FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យការពារជាតិ ចុះ MOU លើកកម្ពស់សមត្ថភាពយោធា និងធនធានមនុស្ស

01-03-2026 15:56

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ MOU រវាងក្រសួងទេសចរណ៍ ជាមួយសាកលវិទ្យាល័យការពារជាតិនៃក្រសួងការពារជាតិ ស្តីពី «កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំ សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង ពលទាហាន និស្សិត និងសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ» ដោយមានលោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងក្រសួងទេសចរណ៍ និងលោកឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ តំណាងសាកលវិទ្យាល័យការពារជាតិ ជាអ្នកហត្ថលេខីលើអនុស្សរណៈនៃការយោគយល់នេះ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក នាយឧត្ដមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោកឧត្ដមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងក្រសួងទេសចរណ៍, លោក លោកស្រី គណៈគ្រប់គ្រងសាកលវិទ្យាល័យការពារជាតិ, លោក លោកស្រី សាស្ត្រាចារ្យ យោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងលោក លោកស្រីមន្ត្រីរាជការនៃក្រសួងទេសចរណ៍សរុបប្រមាណ៤០០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងនូវសេចក្តីគោរពដឹងគុណ និងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ វីរកងទ័ពដ៏អង់អាចក្លាហាន វីរនគរបាលជាតិ ដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងនៅទូទាំងប្រទេស ក្នុងបុព្វហេតុការពារសន្តិសុខ ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

រដ្ឋមន្រ្តី ហួត ហាក់ គោរពថ្លែងអំណរគុណដោយស្មោះ ចំពោះគំរូវីរភាព ទឹកចិត្តស្នេហាជាតិ ស្នេហាប្រជាជន ដោយការខិតខំប្ដូរផ្ដាច់ លះបង់សាច់ស្រស់ ឈាមស្រស់ ពលីកម្មតស៊ូ ក្នុងសមរភូមិ និងគ្រប់កាលៈទេសៈ តែងតែនៅជាប់ការពារប្រជាជន ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលនេះគឺគុណបំណាច់ដ៏ធំធេង និង ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នាគោរពចងចាំជានិច្ច។

ជាមួយគ្នានេះ រដ្ឋមន្ត្រី ហួត ហាក់ បានគូសរំលេចថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាឯកសារដ៏មានសារៈសំខាន់ និងជាសក្ខីភាព នៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រមួយដែលផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយនឹងគុណតម្លៃនៃការថែរក្សាសន្តិភាព ដែលបានបង្ហាញអំពីស្មារតីសហការយ៉ាងជិតស្និទ្ធ និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ ទី១៖ ការបណ្ដុះបណ្ដាលកសាងសមត្ថភាព ចែករំលែកបទពិសោធ និងចំណេះដឹងអំពីវិស័យទេសចរណ៍ តាមរយៈបាឋកថា សិក្ខាសាលា ការបណ្តុះបណ្តាល និងការបញ្ជ្រាបចំណេះដឹងក្នុងកម្មវិធីសិក្សាយោធា និងទី២៖ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក តាមរយៈការរៀបចំទស្សនកិច្ចសិក្សាទៅកាន់តំបន់ទេសចរណ៍នានា ដើម្បីលើកកម្ពស់គុណតម្លៃនៃមរតកវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ ព្រមទាំងបំផុសទឹកចិត្ត «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី»។

លោករដ្ឋមន្ត្រី បានគូសរំលេចបន្ថែមថា មូលដ្ឋានគ្រឹះដ៏រឹងមាំរបស់វិស័យទេសចរណ៍ គឺសន្តិសុខ និងសន្តិភាព ពោលគឺ វិស័យការពារជាតិ គឺជាសរស្ដម្ភគ្រឹះដ៏សំខាន់ ដើម្បីធានាថាប្រទេសជាតិមិនវិលត្រឡប់ទៅរកសង្រ្គាមស៊ីវិល ឬការបែកបាក់ដូចអតីតកាល និងការការពារកុំឱ្យមានការឈ្លានពានពីសំណាក់ខ្មាំងសត្រូវអមិត្តនានា។

តួយ៉ាង លោករដ្ឋមន្ត្រី បានបន្តថា បើគ្មានសន្តិភាព និងស្ថិរភាពផ្ទៃក្នុង ដែលត្រូវបានការពារយ៉ាងរឹងមាំដោយកងកម្លាំងប្រដាប់អាវុធទេ នោះការអភិវឌ្ឍលើវិស័យផ្សេងៗទៀតក៏មិនអាចប្រព្រឹត្តទៅបានយ៉ាងរលូន និងមានប្រសិទ្ធភាពឡើយ។ ពិតណាស់, សន្តិភាព គឺជាមូលដ្ឋានគ្រឹះសម្រាប់ការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ ខណៈស្ថិរភាពជាតិ ជាធាតុផ្សំចាំបាច់សម្រាប់ការទាក់ទាញវិនិយោគ និងភ្ញៀវទេសចរ។

ក្នុងបរិបទនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ និងវិស័យការពារជាតិ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងអាចបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងន័យនេះ អនុស្សរណៈនៃការយោគយល់គ្នាដ៏មានអត្ថន័យនេះ មិនត្រឹមតែជាឯកសារផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពនៃទស្សនវិស័យរួម និងឆន្ទៈរួម ក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវិស័យការពារជាតិឱ្យឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន៕