FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហួត ហាក់ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅខេត្តកំពង់ធំ

01-03-2026 15:32

(កំពង់ធំ)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ ខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងពិធីផ្សព្វផ្សាយរបាយការណ៍ស្ដីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦។

ពិធីនេះមានគោលបំណង បូកសរុបលទ្ធផលការងារគណបក្សប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍ និងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦។

ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានទី១, ទី២, និងអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍, លោក អួង សារឿន ប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍, លោក ឃន ចាន់ថៃ ប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍, លោក លោកស្រីប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១០ ក្នុងស្រុកបារាយណ៍ ព្រមទាំងសមាជិកសរុបប្រមាណ ៣០០នាក់។

លោកម ហួត ហាក់ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារឆ្នាំ២០២៥ ជូនចំពោះ គណៈកម្មាធិការគណបក្សស្រុកបារាយណ៍, គណៈកម្មាធិការគណបក្សឃុំទាំង១០, អនុប្រធាន សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបារាយណ៍, ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ទាំង១០ ក្នុងស្រុកបារាយណ៍ និងសមាជិក សមាជិកាគណបក្សទាំងអស់នាពេលកន្លងមកនេះ។

ជាការពិត លោក ហួត ហាក់ បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីការរួមចំណែកពីគ្រប់ផ្នែក គ្រប់ថ្នាក់ តាំងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានដាក់ចេញនូវផែនការ, ការចាត់តាំងការអនុវត្ត, និងសមាជិកបក្សម្នាក់ៗ ចូលរួមអនុវត្តយ៉ាងសកម្ម ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដោយលះបង់ពេលវេលា កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ធនធាន ថវិកា និងសម្ភារៈសព្វគ្រប់បែបយ៉ាង ដោយមិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុគណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជា ជាពិសេសសម្រាប់បម្រើដល់ប្រយោជន៍រួមរបស់ប្រជាជននៅស្រុកបារាយណ៍នេះផ្ទាល់។

ជាមួយគ្នានេះ លោក ហួត ហាក់ គូសបញ្ជាក់បន្ថែមថា ដោយគិតចាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គណបក្សយើងបានសម្រេចប្រគល់ភារកិច្ចដល់យុវជនបន្តវេនជំនាន់ក្រោយ, ដែលគិតមកដល់ថ្ងៃនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា មានអាយុកាលប្រមាណ ២ឆ្នាំ ៦ខែ ៧ថ្ងៃ, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, ជាបិតាសន្តិភាព និងជាអគ្គមគ្គុទ្ទេសក៍ឯក ប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសុខសន្តិភាពពេញលេញ, ឯកភាពទឹកដី និងការបង្រួបបង្រួមជាតិ។

បន្ថែមលើនេះ លោក ហួត ហាក់ បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា និង ប្រជាជនកម្ពុជា កាន់តែមានជំនឿជឿជាក់, កាន់តែមានទំនុកចិត, និងកាន់តែមានសំណាង ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ជាយុវជនបន្តវេនដ៏ឆ្នើម, មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយបញ្ញាញាណភ្លឺស្វាង ដែលបានដាក់ចេញនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសម្រេចចក្ខុវិស័យធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕