ស្ថានទូតកម្ពុជាប្រចាំកូរ៉េ នាំយកមូលនិធិមនុស្សធម៌ពីសហគមន៍ខ្មែរ ជូនជនភៀសសឹក និងគ្រួសារវីរកងទ័ព នៅខេត្តសៀមរាប
01-03-2026 15:24
(សៀមរាប)៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ បាននាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចំនួន ២ម៉ឺនដុល្លារអាម៉េរិក ដែលបានរៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧គ្រួសារ ស្មើនឹង១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។
ការនាំយកមូលនិធិនេះ មានការចូលរួមពីសំណាក់ លោក ហេង សារិទ្ធ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក លី សារី អភិបាលរងខេត្តសៀមរាប និង លោក ឡុត ញាន អភិបាលរងស្រុកស្រីស្នំ និង ព្រមទាំងតំណាងសហគមន៍ខ្មែរនៅកូរ៉េ។
មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគជាថវិការពីបងប្អូនសហគមន៍ខ្មែរដែលរស់នៅធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណងសម្រាលបន្ទុករបស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់ជនភៀសសឹក និងគ្រួសារវីរៈកងទ័ពដែលត្រូវបានជម្លៀសពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។
ថ្លែងក្នុងកម្មវិធីចែកអំណោយមនុស្សធម៍នេះ លោក ឯកអគ្គរាជទូត បានលើកឡើងថា បើទោះបីជាជំនួយទាំងនេះមិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាក របស់បងប្អូនប្រជាជនភៀសសឹកក្តី តែវាបានបង្ហាញនូវស្មារតី សាមគ្គីភាព ស្រលាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្តរបស់ពួកគាត់នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច៕




















