FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ជួបសំណេះសំណាល ជាមួយអាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលី ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី

07-03-2026 16:06

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃសៅរ៍ ទី០៧ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព អបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង អាវុធហត្ថនារី គ្រួសារអាវុធហត្ថរបួស និងពលីសរុបចំនួន២៤នាក់ ប្រារព្ធធ្វើសាលប្រជុំ តូច ជាន់ទី៣ អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមគ្រួសារអាវុធហត្ថកម្លាំងជួរមុខដែលពលី របួស ពិការ និងមានជំងឺសម្រាកព្យាបាល សម្រាកលំហែលមាតុភាព និងអតីតយោធិន នៃកងរាជអាវុធហត្ថផងដែរ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះនាយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថនារី ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹកផងដែរ។ ព្រមទាំងបានគោរពដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ព ពិសេសអាវុធហត្ថដែលបានពលី នៅក្នុងសមរភូមិប្រយុទ្ធតតាំង ជាមួយនឹងសត្រូវឈ្លានពានការពារបូរណភាពទឹកដី នាពេលកន្លងមក។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានថ្លៃងអំណរគុណអាវុធហត្ថនារី ដែលកន្លងមកបានខិតខំប្រឹងប្រែងបំពេញតួនាទី ភាកិច្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយវិន័យ និងក្រមសិលធម៌ វិជ្ជាជីវៈ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការងាររបស់អង្គភាពសម្រេច បានលទ្ធផលយ៉ាងត្រចេះត្រចង់។ មិនត្រឹមតែប៉ុណ្ណោះអាវុធនារី ក្រៅពីកិច្ចការងារស្នូល ក៏បានចូលរួមកិច្ចការងារសង្គមយ៉ាងសកម្មផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានបញ្ជាក់ថា កងរាជអាវុធហត្ថតែងតែយកចិត្តទុកដាក់ លើកទឹកចិត្តដល់អាវុធហត្ថនារី ក្នុងការផ្តល់ដំណែង តួនាទីនារីតាមរយៈសមត្ថភាព និងបទពិសោធន៍ ស្នាដៃជាបន្តបន្ទាប់ ចំពោះបងប្អូននារីដែលមានសមត្ថភាព។

ក្នុងនោះដែរ គ្រួសារអាវុធហត្ថពលី-ពិការ-របួស ចំនួន៦គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករទំងន់៧០គីឡូក្រាម មី ចំនួន២កេស ទឹកសុទ្ធចំនួន២កេស ទឹកក្រូចចំនួន២កេស ត្រីខចំនួន២យួរ និងថវិកាចំនួន១លានរៀល ដោយឡែកអាវុធហត្ថនារីចំនួន១៩នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករទំងន់៧០គីឡូក្រាម មីចំនួន២កេស ទឹកសុទ្ធចំនួន២កេស ទឹកក្រូចចំនួន២កេស ត្រីខចំនួន២យួរ និងថវិកា ចំនួន៤០ម៉ឺនរៀល៕