មានពលរដ្ឋជាច្រើនកំពុងផុងខ្លួនជាមួយកម្ចីអនឡាញ អ្នកខ្លះចង់ធ្វើអត្តឃាតក៏មានព្រោះអស់លទ្ធភាពសង
10-03-2026 13:13
(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលកំពុងផុងខ្លួនជាមួយកម្ចីអនឡាញ បានត្អូញត្អែរអត់លទ្ធភាពសងត្រឡប់ ដែលតម្រូវឱ្យបង់ការប្រាក់ជាប្រចាំថៃ ឬប្រចាំសប្តាហ៍ជាមួយអត្រាការប្រាក់ខ្ពស់ ហើយត្រូវរងការគំរាមពីក្រុមហ៊ុនកម្ចីបង្ហោះជារូបភាពលើបណ្តាញសង្គម ឬហៅទូរស័ព្ទទៅកាន់សាច់ញាតិ និងមិត្តភក្តិជាដើម។ អ្នកកម្ចីខ្លះព្រោះមិនអាចទ្រាំសម្ពាធនៃភាពអាម៉ាស់ និងមិនមានដំណោះស្រាយមានបំណងធ្វើអត្តឃាតថែមទៀតផង។
ក្នុងលក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះព្រោះមិនចង់រងភាពអាម៉ាស់ តែចង់បានដំណោះស្រាយគេចផុតពីគារគំរាម និងសំឡុតពីអ្នកផ្តល់កម្ចី ដែលពួកគេប្រដូចទៅនឹងព្រាយបិសាចតាមលងបន្លាចពួកគេរាល់ថ្ងៃនោះ អ្នកកំពុងផុងខ្លួនជាមួយកម្ចីអនឡាញជាច្រើនរូប បានផ្ញើសារមកកាន់អ្នកសារព័ត៌មាន Fresh News ជួយរកដំណោះស្រាយ ឬបង្ហោះជាព័ត៌មានស្វែងរកដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ ឬបានជាដំណឹងដល់ពលរដ្ឋដទៃទៀតកុំឱ្យផុងខ្លួនដូចជាពួកគេ។
អ្នកកំពុងផុងខ្លួនជាមួយកម្ចីអនឡាញទាំងនេះ បានរៀបរាប់មកថា អ្នកខ្លះផ្តើមកម្ចីដំបូង ដើម្បីដោះស្រាយបញ្ហា តែខ្លះទៀតផ្តើមកម្ចីដំបូង ក៏ព្រោះក្រុមអ្នកផ្តល់កម្ចីមកបញ្ចុះបញ្ចូលឱ្យពួកគេខ្ចី។
បើតាមអ្នកកំពុងផុងខ្លួនជាមួយកម្ចីអនឡាញទាំងនេះ បានឱ្យដឹងថា កម្ចីរបស់ពួកគេភាគច្រើនធ្វើជាមួយកម្មវិធីលើទូរស័ព្ទដៃ ដែលហៅថា App មានដូចជា khmerLoan24, Mobi Loan, Luy Now, CashU, Cash Me, GetLoan, LionVIP, Spean Luy, HastyCredit និងកម្មវិធីជាច្រើន ផ្សេងទៀត។
តាមរយៈកម្មវិធីនេះ មុននឹងទទួលបានប្រាក់កម្ចី គេតម្រូវឱ្យអ្នកខ្ចីបំពេញអត្តសញ្ញាណ លេខទូរស័ព្ទ និងរូបថតជាដើម។ តាមរយៈទិន្នន័យទាំងនេះ គេនឹងយកទៅប្រើប្រាស់សម្រាប់គំរាមកំហែងសម្រាប់ទារការប្រាក់ ឬអ្នកខ្ចីបង់មិនទាន់ជាដើម។
យោងតាមព័ត៌មានពីអ្នកដែលកំពុងផុងខ្លួនជាមួយកម្ចីនេះ បានឱ្យដឹងថា អ្នកខ្លះកម្ចីដំបូងត្រឹម៥០ដុល្លារ ខ្លះក៏ច្រើនជាងនេះ ហើយគេតម្រូវឱ្យបង់ការប្រាក់រាល់សប្តាហ៍។ ទឹកប្រាក់ ៣៥ដុល្លារ ត្រូវបង់ប្រមាណ ៥០ដុល្លារក្នុងមួយសប្តាហ៍។
អ្នកកម្ចីរៀបរាប់បន្តថា បើពួកគេរកលុយបង់មិនទាន់ទេនោះ គេក៏ណែនាំឱ្យទៅខ្ចីនៅក្រុមហ៊ុនផ្សេងយកលុយមកសងពួកគេ។ ក្រុមហ៊ុនដែលអ្នកផ្តល់កម្ចីណែនាំបន្តបន្ទាប់នោះ ត្រូវបានដាក់ការសង្ស័យថា ជាក្រុមហ៊ុនតែមួយ។ អ្នកខ្ចីត្រូវធ្វើបែបនេះជាបន្តបន្ទាប់ ធ្វើឱ្យបំណុលចេះតែកើន ខ្លះកើនដល់រាប់រយដុល្លារ ហើយអ្នកខ្លះទៀតកើនដល់រាប់ពាន់ដុល្លារក៏មាន។
អ្នកខ្ចីនៅពេលរកលុយសងមិនទាន់ ឬមិនព្រមខ្ចីបន្តតាមការណែនាំរបស់ពួកគេទេនោះ ក៏ត្រូវគេគំរាមយករូបថតចែកចាយលើបណ្តាញសង្គម ឬហៅទូរស័ព្ទទៅកាន់សាច់ញាតិ និងមិត្តភក្តិជាដើម។
ការផ្តល់កម្ចីអនឡាញ ត្រូវបានធនាគារជាតិ និងអាជ្ញាធរពាក់ព័ន្ធធ្លាប់បានអះអាងរួចមកហើយថា ជាសកម្មភាពខុសច្បាប់ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋមិនឱ្យស្វែងរកកម្ចីអនឡាញបែបនេះនោះឡើយ។
ការផ្តល់កម្ចីមានអត្រាការប្រាក់ខ្ពស់ មិនមានច្បាប់អនុញ្ញាតសម្រាប់ការធ្វើអាជីវកម្ម ការយករូបភាពរបស់អ្នកខ្ចីទៅបង្ហោះលើទីសាធារណៈ ការបម្រើសម្តីគំរាមកំហែង គឺសុទ្ធតែជាទង្វើផ្ទុយនឹងច្បាប់។
ដើម្បីគេចចេញពីការគំរាមកំហែង ឬការផុងខ្លួនកាន់តែជ្រៅក្នុងបំណុលនេះ សមត្ថកិច្ចជំនាញបានផ្តល់យោបល់ឱ្យអ្នកកំពុងផុងខ្លួនក្នុងកម្ចីនេះ ទៅប្តឹងសមត្ថកិច្ចដូចជានគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាស្ថិតនៅក្រសួងមហាផ្ទៃ ឬនៅតាមស្នងការដ្ឋានខេត្តដែលពួកគេរស់នៅ។
ទន្ទឹមនឹងការរាយការណ៍នូវរឿងរ៉ាវផុងខ្លួនជាមួយកម្ចីអនឡាញ ក្រុមអ្នកខ្ចី ក៏បានបង្ហាញមកជាមួយនូវលេខទូរស័ព្ទរបស់ក្រុមអ្នកផ្តល់កម្ចីខុសច្បាប់នេះផងដែរ។ ពួកគេរំពឹងថា បានជាតម្រុយដល់សមត្ថកិច្ច ដើម្បីវែកមុខរកជនកំពុងធ្វើសកម្មភាពខុសច្បាប់ទាំងនេះ៕




































