អាវុធហត្ថខេត្តសៀមរាប ចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់ មានសារធាតុគីមី ១កន្លែង ចាប់យកវត្ថុតាងបានជាង ១ម៉ឺនគ្រឿង
01-03-2026 15:45
(សៀមរាប)៖ ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី និងទីតាំងស្តុក ១កន្លែង ស្ថិតនៅចំណុចភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបខេត្តសៀមរាប ត្រូវបានកម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប ចុះបង្ក្រាប ក្រោមការសម្របសម្រួលនីតិវិធីពីលោក ងុិល សុវណ្ណារិទ្ធ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប។
បានចុះបង្ក្រាបនេះធ្វេីឡេីងនៅវេលាម៉ោង ១៦ និង ៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ និងបានចាប់យកវត្ថុតាង រួមមាន៖ ម៉ាសុីនចម្រុះម៉ាក សរុបចំនួន 10,168គ្រឿង ក្នុងនោះមាន ម៉ាស៊ីនជក់ 4268ដើម, ក្បាលជក់ចម្រុះម៉ាក ចំនួន 5900ក្បាល ព្រមទាំង ឃាត់ខ្លួនជនសង្ស័យជាអ្នកលក់ និងម្ចាស់ទីតាំងចំនួន០២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
សូមបញ្ជាក់ថា ចំពោះឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់បទបញ្ជា ហាមឃាត់ដាច់ខាត មិនឲ្យនាំចូល ចែកចាយ ផ្សាយពាណិជ្ជកម្ម ប្រើប្រាស់ កាន់កាប់ ផលិត និងស្តុកទុកឡើយ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ៕















