ចោរប្លន់៣នាក់ដែលកម្លាំងនគរបាលតាមបង្ក្រាបនៅខេត្តកណ្តាល ត្រូវបានតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
11-03-2026 15:28
(កណ្ដាល)៖ លោក ទី គីម៉េង ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនបុរស៣នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោយកម្លាំងនគរបាលខេត្តកណ្តាលតាមបង្ក្រាបបាន ក្នុងនោះមានម្នាក់ជាចោរប្លន់ស្រ្តីលក់បន្លែនៅស្រុកកណ្តាលស្ទឹង។
ទាំងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្ត និងលោក ខា ដែនណា អ្នកនាំពាក្យតំណាងអយ្យការ បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ជនទាំង៣នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «អំពើលួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) និង ប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន» តាមបញ្ញត្តិមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្ដីពីការត្រួតពិត្យគ្រឿងញៀន។
សូមបញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាដល់កម្លាំងជំនាញរបស់ស្នងការដ្ឋានរួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ស្រុកស្អាង និងស្រុកកណ្តាលស្ទឹង បានធ្វើការស្រាវជ្រាវបង្ក្រាបមុខសញ្ញា ធាក់ប្លន់ប្រជាពលរដ្ឋនៅពេលយប់ ក្នុងភូមិសាស្ដ្រខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៣នាក់នេះ ធ្លាប់បានធ្វើសកម្មភាពធាក់ប្លន់ចំនួន៣ករណី រួមមាន៖
*ករណីទី១៖ កើតហេតុនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង១៖៣០នាទី នៅចំណុច ផ្លូវជាតិលេខ២១ ស្ថិតនៅក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
*ករណីទី២៖ កើតហេតុថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៥ ម៉ោង៥៖០០នាទី នៅចំណុច ជិតគណបក្សប្រជាជនកម្ពុជាភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
*ករណីទី៣៖ កើតហេតុនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង៣៖៥៧នាទី នៅចំណុច បណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល (ប្លន់ស្ដ្រីលក់បន្លែ)។ ករណីនេះចាប់ខ្លួនបានម្នាក់ដែលជាជនដៃដល់ និងបក្ខពួក២នាក់ទៀត កំពុងស្រាវជ្រាវ។
មុខសញ្ញាដែលនៅសេសសល់ កម្លាំងជំនាញកំពុងស្រាវជ្រាវបន្តដើម្បីឃាត់ខ្លួនចាត់ការតាមនីតិវិធី៕








