FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិករ៖ តម្រូវការពងទានៅក្នុងស្រុកមានសន្ទុះកើនឡើងខ្លាំង ក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ (Video inside)

09-03-2026 16:08

(កណ្ដាល)៖​ លោក សៀវ វិសុទ្ធ ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង «ខ្មែររីករាយ» នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះ តម្រូវការពងទាក្នុងស្រុកកំពុងមានសន្ទុះយ៉ាងខ្លាំង ក្រោយច្រកព្រំដែនកម្ពុជា-ថៃ ផ្អាកដំណើរការ ដោយក្នុង១ថ្ងៃៗ តម្រូវការពងទាផ្គត់ផ្គង់ចន្លោះពី ៨លាន ទៅ៩លានគ្រាប់ក្នុងមួយថ្ងៃ។

ផ្ដើមអាជីវកម្មតាំងពីឆ្នាំ២០០៣, លោក សៀវ វិសុទ្ធ ធ្លាប់ជាឈ្មួញកណ្ដាលទិញលក់ពងមាន់ និងពងទា ពីកសិករ ដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារដែលមានស្រាប់។ ក៏ប៉ុន្តែភាពមិនច្បាស់លាស់នៃការផ្គត់ផ្គង់ដែលត្រូវទិញនិងលក់បន្ត ធ្វើឱ្យលោកសម្រេចចិត្តកសាងអាជីវកម្មនេះដោយខ្លួនឯង។

មានផ្ទៃដីជាង២ហិចតា, កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ មានទាប្រហែល ១០ម៉ឺនក្បាល ដែលអាចប្រមូលផលបានចន្លោះពី ៨០,០០០ ទៅ៩០,០០០គ្រាប់ក្នុងមួយថ្ងៃ។ ក៏ប៉ុន្តែចំនួននេះ មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ ដែលតម្រូវឱ្យលោកបន្តប្រមូលទិញពីកសិករក្នុងសហគមន៍ ដើម្បីចែកចាយទៅលើទីផ្សារបន្ថែមទៀត។

កសិកររូបនេះលើកឡើងថា សព្វថ្ងៃកសិដ្ឋានរបស់លោក មានកម្មករប្រហែល ៥០ ទៅ៦០នាក់ ក្នុងនោះក៏មានបងប្អូនជនភៀសសឹកជាង២០នាក់ មកពីខេត្តឧត្តរមានជ័យផងដែរ។ លោកបញ្ជាក់ថា ការចិញ្ចឹមទាយកពងនេះ ទាមទារទុនចំណាយច្រើន ជាពិសេសលើការថែទាំ ការចាក់វ៉ាក់សាំងជាដើម។ លោក បន្តថា លោកធ្លាប់មានបំណងចង់បោះបង់អាជីវកម្មមួយនេះ ដោយសារតែតម្រូវការបច្ចេកទេសខ្ពស់ ដើមទុនក៏ច្រើនថែមទៀត ក៏ប៉ុន្តែកម្លាំងជំរុញចិត្តរបស់លោកធំធេង ល្មមអាចជម្នះរាល់បញ្ហានានា។

ម្ចាស់កសិដ្ឋានរូបនេះ សង្កេតឃើញថា តម្រូវការពងទាមានការកើនឡើងច្រើនជាងមុន ក្រោយសង្គ្រាមព្រំដែនកម្ពុជា-ថៃ ដោយប្រជាពលរដ្ឋបានចាប់ផ្ដើមគាំទ្រនូវផលិតផលក្នុងស្រុក រួមទាំងកសិផលផងនោះ បានធ្វើឱ្យការបញ្ជាទិញមានការកើនឡើង។ ទន្ទឹមនឹងការកើនឡើងនេះ លោក បានបញ្ជាក់ថា នៅសហគមន៍របស់លោកអាចផ្គត់ផ្គង់ត្រឹមមួយផ្នែកប៉ុណ្ណោះ ខណៈតម្រូវការពងទាទូទាំងប្រទេសមានចន្លោះពី ៨លាន ទៅ៩លានគ្រាប់ក្នុងមួយថ្ងៃ។

ស្របពេលជាមួយនឹងតម្រូវការកើនឡើង លោក សៀវ វិសុទ្ធ បានលើកឡើងថា បញ្ហាតម្លៃពងទាមានការធ្លាក់ចុះ ដោយសារតែការប្រមូលផលនូវកសិផលនានានៅរដូវតែមួយដូចគ្នា ទន្ទឹមនឹងផលិតកម្មពងទាកើនឡើងជាប្រចាំ ធ្វើឱ្យតម្លៃមានការប្រែប្រួល។ លោក បន្តថា ការងារចិញ្ចឹមសត្វទានេះ មិនមែនបានផលរហូតនោះទេ ក្នុងទាមួយក្បាលអាចប្រមូលផលពងបានតែចន្លោះពី១ឆ្នាំកន្លះទៅ២ឆ្នាំប៉ុណ្ណោះ។

ក្រៅពីបញ្ហាតម្លៃ កសិកររូបនេះ បញ្ជាក់ថា បញ្ហាប្រឈមមួយចំនួនផ្សេងទៀតដែលផ្ដល់ផលលំបាកដល់កសិករ តួយ៉ាងដូចជា បញ្ហាពូជសត្វ បញ្ហាទុន បញ្ហាចំណីសត្វ និងបញ្ហាទីផ្សារនេះតែម្ដង។ ក៏ប៉ុន្តែសម្រាប់បញ្ហាបច្ចេកទេស លោកថាមិនសូវស្មុគស្មាញដូចពីមុន ព្រោះសម័យនេះជាសម័យឌីជីថល ការផ្សព្វផ្សាយទូលំទូលាយ សំខាន់ក៏មានការចូលរួមពីមន្ត្រីកសិកម្មផងដែរ។

កសិកររូបនេះក៏បានរំលេចពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាកសិករ និងដំណោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម តាមរយៈការចងក្រងសហគមន៍កសិកម្មទំនើប ក្រោមការអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលនឹងអាចជួយដល់កសិករបាន។ លោក រំពឹងថានៅថ្ងៃខាងមុខ នៅមូលដ្ឋានរបស់លោក នឹងអាចមានសហគមន៍កសិកម្មទំនើបចិញ្ចឹមទាយកពង ដើម្បីធានាពីនិរន្តរភាពនៃថ្លៃ និងការផ្គត់ផ្គង់នៅលើទីផ្សារ។

ជាថ្មីម្ដងទៀត ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកពង ខ្មែររីករាយ បានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ រួមគ្នាជាកម្លាំងតែមួយ​បន្តរួបរួមគ្នា គាំទ្រគ្នា ជាពិសេសផលិតផលក្នុងស្រុករបស់យើង៕