FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ជា សុមេធី ជួបសំណេះសំណាល និងសួរសុខទុក្ខជនភៀសសឹក ១២៥៦គ្រួសាររ នៅខេត្តបន្ទាយមានជ័យ

11-03-2026 16:51

(បន្ទាយមានជ័យ)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈប្រតិភូ បានជួបសំណេះសំណាល និងសួរសុខទុក្ខដល់គ្រួសារភៀសសឹកដែលរងផលប៉ះពាល់ក្នុងភូមិសាស្រ្ត ជម្លោះព្រំដែន ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានចំនួនសរុប១២៥៦គ្រួសារ ស្មើនឹង ៤,៦៥៣នាក់ ក្នុងនោះ ស្រ្តី ២,៣៤៦នាក់ និងកុមារ ១,២៨៤នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ មូលនិធិជាតិជំនួយសង្គម និងតំណាងដៃគូអភិវឌ្ឍន៍ រួមមានកម្មវិធីស្បៀងអាហារពិភពលោក មូលនិធិសហប្រជាជាតិដើម្បីកុមារប្រចាំប្រទេសកម្ពុជា គម្រោងលើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាពរបស់ GIZ រួមទាំងថ្នាក់ដឹកនាំនៃ ស.ស.យ.ក វិស័យសង្គមកិច្ច។

លោករដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលលោកតែងតែមានការព្រួយបារម្ភពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទសៈ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី បានសម្តែងនូវការចូលរួមរំលែកទុក្ខលំបាកនានាដែលបងប្អូនប្រជាពលរដ្ឋ បាននិងកំពុងប្រឈម និងសម្តែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានរៀបចំទីទួលសុវត្ថិភាពនិងជួយសម្រួលដោះស្រាយការលំបាកតាមលទ្ធភាពដែលអាចទៅធ្វើបានជូនបងប្អូនប្រជាពលរដ្ឋយើង ព្រមទាំងបានកោតសរសើរចំពោះវីរភាពរបស់កងទ័ពកម្ពុជា និងការលះគ្រប់បែបយ៉ាងជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រយុទ្ធតស៊ូនឹងការឈ្លានពានរបស់កងទ័ពថៃ ដើម្បីការពារជាតិ និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានស្ងើចសរសើរចំពោះទឹកចិត្តរបស់ប្រជាពលរដ្ឋទូទៅ ដែលបានគាំទ្រចំពោះកងទ័ព និងបងប្អូនភៀសសឹក តាមរយៈការចូលរួមគាំទ្រ និងជួយឧបត្ថម្ភកន្លងមក។

លោក ជា សុមេធី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបាននិងកំពុងដោះស្រាយជួយទ្រទ្រង់ជីវភាពជូនបងប្អូនដែលត្រឡប់ទៅភូមិឋានវិញ ជួយជួសជុល និងធ្វើផ្ទះជូនអ្នករងគ្រោះដែលខូចខាតផ្ទះ ក៏ដូចជាបន្តជួយគាំទ្រជីវភាពអ្នកដែលបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពដូចនៅទីនេះស្រាប់។
លោកបន្តថា រាជរដ្ឋាភិបាលបានបង្កើតនូវសំណាញ់សុវត្ថិភាព ដើម្បីអន្តរាគមន៍ទាំងការស្តារជីវភាព ស្តារហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង រក្សាលំនឹងជីវភាព ហើយបន្ថែមពីនេះ គឺគិតគូរដល់ការផ្តល់ជាដើមទុន ក្នុងការកសាង និងរក្សានៅនិរន្តរភាពសម្រាប់ការរស់នៅផងដែរ។

ដូច្នះយើងទាំងអស់គ្នា ត្រូវមានជំនឿលើការដឹកនាំរបស់ថ្នាក់ដឹកនាំប្រទេស ក្រោមការដឹកនាំដ៏ម៉ឺងមាត់ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងកងទ័ពរបស់យើងក្នុងការពារបូរណភាពទឹកដី និងគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងតាមរយៈការទូត។

ជាមួយគ្នានោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជា-ថៃ ដែលខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ប្រវែង១៥៣គីឡូម៉ែត្រ ដោយសារមហិច្ឆតាលោភលន់ឥតអៀនខ្មាស់របស់ រដ្ឋាភិបាល កងទ័ព និងប្រជាជនជ្រុលនិយមមួយចំនួនរបស់ប្រទេសថៃ បានបង្កឱ្យមានអរិភាព បង្កើតព្រឹត្តិការណ៍ និងឈានដល់ការធ្វើសង្គ្រាមឈ្លានពានទាំងកម្រោលពីសំណាក់ភាគីថៃ មកលើដែនដីអធិបតេយ្យភាពស្របច្បាប់ របស់កម្ពុជា។

លោកថា តាមរយៈការបញ្ឆេះភ្លើងសង្គ្រាម និងប្រព្រឹត្តអំពើឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជាយ៉ាងគឃ្លើនពីសំណាក់ភាគីថៃ បានបង្កមហន្តរាយលើគ្រប់ទិដ្ឋភាពជាច្រើននៅខេត្តបន្ទាយមានជ័យ បណ្តាល ឱ្យបាត់បង់ជីវិត និងរងរបួសជនស៊ីវិលស្លូតត្រង់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ ខូចខាតនូវហេដ្ឋារចនាសម្ព័នសាធារណៈរួមមាន៖ ផ្លូវធ្វើដំណើរ ប្រពន្ធអគ្គិសនី ប្រព័ន្ធទឹក សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ទីតាំងអាជីវកម្ម ទីអារាមសាសនា និងផ្ទៃដីលំនៅដ្ឋាន-ដីកសិកម្មជាដើម។

សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានរំលោភបំពានឈ្លានពានរំលោភទឹកដី នៃដែនអធិបតេយ្យភាពកម្ពុជា មានផ្ទះប្រជាពលរដ្ឋចំនួនជាង ២ពាន់ខ្នងត្រូវបានបំផ្លាញ និងភូមិចំនួន៦ ត្រូវបានកងទ័ពថៃ ដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោល។ ទន្ទឹមនេះក៏មានប្រជាពលរដ្ឋជាង ៣០០០គ្រួសារ ស្មើនឹងមនុស្សជាង ១១ម៉ឺនអង្គ/នាក់ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព៕