រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំពិភាក្សាយន្តការអនុវត្ត គោលនយោបាយសាកល្បងលើកលែងទិដ្ឋាការពលរដ្ឋចិន ៤ខែ ឆ្នាំ២០២៦
10-03-2026 16:35
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្តល់យោបល់លើយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃគោលនយោបាយសាកល្បងនៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង៤ខែ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង និងតំណាងក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងឧកញ៉ា លោក លោកស្រី តំណាងផ្នែកឯកជន សរុបចំនួន៥៤រូប។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការកំណត់សូចនាករគន្លឹះសម្រាប់ទេសចរចិន, ត្រួតពិនិត្យ តាមដានវឌ្ឍនភាពការងារ, ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយទេសចរណ៍កម្ពុជាសម្រាប់ទីផ្សារចិន និងយន្តការ M&E ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយសាកល្បងនៃការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលសាកល្បង ៤ខែ ឆ្នាំ២០២៦ ដែលបានផ្តល់គោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការដល់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសផ្សេងទៀតក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យកាន់តែច្រើននិងទាញប្រយោជន៍សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា។
រយៈពេលសាកល្បងនេះ អនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ ២០២៦ (អំឡុងពេលរដូវកាលបៃតង)។ ភ្ញៀវចិនអាចស្នាក់នៅរយៈពេល១៤ថ្ងៃ ដោយភ្ញៀវចិន មកកម្ពុជា ប៉ុន្មានលើកក៏បាន (Multiple Entries) និងពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival Card៕










