គម្រោងសាងសង់ អនុស្ថានីយអគ្គិសនីឈើតុំ «ស្ថានីយពន្លឺព្រះអាទិត្យខ្នាតយក្ស» អានុភាព ៩៣០មេហ្គាវ៉ាត់ នឹងត្រៀមដាក់ឱ្យដំណើរការជាជំហានៗចាប់ពីថ្ងៃទី៩ មីនា (Video inside)
07-03-2026 16:05
(ពោធិ៍សាត់)៖ នាថ្ងៃសៅរ៏ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពការងារ និងសង្វាក់ផលិតកម្ម នៃគម្រោងសាងសង់ អនុស្ថានីយអគ្គិសនីឈើតុំ ដែលជាគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតយក្ស មានសមត្ថភាពផលិតសរុបរហូតដល់ ៩៣០មេហ្គាវ៉ាត់ (MW) ស្ថិតក្នុងភូមិកណ្តាល និងភូមិក្រាំងខឿន ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ប្រាំង ជលសា បានឱ្យដឹងថា គម្រោងអនុស្ថានីយអគ្គិសនីឈើតុំ គឺជាគម្រោងថាមពលពន្លឺព្រះអាទិត្យខ្នាតយក្សមួយ បង្កើតឡើងក្នុងគោលបំណង ដើម្បីជួយបង្កើនថាមពលបៃតង ជាប្រភពថាមពលស្អាត ជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន, ជួយដល់សេដ្ឋកិច្ចជាតិ និងស្ថិរភាពថ្លៃអគ្គិសនី ដោយបានកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល (ដូចជាប្រេងខ្មៅ ឬធ្យូងថ្ម) ដែលមានតម្លៃថ្លៃ និងមានការប្រែប្រួលខ្លាំងនៅលើទីផ្សារអន្តរជាតិ នឹងជួយឱ្យថ្លៃដើមផលិតថាមពលមានស្ថិរភាពជាងមុន ពិសេសបានគាំទ្រដល់បណ្តាញជាតិ ដែរទីតាំងនេះនឹងដើរតួជាចំណុចកណ្តាលក្នុងការប្រមូល និងចែកចាយថាមពល ពីតំបន់ដែលមានសក្តានុពលពន្លឺព្រះអាទិត្យខ្ពស់ ទៅកាន់តំបន់ប្រើប្រាស់ផ្សេងៗទៀត។
លោកបណ្ឌិត បានបញ្ជាក់ពីតារាងពេលវេលាច្បាស់លាស់ ក្នុងការបញ្ចូលថាមពលទៅក្នុងបណ្តាញជាតិជាជំហានៗដូចខាងក្រោម៖
ទី១៖ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៩ និង០០នាទីព្រឹក នឹងចាប់ផ្តើមដំណើរការជំហានដំបូងក្នុងកម្រិត ៧២មេហ្គាវ៉ាត់ (MW)។
ទី២៖ នៅចុងខែមីនា ឆ្នាំ២០២៦ អានុភាពនឹងកើនឡើងដល់ ២០០មេហ្គាវ៉ាត់ (MW)។
ទី៣៖ នៅចុងខែមេសា ឆ្នាំ២០២៦ អានុភាពនឹងបន្តកើនឡើងដល់ ៣៥០មេហ្គាវ៉ាត់ (MW)។
និងទី៤៖ នៅចុងឆ្នាំ២០២៦ គម្រោងទាំងមូលនឹងដំណើរការពេញលេញតាមសមត្ថភាពសរុប ៩៣០មេហ្គាវ៉ាត់ (MW)។
លោកអគ្គនាយក បានឱ្យដឹងទៀតថា ការសម្រេចបាននូវការដាក់ឱ្យដំណើរការជំហានដំបូង (៧២MW) ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាការឆ្លើយតបយ៉ាងទាន់ពេលវេលា ក្នុងការបង្គ្រប់នូវតម្រូវការប្រើប្រាស់អគ្គិសនី ដែលកំពុងកើនឡើង និងជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល (ប្រេង) ដែលកំពុងមានតម្លៃថ្លៃ និងរងសម្ពាធយ៉ាងខ្លាំង ពីវិបត្តិសង្គ្រាមនៅមជ្ឈឹមបូព៌ា រវាងអាមេរិក+អ៊ីស្រាអ៊ែល និងអ៊ីរ៉ង់។
លោកបណ្ឌិត ប្រាំង ជលសា ក៏បានជំរុញឱ្យក្រុមការងារបច្ចេកទេស បន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាគម្រោងថាមពលស្អាតដ៏ធំមួយនេះ ដំណើរការទៅតាមផែនការដែលបានគ្រោងទុក សំដៅធានាឱ្យបាននូវស្ថិរភាពថាមពល និងកាត់បន្ថយបន្ទុកចំណាយ លើការផលិតថាមពល សម្រាប់បម្រើដល់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
គួរជម្រាបជូនថា បច្ចុប្បន្នកម្ពុជាមានស្ថានីយវារីអគ្គិសនីធំៗ ចំនួន៩កន្លែង ដែលកំពុងដំណើរការ និងកំពុងសាងសង់៖
១-វារីអគ្គិសនីសេសានក្រោម ២ (ស្ទឹងត្រែង) - ៤០០MW
២-វារីអគ្គិសនីឫស្សីជ្រុំក្រោម (កោះកុង) - ៣៣៨MW
៣-វារីអគ្គិសនីស្ទឹងតាតៃ (កោះកុង) - ២៤៦MW
៤-វារីអគ្គិសនីអាតៃ (ពោធិ៍សាត់) - ១២០MW
៥-វារីអគ្គិសនីកាមចាយ (កំពត) - ១៩៤MW
៦-វារីអគ្គិសនីស្ទឹងជ្រាយអារ៉ែង (កោះកុង) - ៩MW
៧-វារីអគ្គិសនីគីរីរម្យ ១ (កំពង់ស្ពឺ) - ១២MW
៨-វារីអគ្គិសនីគីរីរម្យ ៣ (កោះកុង) - ១៨MW
៩-វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ១ (ពោធិ៍សាត់) កំពុងសាងសង់ - ៨០MW។
បច្ចុប្បន្នកម្ពុជាក៏មានស្ថានីយពន្លឺព្រះអាទិត្យ (Solar Farms) ដែលតភ្ជាប់បណ្តាញជាតិ និងកំពុងត្រៀមតភ្ជាប់ (គិតត្រឹមដើមឆ្នាំ ២០២៦)៖ ខេត្តពោធិ៍សាត់ ស្ថានីយពន្លឺព្រះអាទិត្យ ៣០០MW បានដំណើរការ, ៩៣០MW កំពុងត្រៀមតភ្ជាប់, ខេត្តកំពង់ស្ពឺ មានស្ថានីយធំៗ ដូចជាតំបន់ឧត្តុង្គ, ខេត្តកំពង់ឆ្នាំង សួនថាមពលពន្លឺព្រះអាទិត្យជាតិ សហការជាមួយ ADB, ខេត្តស្វាយរៀង ស្ថានីយនៅក្រុងបាវិត, ខេត្តកំពង់ធំ បាត់ដំបង និងបន្ទាយមានជ័យ ក៏មានស្ថានីយដំណើរការផងដែរ៕







































