FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ធ្យូបកាហ្វេ អបអរសាទរការបើកសម្ពោធសាខា អគារម៉ាលីនអូសហ្វីស ស្របពេលការរីកចម្រើនរបស់ម៉ាកយីហោខ្មែរមួយនេះ មានសន្ទុះកាន់តែខ្លាំង

11-03-2026 14:50

(ភ្នំពេញ)៖ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ធ្យូបកាហ្វេ បានរៀបចំពិធីបើកសម្ពោធសាខា អគារម៉ាលីនអូសហ្វីស ស្របពេលដែលម៉ាកយីហោរកូនខ្មែរមួយនេះ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សដ៏គួរឱ្យកត់សម្គាល់។

មានទីតាំងនៅខាងក្នុងអគារការិយាល័យ ម៉ាលីន ដែលស្ថិតក្នុងតំបន់ដ៏មមាញឹកនៃទីក្រុងភ្នំពេញ ប្រជុំទៅដោយការិយាល័យធ្វើការ សាលារៀន និងអាផាតមិន ពិធីបើកសម្ពោធនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អតិថិជន ជាមួយនឹងកម្មវិធីសប្បាយៗ និងការផ្ដល់ជូនកាដូជាច្រើន។

កម្មវិធីដ៏វិសេសវិសាលមួយនេះ ក៏មានការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់ធំដ៏គួរឱ្យរំភើប៖ សំបុត្រយន្តហោះទៅមក ពីភ្នំពេញ ទៅកូឡាឡាំពួរ ដែលអាចធ្វើទៅបានតាមរយៈការសហការរវាង ធ្យូបកាហ្វេ និង ក្រុមហ៊ុន AirAsia Cambodia ។

បន្ថែមពីលើរង្វាន់ធំ អតិថិជនក៏មានឱកាសទទួលបានកាដូភ្លាមៗរហូតដល់ 499 កាដូ ជាមួយការលេង “ចូកបាល់” ដែលកាដូរួមមាន៖ ដបទឹក បន្តោងសោរ គូប៉ុងភេសជ្ជៈ និងស្ទីកគ័រ។

ស្ថិតនៅលើកែងផ្លូវលេខ 466 និងផ្លូវព្រះនរោត្តម ធ្យូបកាហ្វេ អគារម៉ាលីនអូសហ្វីស មានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនដែលមានតម្រូវការប្រចាំថ្ងៃ។

ក្នុងកម្មវិធីនេះ កញ្ញា ស៊ូ មុន្នីពេជ្រ សហស្ថាបនិក និងជាអគ្គនាយិការបស់ក្រុមហ៊ុន ធ្យូបកាហ្វេ បានមានប្រសាសន៍ថា៖

«ទីតាំងកណ្តាលទីក្រុងរបស់ ធ្យូបកាហ្វេ សាខាអគារម៉ាលីនអូសហ្វីស ត្រូវបានជ្រើសរើសជាពិសេស ដើម្បីផ្តល់ភាពងាយស្រួល និងសម្របតាមភាពមមាញឹកក្នុងការរស់នៅប្រចាំថ្ងៃរបស់អតិថិជនយើង។ មិនថា អ្នកធ្វើការ ម្ចាស់អាជីវកម្ម ឬសិក្សានុសិស្សនោះទេ ពួកគាត់ អាចស្វែងរកកាហ្វេ ដែលគាត់ចូលចិត្ត នៅជិតគាត់ជានិច្ច»។

កញ្ញាបានបន្ថែមទៀតថា៖ ពួកយើងដឹងថាអតិថិជនម្នាក់ៗ អាចមានទម្លាប់នៃការបញ្ជាទិញខុសៗគ្នា។ សម្រាប់អតិថិជន ដែលមិនសូវមានពេលវេលា អាចធ្វើការកុម្ម៉ង់ទុកមុន តាមរយៈកម្មវិធីទូរសព្ទដៃ ធ្យូបកាហ្វេ ដែលមិនតម្រូវឱ្យតម្រង់ជួរ ឬចាំយូរ ជួយសន្សំពេលវេលារបស់អតិថិជន។ ពួកគាត់ក៏អាចកុម្ម៉ង់តាមដៃគូដឹកជញ្ជូនដូចជា foodpanda GrabFood និង WOWNOW។

បច្ចុប្បន្ននេះ ធ្យូបកាហ្វេ ដែលជាម៉ាកយីហោខ្មែរ បានពង្រីកសាខារបស់ខ្លួនទៅកាន់ 10 ខេត្ត/ក្រុង រួមមាន ភ្នំពេញ កណ្ដាល សៀមរាប កំពត បាត់ដំបង ព្រះសីហនុ ប៉ោយប៉ែត កោះកុង បាវិត និងកំពង់ស្ពឺ។

ជាមួយការរីកចម្រើនដ៏ឆាប់រហ័ស ធ្យូបកាហ្វេ មានទំនុកចិត្តក្នុងការបន្តពង្រីកសាខារបស់ខ្លួន ឈានដល់ 100 សាខា ក្នុងឆ្នាំ 2026 នេះ ហើយដំណើរការរីកចម្រើនដ៏រឹងមាំនេះ នឹងជំរុញឱ្យ ធ្យូបកាហ្វេ ក្លាយជាម៉ាកយីហោឈានមុខគេក្នុងវិស័យអាហារ និងភេសជ្ជៈនៅប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ការរីកចម្រើនរបស់ ធ្យូបកាហ្វេ គឺផ្តើមចេញពី ការប្តេជ្ញាចិត្តចំពោះគុណភាព និងអត្តសញ្ញាណក្នុងស្រុក។ ភេសជ្ជៈលក់ដាច់បំផុត និងជាភេសជ្ជៈប្រចាំហាងគឺ “កាហ្វេថ្នល់” ដែលជារសជាតិ របស់ប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះនៅគ្រប់សាខាទាំងអស់ ធ្យូបកាហ្វេ នឹងបន្តផ្តល់នូវគុណភាព រសជាតិ និងសេវាកម្មដ៏ល្អឥតខ្ចោះ ស្របតាមពាក្យស្លោករបស់ម៉ាកយីហោមួយនេះ «រហ័ស តម្លៃសមរម្យ និងគុណភាព»។