FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានសហគមន៍ព្រៃឈើនៅស្រុកសៀមប៉ាង ត្រូវបានគេហៅទៅសួរនាំ ក្រោមហេតុផលរាយការណ៍រឿងកាប់ឈើធ្វើទូកងទៅអ្នកសារព័ត៌មាន

01-03-2026 15:29

(ស្ទឹងត្រែង)៖ លោក កែវ សន ប្រធានសហគមន៍ព្រៃឈើនៅស្រុកសៀមប៉ាង ខេត្តស្ទឹង​ត្រែង ត្រូវបានអាជ្ញាធរហៅទៅសួរនាំ បន្ទាប់ពីរូបលោកបានជូនអ្នកសារព័ត៌មាន មន្ត្រី​អធិ​ការ​កិច្ចក្រសួងបរិស្ថាន ចុះទៅមើលកន្លែងកាប់ឈើធំៗយកទៅធ្វើទូកងនៅក្នុង​ឧទ្យានជាតិ​វឺន​សៃសៀមប៉ាង ស្ថិតក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ អ្នកសារព័ត៌មាន Fresh News និង​មន្ត្រី​អធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះទៅយកព័ត៌មានពាក់ព័ន្ធការកាប់ដើមឈើធំៗ​នៅឧទ្យានជាតិវឺនសៃសៀមប៉ាង ស្ថិតក្នុងភូមិសាស្ត្រឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្ត​ស្ទឹង​ត្រែង។ ក្នុងដំណើរចុះទៅយកព័ត៌មាន ក៏ដូចជាផ្តិតយករូបភាពនៃការកាប់ឈើនោះ អ្នកសារព័ត៌មាន និងមន្ត្រីអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានទៅទាក់ទងលោក កែវ សន ជាប្រធានសហគមន៍នៅភូមិគិរីបាស់ក្រោម ហៅភូមិតាឡែ ជាជនជាដើមភាគតិច​កា​វែត ដែលជាអ្នកស្គាល់ភូមិសាស្ត្រទីនោះឱ្យជូនចូលទៅក្នុងព្រៃ។

ក្រៅពីការជូនទៅទីតាំងដែលគេកាប់ឈើហើយនោះ លោក កែវ សន ក៏បានផ្តល់បទ​សម្ភាសន៍ជូនអ្នកសារព័ត៌មាន Fresh News ពីការកាប់ព្រៃឈើនៅតំបន់នោះផងដែរ។

បន្ទាប់ពីព័ត៌មានត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ Fresh News ទទួល​បានព័ត៌មានមកថា លោក កែវ សន ត្រូវបានអាជ្ញាធរស្រុកសៀមប៉ាង ហៅទៅសួរ​នាំពាក់ព័ន្ធនឹងរឿងខាងលើនេះ។ ប្រភពបានប្រាប់មកទៀតថា នៅពេលព័ត៌មានស្ងប់​ស្ងាត់​​​បន្តិច​គេអាចនឹងដកលោក កែវ សន ចេញពីប្រធានសហគមន៍ព្រៃឈើនៅ​តំបន់​នោះ​ថែម​​ទៀតផង។

លោក កែវ សន ជាប្រធានសហគមន៍ព្រៃឈើមួយរូប ដែលបានចូលរួមការពារព្រៃឈើ​នៅឧទ្យានជាតិវឺនសៃសៀមប៉ាង ហើយក៏ធ្លាប់ទទួលបានបណ្ណសរសើរពីក្រសួងបរិស្ថាន​លើ​កិច្ចការចូលរួមថែទាំព្រៃឈើ និងការពារសត្វព្រៃផងដែរ។

លោក កែវ សន ធ្លាប់បាន​ផ្តល់បទសម្ភាសន៍ជាមួយ Fresh News ថា ព្រៃឈើជាជីវិ​ត​របស់ប្រជាពលរដ្ឋសហ​គមន៍ ជាពិសេសជនជាតិដើមភាគតិចកាវែត ដែលអាស្រ័យផល​ជា​មួយព្រៃឈើ។ ហេតុដូច្នេះហើយ ទើបពួកគាត់បានប្រឹងប្រែងការពារព្រៃឈើធម្មជា​តិ​នៅ​តំបន់នោះ៕