FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិភាគអន្តរជាតិ៖ ហេតុអ្វីអ៉ីរ៉ង់រើសយកការពង្រីកសង្រ្គាម?

10-03-2026 20:59

(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានម៉ោងដំបូងនៃការវាយប្រហាររួមគ្នារវាងយោធាអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានបង្ហាញពីការឈានដល់កម្រិតកំពូលនៃសង្រ្គាមសម័យទំនើប ក្នុងការវាយប្រហារចំៗគោលដៅ។ ការវាយប្រហារនោះបានសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei រួមជាមួយមេបញ្ជាការជាន់ខ្ពស់នៃកងកម្លាំងឆ្មាំបដិវត្តន៍ និងមន្ត្រីចារកម្មអ៉ីរ៉ង់ សំខាន់ៗជាច្រើននាក់ ដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងហ្ស៊េរុយសាឡិមហៅនេះជាការបំផ្លិចបំផ្លាញដ៏ធំមួយដែលមានបំណងកម្ទេចរចនាសម្ព័ន្ធទីបញ្ជាការរបស់តេហេរ៉ង់ និងបង្កអស្ថិរភាពដល់របបដឹកនាំអ៉ីរ៉ង់។

ក៏ប៉ុន្តែប៉ុន្មានម៉ោងក្រោយមក ក្ដីសង្ឃឹមថាការវាយប្រហារសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់នឹងដាក់កំហិតលើវិសាលភាពនៃសង្រ្គាមបានរលាយសាបសូន្យ។ អ៉ីរ៉ង់មិនត្រឹមតែបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនសងសឹកនឹង អ៉ីស្រាអែលប៉ុណ្ណោះទេ តែក៏បានវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់នៅទូទាំងតំបន់ឈូងសមុទ្រផងដែរ។ ហេតុអ្វីអ៉ីរ៉ង់ជ្រើសរើសយកការពង្រីកសង្រ្គាមទៅវិញ ទាំងដែលដឹងខ្លួនទៅហើយថាមិនអាចយកឈ្នះ សហរដ្ឋអាមេរិក និងអ៉ីស្រាអែលបានផងនោះ? តាមក្រុមអ្នកជំនាញ ដោយសារតែដឹងថាមិនអាចឈ្នះសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ទើបអ៉ីរ៉ង់ជ្រើសរើសយកការពង្រីកសង្រ្គាមចេញពីទឹកដីអ៉ីរ៉ង់។

នេះជាយុទ្ធសាស្ត្រមួយដែលភាគីខ្សោយជាងដូចជាអ៉ីរ៉ង់ប្រើប្រាស់នៅក្នុងជម្លោះយោធា ហើយគោលដៅចម្បង នោះគឺចង់បង្កើតសម្ពាធនយោបាយ និងសេដ្ឋកិច្ច។ តែវាក៏ប្រថុយនឹងគ្រោះថ្នាក់ខ្លាំងណាស់ដែរ។ តាមលោក ROBERT A. PAPE ជាសាស្ត្រាចារ្យម្នាក់ផ្នែកវិទ្យាសាស្ត្រនយោបាយ និងជានាយកគម្រោងស្ដីពីសន្តិសុខ និងការគំរាមកំហែងនៃសាកលវិទ្យាល័យ University of Chicago អ៉ីរ៉ង់រើសយក ការពង្រីកសង្រ្គាមក្រោមហេតុផល ៤យ៉ាង៖

* ទី១៖ អ៉ីរ៉ង់ចង់បង្ហាញពីភាពធន់។ ការវាយប្រហារសម្លាប់មេដឹកនាំកំពូលអ៉ីរ៉ង់មានគោលដៅធ្វើឱ្យយោធាអ៉ីរ៉ង់គាំងដំណើរការ ព្រោះពស់គ្មានក្បាលមិនអាចវារទៅមុខរួច។ ដូច្នេះតាមរយៈការវាយប្រហារសងសឹក ក្នុងទ្រង់ទ្រាយធំក្នុងពេលប៉ុន្មានម៉ោងក្រោយបាត់បង់មេដឹកនាំកំពូល និងមេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ ទីក្រុងតេហេរ៉ង់ចង់បង្ហាញថាទីបញ្ជាការយោធា និងសមត្ថភាពធ្វើប្រតិបត្តិការនៅតែអាច ដំណើរការជាធម្មតា។

ទី២៖ អ៉ីរ៉ង់បានពង្រីកវិសាលភាពសង្រ្គាមចេញពីទឹកដីអ៉ីរ៉ង់ ដើម្បីបង្កផលប៉ះពាល់តាមដែលអាចធ្វើទៅបាន។ ជំនួសឱ្យការកម្រិតការវាយប្រហារសងសឹកតែទៅលើអ៉ីស្រាអែល អ៉ីរ៉ង់បានវាយប្រហារ និងមាន បំណងកំណត់គោលដៅលើប្រទេសយ៉ាងហោច៩ ដែលមានមូលដ្ឋានទ័ពអាមេរិក ដូចជា អាស៊ែបៃហ្សង់ បារ៉ែន ក្រិក អ៉ីរ៉ាក់ ហ្ស៊កដានី កូវ៉ែត កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម។ នៅទីនេះសារដែលអ៉ីរ៉ង់ ចង់បញ្ជូនគឺបណ្ដាប្រទេសទាំងនោះដែលមានកងទ័ពអាមេរិកឈរជើងនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ហើយសង្គ្រាមដែលសហរដ្ឋអាមេរិក និងអ៉ីស្រាអែលជាអ្នកចាប់ផ្ដើមមុននឹងរីករាលដាល។

ទី៣៖ អ៉ីរ៉ង់ចង់ប្រើប្រាស់សង្រ្គាមដើម្បីដាក់សម្ពាធសេដ្ឋកិច្ច​ និងនយោបាយតាមរយៈការវាយប្រហាររបស់ខ្លួន។ ការវាយប្រហារសងសឹករបស់អ៉ីរ៉ង់បានបង្កឱ្យអាកាសយានដ្ឋាននៅតាមបណ្ដាប្រទេសអារ៉ាប់ជាច្រើន ត្រូវបិទទ្វារ ឬផ្អាកដំណើរការផ្នែកខ្លះ បំផ្លាញទ្រព្យសម្បត្តិ ធ្វើឱ្យមានមនុស្សបាត់បង់ជីវិត និងរងរបួស ព្រមទាំងបង្កការរំខានដល់ទីផ្សារថាមពល និងធានារ៉ាប់រង។ បណ្ដាមេដឹកនាំអារ៉ាប់បាន និងកំពុងព្យាយាម ធានាសុវត្ថិភាពដល់ក្រុមអ្នកវិនិយោគបរទេស និងភ្ញៀវទេសចរ។ សង្រ្គាមក៏បានរាលដាលចូលទៅដល់បន្ទប់របស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនធំៗ និងអ្នកតំណាងរាស្ត្រផងដែរ។ នៅសហរដ្ឋអាមេរិក ការកើនឡើង នៃវិសាលភាពសង្រ្គាមបានឱ្យសញ្ញាអាសន្នដល់សមាជិកសភាអាមេរិកមួយចំនួន។ មានតួអង្គជាច្រើនដែលបានចូលរួមក្នុងជម្លោះ តែពួកគេទាំងអស់មានផលប្រយោជន៍ផ្សេងៗគ្នា ហើយក៏មិនមានការសម្របសម្រួល សហការគ្នាបានពេញលេញនោះដែរ ហើយពួកគេទាំងអស់មានសមត្ថភាពកែប្រែទិសដៅនៃការកើនឡើងជម្លោះហួសចេញពីការគ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន។

* ទី៤ និងចុងក្រោយគេ គឺពេលវេលា៖ ប្រសិនបើអ៉ីរ៉ង់ទ្រាំបានយូរ ហើយជម្លោះអូសបន្លាយកាន់តែយូរ សម្ពាធនយោបាយ សេដ្ឋកិច្ច និងសន្តិសុខនៅក្នុងបណ្ដាប្រទេសអារ៉ាប់អាចនឹងធ្វើឱ្យជម្លោះកាន់តែតានតឹង។ ក៏ប៉ុន្តែនៅមជ្ឈិមបូព៌ាមិនមានបក្សសម្ព័ន្ធដូច NATO នោះទេ ហើយក៏មិនមានឧត្តមសេនីយ៍អាមេរិកម្នាក់គ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពលើប្រតិបត្តិការយោធារួមសម្រាប់ប្រទេសទាំងអស់ដែលរងការវាយប្រហារ ពីអ៉ីរ៉ង់នោះដែរ។ ការណ៍នេះវាងាយបង្កឱ្យមានហានិភ័យនៃការគណនាខុស ឬយល់ច្រឡំ។ ក្នុងពេលបច្ចុប្បន្ន ក្រុមមន្ត្រីអាមេរិកបានលើកឡើងពីគំនិតដុតបញ្ឆេះឱ្យមានការការបះបាររបស់កងកម្លាំងប្រដាប់អាវុធឃើដ ប្រឆាំងនឹងអ៉ីរ៉ង់។ តែការធ្វើបែបនេះអាចនឹងជំរុញឱ្យមានការឆ្លើយតបទាំងកំហឹងពីអ៉ីរ៉ាក់ ស៊ីរី និងតួកគីយ៉េដែលប្រទេសទាំងអស់នេះមិនចង់ឃើញការបះបោរឃើដដ៏មានឥទ្ធិពលនៅក្នុងតំបន់នោះទេ។

ម្យ៉ាងវិញទៀត ករណីច្រឡំបាញ់ទម្លាក់យន្ដហោះចម្បាំងអាមេរិក ៣គ្រឿងនៅកូវ៉ែត ក៏បានបង្ហាញដែរពីបញ្ហាភស្តុភារ និងការសម្របសម្រួលដែលអាចនឹងធ្វើឱ្យការព្យាយាមទប់ទល់នឹងការបង្កើនជម្លោះរបស់អ៉ីរ៉ង់ មានការលំបាក។ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់បានពង្រឹងភាពឡូហ្ស៉ីកនេះជាសាធារណៈតាមរយៈការចាត់ទុកថាការវាយប្រហារដោយបាញ់មីស៊ីល និងដ្រូនរបស់អ៉ីរ៉ង់គឺជាការចំណាត់ការស្របច្បាប់ប្រឆាំងនឹង កងកម្លាំងអរិភាពទាំងអស់នៅក្នុងតំបន់។ ការប្រើប្រាស់ប្រយោគបែបនេះមានន័យថាក្រៅពីសហរដ្ឋអាមេរិក​ និងអ៉ីស្រាអែល បណ្ដាប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកក៏មានចំណែកទទួលខុសត្រូវចំពោះ ការវាយប្រហារលើអ៉ីរ៉ង់ផងដែរ។ ថ្វីបើប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានសូមទោសបណ្ដាប្រទេសក្បែរខាងដែលរងការវាយប្រហារពីអ៉ីរ៉ង់ក៏ពិតមែន តែការតែងតាំងមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មីដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ វាអាចសន្មត់បានថាការតែងតាំងជាយុទ្ធសាស្ត្រមួយជាជាងការឱ្យសញ្ញាថាតេហរ៉ង់មានបំណងបោះបង់ចោលយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការបង្កើនជម្លោះ។

តាមលោក ROBERT A. PAPE ជាមូលដ្ឋាន យុទ្ធសាស្ត្របង្កើនជម្លោះរបស់អ៉ីរ៉ង់ជាយុទ្ធសាស្ត្រនយោបាយមួយ។ មានន័យថាអ៉ីរ៉ង់មានបំណងប្រើយុទ្ធសាស្ត្រនេះជាមួយនរណាដែលអ៉ីរ៉ង់ចង់បញ្ចុះបញ្ចូល៖ នោះគឺ ប្រជាជនមូស្លីមនៅទូទាំងតំបន់មជ្ឈិមបូព៌ាដែលមិនមានជាប់ពាក់ព័ន្ធខាងមនោគមន៍វិជ្ជាជាមួយអ៉ីរ៉ង់ទេ ប៉ុន្តែជាទូទៅមានទស្សនៈអវិជ្ជមាន ឬមិនចូលចិត្តអ៉ីស្រាអែល។

និយាយជារួមការសងសឹករបស់អ៉ីរ៉ង់ គឺមានភ្ជាប់ជាមួយកម្មវត្ថុនយោបាយច្បាស់លាស់។ អ៉ីរ៉ង់ចង់បង្កើនផលវិបាកខាងនយោបាយលើបណ្ដាប្រទេសអារ៉ាប់ដែលមានកងទ័ពអាមេរិកឈរជើង។ ជាក់ស្ដែង តាមរយៈការវាយប្រហារនៅក្បែរមូលដ្ឋានទ័ពអាមេរិក Al Udeid (កាតា) Al Dhafra (អេមីរ៉ាតអារ៉ាប់រួម) និង Prince Sultan (អារ៉ាប៊ីសាអូឌីត) ទីក្រុងតេហេរ៉ង់ចង់បញ្ជូនសារថាសម្ព័ន្ធភាពជាមួយទីក្រុងវ៉ាស៊ីនតោន មិនមែនមានន័យថាពួកគេអាចគេចផុតពីការវាយប្រហារបាននោះទេ។ ដូច្នេះមេដឹកនាំអារ៉ាប់ត្រូវតែថ្លឹងថ្លែងឱ្យបានច្បាស់រវាងការប្ដេជ្ញាចិត្តនៃសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិក និងស្ថិរភាពនៅក្នុងស្រុក និងសេដ្ឋកិច្ច៕