FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីអប់រំ៖ កុមាររៀនចេះ ដោយសារមានទំនាក់ទំនងជាមួយអ្នកដទៃ និងបរិស្ថានជុំវិញ

09-03-2026 10:39

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កុមាររៀនចេះ ដោយសារតែការមានទំនាក់ទំនងជាមួយអ្នកដទៃ និងបរិស្ថានជុំវិញ។

លោកបានលើកឡើងបែបនេះ នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពីការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ ក្រោមប្រធានបទ៖ «ភាពជាអ្នកដឹកនាំលើសពីការរៀនសូត្រវិជ្ជាសាស្ត្រ៖ តួនាទីសំខាន់នៃការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍របស់សិស្ស» ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកនៃវិទ្យាស្ថានអភិវឌ្ឍន៍វិស័យអប់រំ (Educational Development Institute - EDI)។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកយកទ្រឹស្តីរបស់អ្នកចិត្តវិទូសូវៀត និងអ្នកស្ថាបនាសង្គម លោក Lev Vygotsky មកពន្យល់ រួមមាន៖

*១៖ ប្រភពសង្គមនៃការគិត ដែលរៀនមិនឲ្យទន្ទេញចាំមាត់ទេ តែរៀនឲ្យចេះគិត
*២៖ តួនាទីឧបករណ៍វប្បធម៌នៅក្នុងការរៀន គឺភាសា
*៣៖ ឲ្យក្មេងខំប្រឹងពង្រីកសមត្ថភាពរបស់គាត់ រៀនឈរលើមូលដ្ឋានផ្សេងទៀត Zone of Proximal Development ដែលកុមារមិនទាន់អាចធ្វើបានតែម្នាក់ឯងបានទេ ប៉ុន្តែអាចសម្រេចបានដោយមានជំនួយពីឪពុកម្តាយ គ្រូបង្រៀន ឬមិត្តភក្តិ។

សម្រាប់ទ្រឹស្តីរបស់លោក Lev Vygotsky នៅក្នុងវិស័យអប់រំ រួមមាន៖

*ការរៀនសូត្របែបសហការ៖ ការលើកទឹកចិត្តដល់ការងារជាក្រុម និងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ ដើម្បីជំរុញការរៀនសូត្រ។
*ការចូលរួមដែលបានណែនាំ៖ គ្រូបង្រៀនដើរតួជាអ្នកសម្របសម្រួល ជាជាងគ្រាន់តែជាការណែនាំដោយផ្ទាល់។
*ឧបករណ៍វប្បធម៌៖ ការបញ្ចូលប្រដាប់ក្មេងលេង សៀវភៅ និងភាសា ទៅក្នុងសកម្មភាពសិក្សា។

បើតាមលោករដ្ឋមន្ត្រី កុមារក៏រៀនចេះតាមរបៀប ៣ទៀត រួមមាន៖ ការរៀនតាមបែបធ្វើត្រាប់ ការរៀនតាមបែបបង្រៀន និងការៀនតាមបែបសហការ និងមានជំនួយ។

សូមជម្រាបថា ក្នុងសិក្ខាសាលានេះ ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានឡើងថ្លែងប្រវត្តិដំណើរការនៃកម្មវិធី ខណៈលោក Travis Oldham បានលើកឡើងអំពីឥទ្ធិពលវិជ្ជមាននៃការអភិវឌ្ឍជំនាញសង្គមនិងអារម្មណ៍៕