផ្សារប្រេងពិភពលោក ហើយការរំខានតិចតួចនៅទីនេះ ក៏អាចបង្កការរញ្ជួយដល់ទីផ្សារថាមពលសកលបានផងដែរ។
ក្នុងបរិបទនៃសង្គ្រាមបច្ចុប្បន្ន សារព័ត៌មាន CNN បានរាយការណ៍ថា អ៊ីរ៉ង់បានចាប់ផ្តើមដាក់មីននៅក្នុងច្រកសមុទ្រនេះ ដែលជាសញ្ញាបង្ហាញពីការប្រើ «យុទ្ធសាស្ត្រច្រកបិទ» ដើម្បីបង្កសម្ពាធលើទីផ្សារថាមពលពិភពលោក។ ប្រទេសជាច្រើននៅអាស៊ីដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌា ពឹងផ្អែកយ៉ាងខ្លាំងលើប្រេងដែលឆ្លងកាត់ច្រកនេះ។ ដូច្នេះការគំរាមបិទ Hormuz មិនមែនជាការគំរាមយោធាប៉ុណ្ណោះទេ ប៉ុន្តែជាការគំរាមសេដ្ឋកិច្ចពិភពលោកផងដែរ។
ការឡើងថ្លៃប្រេងអាចបង្កផលប៉ះពាល់ដល់ពិភពលោកដូចជា៖
- ការឡើងថ្លៃសាំង និងថាមពល
- ការឡើងថ្លៃដឹកជញ្ជូន
- ការកើនឡើងអតិផរណា
- សម្ពាធលើសេដ្ឋកិច្ចប្រទេសនាំចូលប្រេង
ក្នុងន័យនេះការគ្រប់គ្រងសុវត្ថិភាពផ្លូវដឹកប្រេង ក៏ក្លាយជាគោលដៅយុទ្ធសាស្ត្រសំខាន់មួយក្នុងសង្គ្រាមបច្ចុប្បន្ន។
ប្រធានាធិបតី Donald Trump ក៏បានព្រមាននៅលើបណ្ដាញ Truth Social ថា ប្រសិនបើអ៊ីរ៉ង់ពិតជាបានដាក់មីននៅក្នុងច្រកសមុទ្រ Hormuz នោះវាគួរត្រូវបានដកចេញភ្លាមៗ។ បន្ទាប់ពីសារនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់ថា តាមការណែនាំរបស់ប្រធានាធិបតី បញ្ជាការកណ្តាលអាមេរិក បានធ្វើប្រតិបត្តិការបំផ្លាញនាវាដាក់មីននៅក្នុងតំបន់នោះ។
យោធាអាមេរិកបានអះអាងថា គេបានបំផ្លាញនាវាកងទ័ពជើងទឹកអ៊ីរ៉ង់ជាច្រើនគ្រឿង រួមទាំងនាវាដាក់មីនចំនួន ១៦ គ្រឿង នៅជិតច្រកសមុទ្រ Hormuz។ ព្រឹត្តិការណ៍នេះបង្ហាញថា ការគ្រប់គ្រងសុវត្ថិភាពផ្លូវដឹកថាមពលនៅទីនេះ កំពុងក្លាយជាចំណុចប្រឈមយុទ្ធសាស្ត្រសំខាន់មួយក្នុងសង្គ្រាមបច្ចុប្បន្ន។
* ហេតុអ្វីបានជាវាអាចក្លាយជាអន្ទាក់?
ទោះជាយ៉ាងណា អ្នកវិភាគយោធាជាច្រើនជឿថា ជម្រើសដាក់ពង្រាយកងកម្លាំងជើងគោក អាចមានហានិភ័យធំជាងអត្ថប្រយោជន៍។ ប្រទេសអ៊ីរ៉ង់ មានលក្ខណៈភូមិសាស្ត្រដែលពិបាកសម្រាប់ការលុកលុយ និងការគ្រប់គ្រងយុទ្ធសាស្ត្រ។ ប្រទេសនេះ មានផ្ទៃដីប្រមាណ ១,៦៤៨,១៩៥ គីឡូម៉ែត្រក្រឡា, មានប្រជាជនជាង ៨៥លាននាក់ និងមានតំបន់ភ្នំធំៗដែលអាចក្លាយជាសមរភូមិអូសបន្លាយរយៈពេលវែង។
លើសពីនេះ អ៊ីរ៉ង់បានបង្កើតយុទ្ធសាស្ត្រ សង្គ្រាមមិនសមមាត្រ (asymmetric warfare) ដែលផ្អែកលើបណ្តាញកម្លាំងចល័ត និងសម្ព័ន្ធក្នុងតំបន់ដូចជា៖
- កងកម្លាំងមូលដ្ឋានក្នុងតំបន់
- ប្រព័ន្ធមីស៊ីលចល័ត
- បណ្តាញក្រុមសម្ព័ន្ធ និងក្រុមប្រដាប់អាវុធក្នុងតំបន់
បើសង្គ្រាមលើដីគោក ពិតជាកើតឡើង វាអាចបម្លែងជាជម្លោះអូសបន្លាយ ដែលពិបាកបញ្ចប់ក្នុងរយៈពេលខ្លី។ ប្រវត្តិសាស្ត្របានបង្ហាញថា សហរដ្ឋអាមេរិកធ្លាប់ប្រឈមស្ថានភាពស្រដៀងគ្នានេះ ក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងសង្គ្រាមអ៊ីរ៉ាក់ ដែលសង្គ្រាមទាំងពីរ បានបង្ហាញថា សង្គ្រាមលើដី អាចក្លាយជាជម្លោះយូរអង្វែង និងចំណាយធនធានយ៉ាងខ្លាំង។ បទពិសោធន៍ទាំងនេះហើយ ដែលធ្វើឱ្យអ្នកវិភាគជាច្រើនយល់ថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថានភាពស្រដៀងគ្នានេះកើតឡើងម្តងទៀតនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់នៅពេលបច្ចុប្បន្នឡើយ។
ម្យ៉ាងទៀតការធ្វើសង្គ្រាមលើដី ក៏អាចបង្កផលប៉ះពាល់នយោបាយយ៉ាងសំខាន់នៅក្នុងសហរដ្ឋអាមេរិកផងដែរ។ ប្រសិនបើការប្រយុទ្ធ នាំឱ្យមានការបាត់បង់ជីវិតទាហានច្រើន ឬសង្គ្រាមអូសបន្លាយយូរ, សម្ពាធពីសាធារណៈជនអាមេរិក អាចកើនឡើងយ៉ាងខ្លាំងលើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។ បទពិសោធន៍ពីសង្គ្រាមយូរអង្វែងនៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នៅតែជាការចងចាំដ៏ធ្ងន់ធ្ងរសម្រាប់សង្គមអាមេរិក ដែលមិនចង់ឃើញស្ថានភាពស្រដៀងគ្នានេះកើតឡើងម្តងទៀតឡើយ។
* គោលដៅពិតប្រាកដ
បើទោះបីជាមានការបង្ហើបនូវតម្រុយពីសេតវិមានអំពីជម្រើសផ្សេងៗ អាចទាំងការប្រើជម្រើសនៅលើដីក៏ដោយ, អ្នកវិភាគយោធាជាច្រើនជឿថា គោលដៅពិតប្រាកដរបស់អាមេរិក និងអ៊ីស្រាអែល មិនមែនជាការលុកលុយអ៊ីរ៉ង់ទាំងស្រុងទេ។ ផ្ទុយទៅវិញយុទ្ធសាស្ត្រសំខាន់ របស់សម្ព័ន្ធភាពអាមេរិកនិងអ៊ីស្រាអែលមានបីចំណុចគឺ៖
- បន្ថយសមត្ថភាពយោធារបស់អ៊ីរ៉ង់
- រារាំងការគំរាមដល់ផ្លូវដឹកថាមពលសំខាន់ៗ
- បង្កើតសម្ពាធយុទ្ធសាស្ត្រ ដើម្បីបង្ខំឱ្យមានការចរចា
ក្នុងន័យនេះ បើសិនជាចង់ប្រើជម្រើសផ្លូវគោក ទំនងជានឹងក្លាយជម្រើសចុងក្រោយបំផុត។ មានន័យថា អាចជាជម្រើសដែលអាចផ្លាស់ប្តូរទិសដៅសង្គ្រាមបាន ប៉ុន្តែក៏អាចបង្កហានិភ័យនៃវិបត្តិធំជាងមុនផងដែរ ប្រសិនបើស្ថានភាពលើសមរភូមិអភិវឌ្ឍទៅក្នុងទិសដៅ ដែលគ្មាននរណាអាចគ្រប់គ្រងបាន។
សេចក្ដីសន្និដ្ឋាន៖ នៅចុងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ មិនមែនជាការប្រកួតយោធារវាងប្រទេសមួយនិងមួយប៉ុណ្ណោះទេ។ វាក៏ជាការប្រកួតយុទ្ធសាស្ត្រលើការគ្រប់គ្រងថាមពលពិភពលោកផងដែរ។ សំណួរសំខាន់មិនមែនត្រឹមតែថា តើសហរដ្ឋអាមេរិកអាចឈ្នះសង្គ្រាមបានឬអត់នោះទេ ប៉ុន្តែគឺថាតើសង្គ្រាមនេះ នឹងប៉ះពាល់យ៉ាងណាដល់ស្ថិរភាពទីផ្សារថាមពល និងសេដ្ឋកិច្ចពិភពលោក?
ការប្រើកងកម្លាំងជើងគោក អាចជាវិធានការដ៏ខ្លាំងមួយ ដើម្បីធានាសុវត្ថិភាពផ្លូវដឹកប្រេង និងបង្កើតសម្ពាធលើអ៊ីរ៉ង់។ ប៉ុន្តែប្រវត្តិសាស្ត្រក៏បានបង្ហាញថា សង្គ្រាមលើដីអាចផ្លាស់ប្តូរទិសដៅសមរភូមិបាន ប៉ុន្តែក៏អាចបើកទ្វារឱ្យមានជម្លោះអូសបន្លាយ និងវិបត្តិធំជាងមុនផងដែរ។
ដូច្នេះ ខណៈដែលពិភពលោកកំពុងព្រួយបារម្ភអំពី ការខ្វះប្រេង និងតម្លៃថាមពលឡើងថ្លៃ សំណួរដ៏ធំបំផុតនៅតែមានដដែល៖ តើការបង្ហាញកម្លាំងយោធាអាចធានាសុវត្ថិភាពផ្លូវដឹកប្រេង និងនាំទៅរកសន្តិភាពបានមែនដែរឬទេ ឬវានឹងក្លាយជាចំណុចចាប់ផ្តើមន វិបត្តិធំជាងមុនសម្រាប់សេដ្ឋកិច្ចពិភពលោក?











