អាជ្ញាធរខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់ក្រុមកិច្ចការពារកុមារថ្នាក់ខេត្ត និងការរៀបចំផែនការកិច្ចការពារកុមារ សម្រាប់ឆ្នាំ២០២៦
09-03-2026 15:39
(រតនគិរី)៖ លោកស្រី ញាន ទិត្យចិន្តា អភិបាលរងខេត្តរតនគិរី នៅព្រឹកថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់ក្រុមកិច្ចការពារកុមារថ្នាក់ខេត្ត និងការរៀបចំផែនការកិច្ចការពារកុមារ សម្រាប់ឆ្នាំ២០២៦។ កិច្ចប្រជុំមានគោលបំណងបង្ហាញពីលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់ ក្រុមការងារកិច្ចការពារកុមារថ្នាក់ខេត្ត និងការធ្វើផែនការសកម្មភាព ប្រចាំឆ្នាំ២០២៦ ដែលមន្ទីរអង្គភាពជា សមាជិកក្រុមការងារកិច្ចការពារកុមារត្រូវរៀបចំផែនការសកម្មភាពរបស់ខ្លួន ហើយបញ្ចូលក្នុងផែនការសកម្មភាព រួមរបស់ក្រុមកិច្ចការពារកុមារថ្នាក់ខេត្ត។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងក្នុងសាលប្រជុំអគារ(B) សាលាខេត្ត ដោយមានការចូលរួមពីលោក ហ៊ត ស៊ុនហោ ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត,លោក-លោកស្រី ក្រុមការងារកិច្ចការពារកុមារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងតំណាង អង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត។
នាឱកាសនោះដែរ លោកស្រី ញាន ទិត្យចិន្តា បានកោតសរសើរពីសមិទ្ធផលការងារកិច្ចការពារកុមារសម្រេចលទ្ធផលកន្លងមក ប្រកបដោយផ្លែផ្កាសម្រាប់កិច្ចការពារកុមារ នៅក្នុងខេត្តរតនគិរី ដែលធានានូវការគោរព គោលការណ៍សិទ្ធិទាំង៤ របស់គេរួមមាន៖ ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ និងការចូលរួម។
លោកស្រីបានស្នើឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ធ្វើបច្ចុប្បន្នកម្មជាប្រចាំដើម្បីឆ្លើយតបទៅ និងស្ថានភាពជាក់ស្តែងរបស់កុមារ ហើយតាមរយៈការអនុវត្តគោលនយោបាយនេះ កុមារកម្ពុជាកាន់តែទទួលបាននូវការផ្តល់សេវា និងការយកចិត្តទុកដាក់ជាពហុវិស័យបន្ថែមទៀត មានន័យថាធ្វើសកម្មភាពផ្សេងៗគ្នា ដើម្បីឈានទៅសម្រេចគោលបំណងរួមតែមួយ។ ហើយទោះបីជាខេត្តរតនគិរី ក្នុងពេលកន្លងមកនេះមានការអភិវឌ្ឍគួរជាទីមោទនភាពក្តី ប្រជាជនជាច្រើននៅ តាមទីជនបទរស់នៅក្នុងភាពក្រីក្រ និងងាយរងគ្រោះដូចជាគ្រួសារដែលមានជនពិការ និងកុមារពិការភាព និង គ្រួសារដែលធ្វើចំណាកស្រុកដែលកុមារទាំងនេះមិនបានទទួលការថែទាំសមស្របឡើយ។
លោកស្រីអភិបាលរងខេត្តបានលើកឡើងថា ការយល់ដឹង ការយកចិត្តទុកដាក់ ការគាំទ្រ និងការចូលរួមពីអ្នកពាក់ព័ន្ធ ឪពុក ម្តាយ ឬអាណាព្យាបាលលើការងារកិច្ចការពារកុមារនៅមានកម្រិតជាហេតុធ្វើឱ្យការប្រើអំពើហិង្សាលើកុមារ ការរំលោភបំពានកុមារ ការកេងប្រវ័ញ្ច និងជួញដូរកុមារ កុមារបោះបង់ការសិក្សា កុមារកង្វះអាហារូបត្ថម្ភ នៅតែជាបញ្ហាប្រឈមដ៏សំខាន់នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះដែរលោកស្រី ញាន ទិត្យចិន្តា បានបញ្ជាក់ថា ការណ៍នេះតម្រូវឱ្យយើងទាំងអស់គ្នាបង្កើននូវកិច្ចប្រឹងប្រែងបន្ថែមទៀត ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចការពារកុមារ ជាពិសេសកុមារងាយរងគ្រោះ។ ហេតុដូច្នេះហើយការអនុវត្តផែនការកិច្ចការពារកុមារថ្នាក់ខេត្តនេះទាមទារនូវកិច្ចសហការល្អ និងការចូលរួមពីមន្ទីរពាក់ព័ន្ធដូចជាមន្ទីរធម្មការ និងសាសនា មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសុខាភិបាល ស្នងការនគរបាលខេត្ត រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធផ្សេងទៀត៕










