FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ដើម្បីលើកកម្ពស់តម្លៃស្ត្រី

09-03-2026 18:40

(ភ្នំពេញ)៖ លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងឧត្តមភរិយា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិកជានារី ដើម្បីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទដ៏មានសារៈសំខាន់ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដើម្បីលើកកម្ពស់តម្លៃស្ត្រី និងរំលឹកដល់ការតស៊ូទាមទារសិទ្ធិសេរីភាពរបស់នារី នៅលើសកលលោក ។

ក្នុងឱកាសនោះ លោក រឿន រិទ្ធីពង្ស បានគូសបញ្ជាក់ថា ប្រធានបទឆ្នាំនេះ ពិតជាមានអត្ថន័យជ្រាលជ្រៅ ដែលបង្ហាញថា «សន្តិភាព» គឺជាគ្រឹះមិនអាចខ្វះបានសម្រាប់កសាងសន្តិសុខ សុភមង្គល និងការអភិវឌ្ឍក្នុងគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល។ ស្ត្រីមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិភាពក្នុងគ្រួសារ និងចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងាររដ្ឋបាលសាធារណៈ។

ក្នុងគោលបំណងលើកកម្ពស់ អំពីសារៈសំខាន់ នៃតួនាទីរបស់ស្ត្រីគ្រប់រូបនៅក្នងសង្គម ដែលត្រូវបានចាត់ទុកថា ជាឆ្អឹងខ្នងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព ស្ថិរភាព និងវិបុលភាពសង្គម។ ស្រ្តីនៅតែជាដៃគូមិនអាចខ្វះបាន។

ជាមួយគ្នានេះដែរ លោកប្រធាន បានថ្លែងនូវការកើតសសើរចំពោះការខិតខំ ប្រឹងប្រែងរបស់មន្រ្តីរាជការជាស្ត្រីគ្រប់លំដាប់ថ្នាក់ ដែលមានសាមគ្គីផ្ទៃក្នុង ល្អ នឹងរួមចំណែកអនុវត្តការងារជូនមន្ទីរ ឱ្យមានការរីកចំរើនរហូតមកដល់សព្វថ្ងៃនេះ។

ជាមួយគ្នានេះ លោកសំណូមពរដល់មន្ត្រី និងបុគ្គលិកជាបុរសទាំងអស់ ត្រូវខិតខំស្វែងយល់អំពីបញ្ហាយែនឌ័រ និងចូលរួម សហការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារ ការរើសអើងចំពោះស្ត្រី និងបង្ករលក្ខណៈឱ្យស្ត្រីមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការចូលរួមគ្រប់សកម្មភាពរបស់មន្ទីរ និងសង្គមជាតិយើង។

លោក រឿន រិទ្ធីពង្ស ក៏បានណែនាំដល់មន្ត្រីទាំងអស់ នៃមន្ទីរសង្គមកិច្ច ត្រូវបន្តពង្រឹង សកម្មភាព អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាបន្តទៀត ធ្វើយ៉ាងណាដើម្បីធានា ដល់ការអភិវឌ្ឍន៍ខ្លួនក្នុងវិស័យសង្គមិច្ច ឲ្យកាន់តែប្រសើរឡើង ស្របទៅនឹងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួង ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។

លោកប្រធានមន្ទីរ ក៏បានផ្ដល់ជូននូវវត្ថុអនុស្សាវរីយ៍ដល់មន្ត្រីជាស្ត្រីទាំងអស់ នៅក្នុងមន្ទីរសង្គមកិច្ចរាជធានី ដើម្បីទុកជាអនុស្សាវរីយ៍ក្នុងទិវាអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា និងជាការលើកទឹកចិត្តដល់មន្ត្រី ដែលបានខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់ខ្លួន ក្នុងវិស័យសង្គមកិច្ចនេះ បានយ៉ាងល្អប្រសើរនាពេលកន្លងមកនោះ៕