ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBST ១ខ្សែជូនប្រជាពលរដ្ឋឃុំស្វាយលួង ស្រុកកណ្តៀង
09-03-2026 15:25
(ពោធិ៍សាត់)៖ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរខេត្តពោធិ៍សាត់ បានធ្វើពិធីបើកការដ្ឋានស្ថាបនា ផ្លូវកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងឃុំស្វាយលួង ស្រុកកណ្តៀង។
ពិធីនេះ ត្រូវបានរៀបចំឡើងនៅភូមិកំពង់រការ ឃុំស្វាយលួង ក្រោមអធិបតីភាពលោក ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងដោយមានការអញ្ជើញចូលរួម ពីប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំស្វាយលួង គណៈកម្មការ គ.ត.វ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងកងវិស្វកម្មក្រសួងការពារជាតិ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរស្រុកកណ្តៀង និងតំណាងបងប្អូនប្រជាពលរដ្ឋ ជាអ្នកអាស្រ័យផល។
លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា ផ្លូវកៅស៊ូ DBST ដែលបើកការដ្ឋានស្ថាបនានៅពេលនេះ មានប្រវែង៤០០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិបឹងក្រាញ់ ភូមិកំពង់រការ ក្រោយស្ថាបនារួចផ្លូវនេះ នឹងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ទាំងការធ្វើដំណើរ និងដឹកកសិផល។ ការស្ថាបនាផ្លូវកៅស៊ូនេះ គឺប្រើប្រាស់ថវិការាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មក្រសួងការពារជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ប៉ុល សុគុណ ។
លោក ងួន ប៉ោសេង បានសម្តែងការសាទរចំពោះសមិទ្ធផលថ្មីក្នុងឃុំស្វាយលួងដែលនឹងលេចវត្តមានក្នុងពេលឆាប់ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានស្ថាបនាផ្លូវកៅស៊ូ រឹងមាំ និងធំទូលាយ ជំនួសឱ្យផ្លូវចាស់តូចចង្អៀត ពិបាកធ្វើដំណើរ។
លោកអភិបាលរងខេត្ត សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ មេត្តាអធ្យាស្រ័យ នូវការប៉ះពាល់ដូចជារបង ជណ្តើរ ដំណាំ សំយ៉ាបជាដើម ដើម្បីស្ថាបនាផ្លូវកៅស៊ូនេះបានធំទូលាយ ហើយបើគ្មានការចូលរួមរបស់បងប្អូនទេនោះ ពិតណាស់ការសាងសង់ផ្លូវនេះ មិនទទួលបានផ្លែផ្កា សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ទាំងបច្ចុប្បន្ន និងតទៅអនាគតឡើយ។
ក្នុងឱកាសនោះដែរ លោក ប៉ែន ពេជ្រសាលី បានជម្រាបជូននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានកំណត់អាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានចក្ខុវិស័យធ្វើឲ្យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០ ខាងមុខ។
ដើម្បីអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ជនបទ ឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ហើយក្រសួងអភិវឌ្ឍន៍ជនបទមានកម្មវិធីអាទិភាពចំនួន៥គឺ៖
១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់
២៖ លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថាន
៣៖ អភិវឌ្ឍន៍សហគមន៍ជនបទឌីជីថលនិងចលនាភូមិគំរូ
៤៖ លើកកម្ពស់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
៥៖ គ្រប់គ្រងស្ថាប័ន កិច្ចការរដ្ឋបាលទូទៅ និងឌីជីថល។
ជាចុងបញ្ចប់ លោករដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះការរំខានផ្សេងៗ ដែលបង្កឡើងជាយថាហេតុ ក្នុងអំឡុងពេលនៃដំណើរការសាងសង់ និងសំណូមពរឲ្យអាជ្ញាធរភូមិឃុំស្រុកខេត្ត ក៏ដូចជាប្រជាពលរដ្ឋចូលរួមសហការជាមួយក្រុមការងារអនុវត្តគម្រោង និងក្រុមកងវិស្វកម្មក្រសួងការពារជាតិ ធ្វើយ៉ាងណាឱ្យការងារសាងសង់ផ្លូវនេះដំណើរការទៅដោយរលូន និងជោគជ័យ៕






















