FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តកែប អបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

10-03-2026 22:22

(កែប)៖ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ «សាមគ្គីដើម្បីទីក្រុងស្អាត»

ពិធីនេះបានប្រារព្ធឡើង នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅមុខទីធ្លាសាលាខេត្តកែប។ ក្រោមអធិបតីភាពលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងចូលរួមពីថ្នាក់ដឹកនាំខេត្ត​ មន្ទីរ-អង្គភាពជុំវិញខេត្ត​ កងកម្លាំង​ទាំងបី អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

នាឱកាសនោះលោក សោម ពិសិដ្ឋ បានមានប្រសាសន៍លើកឡើងថា ការរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត នាពេលនេះ មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសារៈសំខាន់នៃទីក្រុងស្អាត ជាពិសេសការបំផុសស្មារតី ដល់ប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាអនាម័យ និងសម្អាតបរិស្ថានក្នុងក្រុងកែប​​ និងតាមបណ្ដាមូលដ្ឋាន ឱ្យកាន់តែមានសោភ័ណភាពស្រស់បំព្រង សាកសមជាទីក្រុង ដែលទទួលបានជ័យលាភី ផ្ការំដួលបីទង និងជ័យលាភី ទីក្រុងទេសចរណ៍ស្អាតអាស៊ាន។

លោកអភិបាលខេត្ត ក៏បានអានសារលិខិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិទីក្រុងស្អាត ដើម្បីផ្សព្វផ្សាយដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធី។

គួររំលឹកថា ខេត្តកែប គឺជាខេត្តទេសចរណ៍មួយ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍបរិស្ថាន និងសោភ័ណភាពទីក្រុង។ ខេត្តកែបបានទទួលស្គាល់ជាច្រើនក្នុងកម្រិតជាតិ និងអន្តរជាតិ រួមមាន៖
ពានរង្វាន់ ទីក្រុងទេសចរណ៍ស្អាតអាស៊ាន, ពានរង្វាន់ បរិស្ថានប្រកបដោយចីរភាពអាស៊ាន, ពានរង្វាន់ ទីក្រុងស្អាតថ្នាក់ជាតិ (ផ្ការំដួល ៣ទង)​ និងពានរង្វាន់ផ្សេងៗ ជាច្រេីនទៀតផងដែរ។

ការទទួលបានពានរង្វាន់ទាំងនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ ក្នុងការថែរក្សាបរិស្ថាន សណ្តាប់ធ្នាប់ និងអនាម័យសាធារណៈ ដើម្បីរក្សាភាពស្រស់ស្អាត និងភាពទាក់ទាញរបស់ខេត្តសម្រាប់ភ្ញៀវទេសចរ។

ពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក៏ជាឱកាសមួយសម្រាប់បន្តលើកទឹកចិត្ត និងជំរុញឱ្យគ្រប់មជ្ឈដ្ឋាន បន្តចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុង ដើម្បីរក្សាភាពស្អាត និងភាពទាក់ទាញរបស់ខេត្តកែបឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

ក្រៅពីពិធី នៅមុខសាលាខេត្ត គឺកម្មវិធីទិវាជាតិទីក្រុងស្អាតនេះ ក៏បានអនុវត្តនៅតាមរដ្ឋបាល ក្រុង ស្រុក និងសង្កាត់ តាមសាលារៀន និងតំបន់ផ្សេងៗ ផងដែរ ដើម្បីពង្រឹងការយល់ដឹង និងលើកទឹកចិត្តឱ្យគ្រប់មជ្ឈដ្ឋានចូលរួមថែរក្សាបរិស្ថាន និងអនាម័យសាធារណៈ ឱ្យកាន់តែមានភាពផុលផុសឡើងថែមទៀត៕