FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុង និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀន ប្រចាំក្រុងពោធិ៍សាត់

01-03-2026 16:48

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើសគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀន ប្រចាំក្រុងពោធិ៍សាត់។

លោក ខូយ រីដា បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកជួបជុំជាមួយបងប្អូនលោកគ្រូ អ្នកគ្រូ ក្នុងក្រុងពោធិ៍សាត់របស់យើង។ កិច្ចសំណេះសំណាលនាឱកាសនេះ មិនត្រឹមតែជាការជួបជុំតាមផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីមនោសញ្ចេតនា ការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ "វិស្វករព្រលឹង" ដែលបាននិងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។

លោកបានជម្រាបជូនថា ការបង្កើត "ក្លឹបគ្រូបង្រៀន" នេះឡើង គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

លោក ខូយ រីដា បានគូសបញ្ជាក់ថា «គ្រូបង្រៀន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សង្គមជាតិ» ដូច្នេះហើយ ទើបលោកប្រធាន កែវ រតនៈ បានជំរុញឱ្យមានការបង្កើតក្លិបគ្រូបង្រៀននៅគ្រប់ក្រុងស្រុកទាំង៧ ហើយសម្រាប់ថ្ងៃនេះ ក្រុងពោធិ៍សាត់ គឺជាដង្ហើមចុងក្រោយ ដែលមកបំពេញបង្គ្រប់នូវរចនាសម្ព័ន្ធក្លិបគ្រូបង្រៀនទូទាំងខេត្ត ឱ្យក្លាយជាមហាគ្រួសារតែមួយ។

លោកអភិបាលខេត្តបន្ថែមថា ការបង្កើតក្លិបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងស្រុក មានគោលបំណង ដើម្បីពង្រឹងសាមគ្គីភាព បង្កើតវេទិកាជួបជុំ ពិភាក្សា និងចែករំលែកបទពិសោធន៍រវាងគ្រូ និងគ្រូ, មានឱកាសជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន ឬមានកម្មវិធីសប្បាយ-ទុក្ខ, លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បងប្អូនដែលជាអ្នកអប់រំ។

លោកសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះបងប្អូនទាំងអស់ដែលទទួលបាន "សេចក្តីទុកចិត្ត" ពីសំណាក់លោកគ្រូ អ្នកគ្រូ បោះឆ្នោតជ្រើសរើសជាគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់នាថ្ងៃនេះ និងសូមឱ្យមាន "ឆន្ទៈ លះបង់ និងការទទួលខុសត្រូវ" ដើម្បីដឹកនាំក្លិបនេះឱ្យដំណើរការរស់រវើក។

ជាមួយគ្នានោះ លោក ខូយ រីដា សូមផ្តាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភណ្ឌភាព និងបរិស្ថាន ទាំងក្នុងនិងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្របតាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់៕