FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ បង្ក្រាបករណីគ្រឿងញៀននៅក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ

07-03-2026 16:02

(កំពង់ស្ពឺ)៖ ដោយ​មានការចង្អុលបង្ហាញ និងអនុវត្ត​តាមបញ្ជាយ៉ាងមុឺងម៉ាត់​របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ‌‎និងមានការសម្របសម្រួលនីតិវិធីពី​​ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣​​ ខែមីនា ឆ្នាំ២០២៦​កន្លងមកនេះ​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងឧដុង្គម៉ែជ័យ ដឹកនាំដោយលោកវរសេនីយ៍​ត្រី សេង រ៉ាម៉ូវ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ក្រុងឧដុង្គម៉ែជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ស្ថិតនៅក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ។

របាយការណ៍របស់អាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ទូច សាន អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ​ ​​ខេត្តកំពង់ស្ពឺ។

កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ ចាប់យកវត្ថុតាងបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន១១កញ្ចប់​​ ទម្ងន់​៩២.៣៥ក្រាម (ធំ៣កញ្ចប់, មធ្យម៥កញ្ចប់​ និងតូច៣កញ្ចប់), ទូរស័ព្ទចំនួន១គ្រឿង, ជញ្ជីងចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំង‌‎គ្រឿងញៀន មន្ទីរស្រាវជ្រាវ ​និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕