លោកបណ្ឌិត ប្រាំង ជលសា៖ ព្រឹទ្ធាចារ្យជាធនធានមនុស្ស ដ៏មានតម្លៃក្នុងសង្គមជាតិ ត្រូវតែតបស្នង និងកតញ្ញូ ចំពោះអ្នកមានគុណ មិនត្រូវមើលរំលងនោះឡើយ
07-03-2026 19:09
(ពោធិ៍សាត់)៖ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា ចាស់ព្រឹទ្ធាចារ្យ គឺជាធនធានមនុស្សដ៏មានតម្លៃ បំផុត ដែលបានចូលរួមការពារសុខសន្តិភាព ជូនជាតិមាតុភូមិ ដែលសម្បូរទៅដោយបទពិសោធន៍ និងស្នាដៃរាប់មិនអស់ ក្នុងការផ្តល់នូវដំបូន្មានល្អៗ មកជំនាន់ក្រោយ និងចូលរួមថែរក្សាការពារ នូវតម្លៃប្រពៃណីវប្បធម៌ខ្មែរ ហេតុនេះយើងជាកូន ចៅប្រុសស្រីគ្រប់ៗរូប ទោះជាស្ថិតក្នុងស្ថានភាព ជីវភាពយ៉ាងណាក៏ដោយ ត្រូវតបស្នង និងកតញ្ញូ ជូនចំពោះមាតាបិតា អាណាព្យាបាលរបស់ខ្លួន មិនត្រូវមើលរំលងនោះឡើយ ព្រោះពួកគាត់បានខិតខំចិញ្ចឹម បីបាច់រក្សាយើងតាំងពីតូចរហូតមកដល់សព្វថ្ងៃ។
លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានថ្លែងបែបនេះ នាឱកាសជួបសំណេះសំណាល ក្នុងកម្មវិធីបុណ្យកតញ្ញូ ជូនចំពោះលោកតា លោកយាយ ដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅចំនួន៣,៣០៣នាក់ ចំនួន២ទីតាំង គឺនៅវត្តពោធិ៍សុវណ្ណរង្សី ដែលមានលោកតា លោកយាយ មកពីឃុំវាល និងឃុំអន្លង់វិល ស្រុកកណ្តៀង ចំនួន១,០៥២នាក់ និងនៅវត្តបំណក់ ដែលមានលោកតា លោកយាយ មកពីឃុំឈើតុំ និងឃុំស្វាយស ស្រុកកក្រគរ ចំនួន២,២៥១នាក់។
កម្មវិធីនេះ រៀបចំឡើងដោយក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយបានផ្តល់ជូននូវស៊ុម និងរូបថតចំនួន១ សំលៀកបំពាក់មួយកំប្លេ ស្បែកជើងមួយសម្រាប់ និងថវិកា១ម៉ឺនរៀល ដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។
លោកបណ្ឌិត ប្រាំង ជលសា បានថ្លែងថា បុណ្យកតញ្ញូ (បុណ្យចាស់ទុំ) ដែលបានប្រារព្ធធ្វើជូនលោកតា លោកយាយចាប់ពីអាយុ៦៥ឆ្នាំឡើង ជាលក្ខណៈប្រមូលផ្តុំក្នុងពេលតែមួយជាង៣ពាន់នាក់ ដែលអញ្ជើញមកពីឃុំវាល និងឃុំអន្លង់វិល ស្រុកកណ្តៀង ព្រមទាំងឃុំឈើតុំ និងឃុំស្វាយស ស្រុកក្រគរ ដែលកន្លងមកថ្មីៗនេះ ក្រុមការងារបានធ្វើរួចមកហើយនៅឃុំឃុំកំពង់ពោធិ៍ ឃុំបឹងកន្ទួត ស្រុកក្រគរ ចំនួន១,៧០០នាក់ និងបន្តធ្វើគ្រប់ឃុំ ទាំង២ស្រុក ឱ្យបានចប់សព្វគ្រប់មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។ ការប្រារព្ធេពិធីបុណ្យកតញ្ញូជូនលោកតាលោកយាយ នាពេលនេះ ស្របទៅតាមការការណែនាំរបស់លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ បានបង្កើតកម្មវិធីបុណ្យកតញ្ញូនេះឡើងជូនដល់លោកតា លោកយាយ ដែលមានអាយុ៦៥ឡើងទៅ ឱ្យបានគ្រប់ឃុំ ស្រុក គឺដើម្បីឱ្យកូនចៅប្រុសស្រីគ្រប់ៗរូប មានឱកាសចែករំលែកនូវក្តីគោរព និងសុំខមាលទោស ពីសំណាក់មាតា បិតា និងអាណាព្យាបាលជាអ្នកមានគុណដ៏ធំធេង ដែលបានខិតខំប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា កុំឱ្យមានបាបកម្ម និងតបស្នងសងគុណ តាមរយៈនៃកម្មវិធីបុណ្យកតញ្ញូនេះ ឱ្យបានទៅដល់កូនចៅគ្រប់ៗគ្នា។
លោកបានវាយតម្លៃថា លោកតា លោកយាយ ពិតជាមានគុណតម្លៃចំពោះសង្គមគ្រួសារ និងសង្គមជាតិ គឺមិនអាចគណនា និងកាត់ថ្លៃបានឡើយ គឺតែងតែបណ្តុះបណ្តាល អប់រំ លះបង់អាត្មានិយម ផ្តល់នូវក្តីស្រឡាញ់ មេត្តា ករុណា សាមគ្គីភាព ក្នុងមហាគ្រួសារ និងសង្គមជាតិ ប្រកបដោយសេរីភាព សមភាព និងភាពថ្លៃថ្នូសុខដុមរមនា ក្រោមម្លប់សន្តិភាព ស្ថេរភាព។
ក្នុងនាមក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាននៅក្នុងស្រុកក្រគរ និងស្រុកកណ្តៀង ព្រមទាំង អាជ្ញាធរដែនដី និងកូនចៅប្រុសស្រី សូមលំឱនកាយគោរពដឹងគុណចំពោះលោកតា លោកយាយ លោកឳពុក អ្នកម្តាយទាំងអស់ ដែលជានិច្ចកាលតែងតែទូន្មានប្រៀនប្រដៅកូនចៅ សាងតែអំពើរល្អនៅក្នុងគ្រួសារ និងសង្គមជាតិ ដោយបានចាត់ទុកថា លោកតា លោកយាយ តែងតែគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ បញ្ជាក់ឱ្យឃើញពីភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់មកលើថ្នាក់ដឹកនាំតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ព្រោះបានយល់ឃើញថាគ្រប់ឃុំក្នុងស្រុកក្រគរ និងស្រុកកណ្តៀង តែងតែទទួលបាននូវសមិទ្ធិផលថ្មីជាច្រើន ចេញពីការខិតខំរបស់ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា បានខិតខំកសាងនិងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅក្នុងមូលដ្ឋានដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់អំពីនិន្នាការអ្វីឡើយ។
លោកបានលើកឡើងផងដែរថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយឈរលើទស្សនៈ និងចក្ខុវិស័យវែង ឆ្ងាយ និងការកែទម្រង់ស៊ីជម្រៅ ក្នុងការស្តារកសាងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១កំណត់យកអាទិភាពគន្លឹះចំនួន៥មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ប្រកបដោយសមត្ថភាពខ្ពស់ខ្លាំងវៃឆ្លាតស្អាតស្អំ និងភាពជឿជាក់។ ជាមួយគ្នានោះដែលោកបណ្ឌិតក៏បានជម្រាបជូន អំពីស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា ដែលបង្ក និងឈ្លានពានដោយយោធាថៃ មកលើអធិបតយ្យភាពកម្ពុជា បណ្តាលឱ្យកងកម្លាំងនិងជនស៊ីវិលស្លូតត្រង់ស្លាប់ របួស និងជនភៀសសឹករ៉ាប់ម៉ឺននាក់ បានចាកចេញចោលលំនៅឋាន កុមារគ្មានសាលារៀនក្រោមការគំរាមកំហែង របស់យោធាថៃ។
ក្នុងកាលៈទេសៈនេះ រាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើសការដោះស្រាយតាមផ្លូវការទូត និងច្បាប់អន្តរជាតិ ដើម្បី កាត់បន្ថយភាពតាមតឹង និងរកសន្តិភាពយូរអង្វែង។ ការលំបាករបស់យើងនាពេលនេះ គឺត្រូវប្រែក្លាយ និងប្តេជ្ញាចិត្តរួបរួមសាមគ្គី ស្មោះត្រង់ និងជឿជាក់ទៅលើរាជរដ្ឋាភិបាលក្នុងការដឹកនាំ ពង្រឹងសក្តានុពលលើគ្រប់វិស័យ និងលុបបំបាត់ភាពអសកម្មទាំងឡាយក្នុងសង្គមជាតិ ដែលធ្វើឱ្យជាតិយើងចុះខ្សោយ៕





































