FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីការងារ អរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលយកចិត្តទុកដាក់ និងស្រឡាញ់រាប់អានពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ

11-03-2026 15:56

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណ ចំពោះប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលតែងផ្ដល់នូវភាពកក់ក្ដៅ និងការគោរពស្រលាញ់រាប់អាន ចំពោះប្រជាពលរដ្ឋកម្ពុជា គ្រប់កាលៈទេសៈ មិនថាក្នុងគ្រាលំបាក ឬក៏សប្បាយរីករាយ។

ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងកម្មវិធីឧបត្ថម្ភជំនួយជូនដល់វីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក ដែលកៀរគរ និងរៀបចំដោយសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា (KBAC) តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្នុងបរិវេណទីក្រុងរណប BOOYOUNG TOWN ដែលមានទាំងជំនួយសម្ភារៈប្រើប្រាស់ និងការបរិច្ចាគឈាមទៀតផង។

ក្នុងនាមរាជរដ្ឋាភិបាល និងជាពលរដ្ឋខ្មែរមួយរូប លោកបានសម្ដែងក្ដីរំភើបរីករាយ ចំពោះទឹកចិត្តដ៏សប្បុរសរបស់សមាគម KBAC ក៏ដូចជាសហគមន៍កូរ៉េនៅកម្ពុជា ដែលរួមគ្នាចេញពីបេះដូង ក្នុងការចែករំលែក ទោះបីតិចក្ដីច្រើនក្ដី តែជាសកម្មភាពដ៏មានតម្លៃ និងជាសាក្សីថ្មីមួយទៀត សបញ្ជាក់ឲ្យឃើញពីការស្រលាញ់រាប់អាន ប្រកបដោយមោនសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាជាតិទាំងពីរ។ ការណ៍នេះ លោកបានថ្លែងអំណរគុណ ចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលកូរ៉េ ដែលតែងយកចិត្តទុកដាក់ ផ្ដល់ពភាពកក់ក្ដៅ និងគោរពស្រលាញ់ប្រជាពលរដ្ឋកម្ពុជា។

លោក ហេង សួរ បន្ដថា «យើងគោរពរាប់អាន និងស្រឡាញ់គ្នា មិនគ្រាន់តែក្នុងគ្រាយើងសប្បាយរីករាយនោះទេ ប៉ុន្ដែប្រជាជន និងធុរកិច្ចជនកូរ៉េនៅកម្ពុជា គឺបង្កើនការយកចិត្តទុកដាក់ នៅពេលដែលកម្ពុជាមានបញ្ហាផងដែរ។ កាយវិការ និងសកម្មភាពទាំងអស់នេះ គឺពិតជាគួរឲ្យគោរព និងស្រលាញ់រាប់អាន ហើយខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលឃើញនូវសកម្មភាពនៃការបរិច្ចាគឈាម និងផ្ដល់នូវអំណោយថ្ងៃនេះ នឹងបានកត់ត្រាបន្ថែមទៀត នូវអ្វីជាចិត្ដសប្បុរសរបស់សហគមន៍កូរ៉េនៅកម្ពុជា»។

លោករដ្ឋមន្ដ្រីបន្ថែមទៀតថា «ទោះបីបច្ចុប្បន្ន យើងមានកិច្ចព្រមព្រៀងបទឈប់បាញ់ ប៉ុន្ដែនៅសល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ទៀត កំពុងស្ថិតនៅជំរំភៀសសឹកនៅឡើយ។ ដូច្នេះអ្វីដែលយើងបានធ្វើរួមគ្នានៅថ្ងៃនេះ មិនយឺតពេលនោះទេ គឺចំពេលតែម្ដង ។ ខ្ញុំជឿជាក់ថា បងប្អូនភៀសសឹកកម្ពុជា ពិតជាសប្បាយរីករាយ និងទទួលបាននូវសម្ភារៈ ដែលជាអំណោយសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ក៏ដូចជាសហគមកូរ៉េនៅកម្ពុជា។ ចំពោះការបរិច្ចាគឈាម មិនមែនមានតម្លៃសម្រាប់តែការជួយសង្គ្រោះបងប្អូនជនភៀសសឹកនោះទេ ប៉ុន្ដែប្រជាពលរដ្ឋកម្ពុជាដទៃទៀត ដែលត្រូវការឈាម គាត់ប្រាកដជាអរគុណ ចំពោះកម្មវិធីនៃការរៀបចំឲ្យមានការបរិច្ចាគឈាមនេះផងដែរ»។

ជាមួយគ្នាលោក Lim Woo-Taek អនុប្រធានសហពាណិជ្ជកម្មកូរ៉េ-កម្ពុជា តំណាងសមាគមអ្នកជំនួយកូរ៉េ ដែលកំពុងដំណើរការសកម្មភាពនៅកម្ពុជា បានលើកឡើងថា លោក និងធុរកិច្ចកូរ៉េទាំងអស់ មិនអាចមើលរំលងទុក្ខលំបាកករបស់ប្រជាពលរដ្ឋខ្មែរឡើយ ។ កត្ដានេះហើយ ទើបជំរុញឲ្យមានការជួបជុំរបស់សហគ្រិន និងធុរកិច្ចកូរ៉េនៅកម្ពុជា រៀបចំជាអំណោយបន្ដិចបន្ដួចជួយដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ដែលត្រូវជម្លៀសចេញពីផ្ទះសម្បែង និងកំពុងរងទុក្ខដោយសារជម្លោះព្រំដែន។

លោកបន្ដថា «ទោះបីជាអាចយឺតពេលបន្តិចក្ដី តែសកម្មភាពសប្បុរសធម៌បន្តិចបន្តួច ដែលយើងបានរៀបចំនេះ នឹងផ្តល់ជូនជាអំណោយចាំបាច់សម្រាប់ជីវិតរស់នៅ តាមរយៈការបរិច្ចាគឈាម និងផ្តល់ជូននូវសម្ភារៈចាំបាច់មួយចំនួន សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ទោះបីជាវាមិនមែនជាអំណោយអស្ចារ្យក៏ពិតមែន ប៉ុន្តែយើងសង្ឃឹមយ៉ាងមុតមាំថា ដួងចិត្តទាំងអស់ដែលយើងបានប្រមូលផ្តុំគ្នានៅថ្ងៃនេះ នឹងក្លាយជាសារបញ្ជូនទៅកាន់បងប្អូនជនភៀសសឹកថា៖ បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះនឹងគាំទ្រអ្នកទាំងអស់គ្នា»។

ជាមួយគ្នាដែរ លោក Jeon Beombae ប្រធានក្រុមហ៊ុន ស៊ីអេសស៊ី ស៊ីឃ្យូរឹធី ហ្គាដ ដែលជានិច្ចកាល តែងរៀបចំកម្មវិធីបរិច្ចាគឈាមរៀងរាល់ឆ្នាំ តែលើកនេះ លោកបានដឹកនាំក្រុមការងារ និងបុគ្គលិក ៤១នាក់ ក្នុងចំណោមអ្នកចូលរួមប្រមាណជាង ១០០នាក់ ចូលរួមបរិច្ចាគឈាម ក៏ដូចជាឧបត្ថម្ភថវិកាមួយចំនួន តាមរយៈសមាគម KBAC សម្រាប់ឧបត្ថម្ភជួយដល់បងប្អូនជនភៀសសឹកកម្ពុជា ហើយលោកក៏សង្ឃឹមថា សកម្មភាពសប្បុរសធម៌នេះ នឹងអាចរួមចំណែកជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕