សម្តេចពិជ័យសេនា ទៀ បាញ់ ណែនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឲ្យកាន់តែសកម្ម ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋ
01-03-2026 16:06
(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានណែនាំដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចឲ្យកាន់តែសកម្ម ដើម្បីឆ្លើយតបនូវតម្រូវការបងប្អូនប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦នេះ។
សម្តេចពិជ័យសេនា បានបន្តថា (សាមគ្គីភាព គឺជាកម្លាំងមហាសាល ) ក្នុងនាមជាក្រុមការងារ យើងត្រូវចៀសវាងដាច់ខាតនូវការបែងចែកបក្សពួក ឬការរុញរែកការទទួលខុសត្រូវមន្ត្រីចាស់ត្រូវផ្ដល់បទពិសោធន៍ មន្ត្រីបន្តវេនត្រូវខិតខំរៀនសូត្រ និងមានភាពច្នៃប្រឌិត។ យើងត្រូវធ្វើការជាធ្លុងមួយ ដើម្បីបុព្វហេតុគណបក្ស និងសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
សម្តេចពិជ័យសេនា បន្តថា ត្រូវដឹកពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដើម្បីដឹងពីបញ្ហាប្រឈមពិតប្រាកដ និង ធ្វើការដោះស្រាយបញ្ហាឲ្យទាន់ពេល រាល់កង្វល់ ឬជម្លោះផ្សេងៗនៅមូលដ្ឋាន ត្រូវដោះស្រាយប្រកបដោយតម្លាភាព និងយុត្តិធម៌ ដើម្បីបង្កើនជំនឿចិត្តពីមហាជន និងជម្រុញឲ្យអាជ្ញាធរ និងក្រុមការងារបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អ ( លឿន ឆាប់រហ័ស និង មានប្រសិទ្ធភាព) ព្រមទាំងលុបបំបាត់បាតុភូតអសកម្មនានា ដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្ស។
សម្តេចពិជ័យសេនា ក៏បានជម្រុញដល់ក្រុមការងារទាំងអស់ ត្រូវបន្តផ្សព្វផ្សាយនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល និងគណបក្សជូនដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងពង្រឹងសមាជិកបក្សដែលមានស្រាប់ និងពង្រីកសមាជិកថ្មី ជាពិសេសស្រទាប់យុវជន នៅតាមមូលដ្ឋាន។ មន្ត្រីគណបក្សប្រជាជនកម្ពុជា គឺជាអ្នកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋនោះឡើយ។
សម្តេចពិជ័យសេនា ក៏បាននវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ឆ្នាំ២០២៥ ដែលក្រុមការងារសម្រេចបានក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ជាពិសេសការបម្រើសេវាសាធារណៈ ការចុះជាប់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាបានទាន់ពេលវេលា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយ កម្លាំងចិត្ត និងធនធានក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្តសៀមរាប នាពេលកន្លងមក ហើយលទ្ធផលដែលយើងសម្រេចបាន មិនមែនដោយចៃដន្យទេ ប៉ុន្តែវាបានមកពីការរួបរួមកម្លាំងមហាសាមគ្គីភាព និងការលះបង់របស់បងប្អូនគ្រប់ជាន់ថ្នាក់។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ខេត្តសៀមរាបជាប៉ូលសេដ្ឋកិច្ចទេសចរណ៍ដ៏សំខាន់ ដូច្នេះក្រុមការងារត្រូវជម្រុញឲ្យអាជ្ញាធរមូលដ្ឋាន ផ្តល់សេវាឲ្យបាន (លឿន ស្អាតស្អំ និងមានតម្លាភាព) ហើយក្រុមការងារត្រូវដឹងពីសុខទុក្ខរបស់រាស្ត្រមុនពួកគេរាយការណ៍មក៕
















