ខេត្តកណ្ដាល រកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ៥៨ទីតាំងបិទបណ្តោះអាសន្ន ព្រោះអស់ប្រេងក្នុងស្តុក
11-03-2026 14:56
(កណ្ដាល)៖ ក្រោយលោក គួច ចំរើន អភិបាលខេត្តកណ្តាល បានដាក់បញ្ជាឲ្យចុះតាមដាននិងពិនិត្យមើលស្ថានីយលក់ប្រេងឥន្ធនៈទាំងអស់, ក្រុមការងារអន្តរមន្ទីរពាណិជ្ជកម្មខេត្ត, មន្ទីររ៉ែ និងថាមពលខេត្ត និងសាខា ក.ប.ប. បានចុះត្រួតពិនិត្យស្ថានភាពស្តុក និងតម្លៃប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ ក្នុងភូមិសាស្រ្តខេត្តកណ្តាលរយៈពេល៤ថ្ងៃ។ ជាលទ្ធផលរកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន៥៨ទីតាំង បានបិទបណ្តោះអាសន្ន មូលហេតុអស់ប្រេងក្នុងស្តុក ក្នុងចំណោមស្ថានីយប្រេង៦៩០ទីតាំង ទូទាំងខេត្ត។
លោក ប៉ុន ប៊ុនធឿន ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ថា ក្រុមការងារបានចុះតាមដានគ្រប់ស្ថានីយលក់ប្រេងទាំងអស់ ដោយពុំបានរកឃើញស្ថានីយណាហ៊ានល្មើសនោះឡើយ ពោលគឺមិនមានការផាកពិន័យចំពោះស្ថានីយប្រេងណាមួយឡើយ។
ដោយឡែកលោក ប្រាក់ ករុណា ប្រធាន ក.ប.ប ខេត្តកណ្ដាល ឲ្យដឹងថា ក្រោយទទួលបញ្ជាភ្លាម ក្រុមការងារបានចុះប្រតិបត្តិការពិនិត្យរាល់ស្ថានីយ៍ទាំងអស់នៅទូទាំងខេត្ត រកបានអប់រំណែនាំដល់ម្ចាស់ស្ថានីយ៍ ត្រូវលក់ប្រេងដោយគោរពតាមការណែនាំរបស់ក្រសួង។
សម្រាប់ការចុះប្រតិបត្តិការនេះលោក ឱម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល និងជាប្រធានក្រុមអន្តរមន្ទីរ បានឲ្យដឹងថា ក្រុមការងារទាំង៣ជំនាញ បានសហការគ្នាចុះពិនិត្យ និងអប់រំដល់ម្ចាស់ស្ថានីយលក់ប្រេង ទាំងអស់ ឲ្យគោរពតាមការណែនាំ កុំឆ្លៀតលក់តម្លើងថ្លៃ ព្រោះអាចជាប់ការពិន័យ។
លោកថា រយៈពេល៤ថ្ងៃនៃប្រតិបត្តិការ ក្រុមការងារសម្រេចបានលទ្ធផលមានដូចខាងក្រោម៖
*នៅថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនកែប្រែតម្លៃប្រេងឥន្ធនៈ ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ៤៨ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ៣២ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង។
*នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រោយកែប្រែតម្លៃប្រេងឥន្ធនៈថ្មី ក្រុមការងារបានចុះពិនិត្យតាមស្ថានីយ និងដេប៉ូ ចំនួន ២៥០ទីតាំង ក្នុងនោះមានដេប៉ូបិទ ចំនួន ២៦ទីតាំង ដោយមូលហេតុ អស់ស្តុកប្រេង និងកម្មង់ មកមិនទាន់បាន។
ស្ថានភាពសន្និធិស្តុកប្រេងឥន្ធនៈ រួមមាន៖
*សម្រាប់ស្ថានីយ៍ (មាន១៣ទីតាំង)៖ សាំងនៅមានស្តុក ចន្លោះពី ១៥ ០០០លីត្រ ទៅ ២០ ០០០លីត្រម៉ាស៊ូតនៅមានស្តុក ចន្លោះពី ៨ ០០០លីត្រ ទៅ ១០ ០០០លីត្រ។
*សម្រាប់ដេប៉ូ (មាន១៣៧ទីតាំង)៖ សាំងនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៤ ០០០លីត្រ ម៉ាស៊ូតនៅមានស្តុក ចន្លោះពី ២ ០០០លីត្រ ទៅ ៣ ០០០លីត្រ។
ក្រុមការងារបានណែនាំ និងផ្សព្វផ្សាយខ្លឹមសារ នៃសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម និងតារាងតម្លៃលក់ ដោយបញ្ជាក់ចំណុចសំខាន់ រួមមាន៖ អនុវត្តថ្លៃលក់តាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម និង មិនអនុញ្ញាតឱ្យបិទបណ្តោះអាសន្ន បើមានស្តុកប្រេងឥន្ធនៈ ព្រមទាំងមិនអនុញ្ញាតលក់ តាមប៊ីដុង៕
















