FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជាន់ខ្ពស់សុខាភិបាល ណែនាំមន្ត្រីថ្នាក់ក្រោមជាតិ បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខភាពភ្នែកបឋមនៅកម្រិតមណ្ឌលសុខភាពឱ្យកាន់តែទូលំទូលាយ និងមានគុណភាពពិសេសមនុស្សចាស់នៅតាមមូលដ្ឋាន

07-03-2026 21:49

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ងី ម៉េង ទីប្រឹក្សាក្រសួងសុខាភិបាល នាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនិងជាប្រធានកម្មវិធីជាតិសុខភាពភ្នែក បានណែនាំមន្ត្រីថ្នាក់ក្រោមជាតិ ត្រូវអនុវត្តនូវគន្លឹះសំខាន់ៗដែលកម្មវិធីជាតិដាក់ជូនដើម្បីធានាបាននូវប្រសិទ្ធភាព និងចីរភាពនៃការផ្តល់សេវាសុខភាពភ្នែកជូនប្រជាពលរដ្ឋ។

លោកសាស្ត្រាចារ្យបានថ្លែងថា សូមមន្ត្រីសុខាភិបាលយើងនៅតាមថ្នាក់ក្រោមជាតិ ពិសេសគ្រូបង្គោលដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ត្រូវបន្តពង្រីក និងពង្រឹងចំណេះដឹងបន្ថែមជាបន្តបន្ទាប់ ហើយយកទៅអនុវត្ត និងបណ្តុះបណ្តាលដល់មូលដ្ឋានសុខាភិបាលយើង លើបច្ចេកទេសពិនិត្យភ្នែក និងការផ្តល់វ៉ែនតាសម្រាប់អានអក្សរ។


«លើសពីនោះត្រូវបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខភាពភ្នែកបឋមនៅកម្រិតមណ្ឌលសុខភាពឱ្យកាន់តែទូលំទូលាយ និងមានគុណភាព ហើយធានាឱ្យប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់នៅតាមមូលដ្ឋាន អាចទទួលបានសេវាពិនិត្យភ្នែក និងវ៉ែនតាអានអក្សរ បាន ទាន់ពេលវេលាកាត់បន្ថយការធ្វើដំណើរទៅកាន់ទីឆ្ងាយ និងកាត់បន្ថយបន្ទុកចំណាយ»។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី «ការពិនិត្យ និងការប្រើប្រាស់វ៉ែនតាសម្រាប់មើលជិតនៅមណ្ឌលសុខភាព» នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីលោកនាយកមូលនិធិហ្វ្រេដហូឡូប្រចាំប្រទេសកម្ពុជា លោកនាយកតំណាងអង្គការ CHAI ព្រមទាំងតំណាងមន្ទីរសុខាភិបាលរាជធានី-ខេត្ត សរុបចំនួន ៨០រូប។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ ងី ម៉េង បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់សូមយកចិត្តទុកដាក់ស្តាប់ការបង្ហាត់បង្រៀនពីគ្រូឧទ្ទេស ចូលរួមពិភាក្សានិងផ្លាស់ប្តូរបទពិសោធន៍ឱ្យបានសកម្ម ដើម្បីយកចំណេះដឹង និងជំនាញដែលទទួលបាននាថ្ងៃនេះ ទៅអនុវត្ត និងបន្តបណ្តុះបណ្តាលដល់បុគ្គលិកសុខាភិបាលនៅតាមមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់។

ជាចុងបញ្ចប់លោកសាស្រ្តាចារ្យ ងី ម៉េង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មូលនិធិហ្វ្រេដហូឡូប្រចាំប្រទេសកម្ពុជា មន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានគាំទ្រការអភិវឌ្ឍសេវាសុខភាពភ្នែកនៅកម្ពុជា។ លោកបានបញ្ជាក់ថា ការបណ្តុះបណ្តាលគ្រូបង្គោលនាថ្ងៃនេះ គឺជាផ្នែកដ៏សំខាន់មួយក្នុងការសម្រេចឱ្យបាននូវទិសដៅគ្របដណ្តប់ ១០០% នៃការផ្តល់សេវាថែទាំសុខភាពភ្នែកបឋម នៅតាមមណ្ឌលសុខភាពទូទៅ៕