FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន៤៣០គ្រួសារ នៅខេត្តកោះកុង និងល្មើចំនួន៩៦០គីឡូក្រាម

07-03-2026 21:55

(កោះកុង)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤៣០គ្រួសារ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមៈភូមិន្ទ ខេត្តកោះកុង ដែលជាអំណោយរបស់អង្គការសប្បុរធម៌កាតា (Qatar Charity) ផ្តល់ជូនតាមរយៈអង្គការ CMDF សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦។

ជាមួយគ្នានេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានប្រគល់ផ្លែល្មើចំនួន៩៦០គីឡូក្រាម ជូនគ្រប់វិហារ ស៊ូរ៉ាវឥស្លាមទាំងអស់ នៅក្នុងខេត្តកោះកុង ដែលជាអំណោយរបស់ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief)។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសប្បុរធម៌កាតា បានផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសហគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការ CMDF ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយឆ្នាំនេះមានចំនួន១០០០កញ្ចប់ និងមានក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមកាតា (AWQAF) បានផ្តល់ជូន ចំនួន១៥០០កញ្ចប់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌនផងដែរ។

ក្រៅពីអង្គការសប្បុរធម៌កាតា ក៏មានអង្គការអន្តរជាតិឥស្លាមផ្សេងៗទៀតផងដែរ ដែលតែតែផ្តល់ជូនកញ្ចប់អាហារស្រាយបួសដល់កម្ពុជា មានដូចជា អង្គការហាសាណៈ (Hasane) នៃប្រទេសអាឡឺម៉ង់ ចំនួន១៨២០កញ្ចប់ និងអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ ចំនួន១៣០០កញ្ចប់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦នេះ និងមានអង្គការសមាគមមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

ជាពិសេសជាងនេះទៅទៀត នៅឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) បានផ្តល់ជំនួយមនុស្សធម៌កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ៨៨៥០កញ្ចប់, ផ្លែល្មើ ចំនួន២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ក៏ផ្តល់ជូនផ្លែល្មើចំនួន៥តោនផងដែរ។

ទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕