ភ្លៀងកក់ខែ លាយឡំខ្យល់កន្ត្រាក់ បង្កទឹកលិចជំរំជនភៀសសឹកលិចក្នុងវត្តកណ្តាល និងខូចខាតផ្ទះពលរដ្ឋ ៥ខ្នង នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ
01-03-2026 14:05
(បន្ទាយមានជ័យ)៖ ជំរំជនភៀសសឹក ដែលមានប្រជាពលរដ្ឋជាជនភៀសសឹកមកស្នាក់នៅរាប់ពាន់គ្រួសារ ក្នុងវត្តកណ្តាល ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានជនលិចដោយសារភ្លៀងកក់ខែយ៉ាងធំលាយឡំខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងបណ្តាលឱ្យខូចខាតដល់ផ្ទះប្រពលរដ្ឋ ៥ខ្នងនៅស្រុកថ្មពួក ក៏ប៉ះពាល់ខូចខាត នៅឃុំគំរូ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
មន្ត្រីរដ្ឋបាលស្រុកថ្មពួកបានឲ្យដឹងថា គ្រោះធម្មជាតិនោះ បង្កឲ្យមានផលប៉ះពាល់ ខូចខាតផ្ទះប្រជាពលរដ្ឋភូមិតាយឹងឃុំគំរូ ចំនួន ៤ខ្នងផ្ទះនៅភូមិប្រាសាត្បែង ឃុំបន្ទាយឆ្មារ ចំនួន ១ខ្នង ចំណែកក្នុងបរិវេនក្នុងជំរុំជនភៀសសឹកផលប៉ះពាល់លិចទីស្នាក់នៅក្នុងតង់នៃជំរំជនភៀសមួយចំនួនផងដែរ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច បានអន្តរាគមន៍ជន្លៀសជនភៀសសឹកជាង ៣០០គ្រួសារ និងជញ្ជូនសម្ភារ: របស់របរពួកគាត់ចេញពីជំរុំរងផលប៉ះពាល់នេះអស់ហើយនិងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជម្រកចល័តបណ្តោះអាសន្នថ្មីជូនបងប្អូនដើម្បីឲ្យមានទីស្នាក់នៅ ហូបចុកនិងថែទាំសុខភាពឲ្យល្អប្រសើរឡើងវិញអស់ហើតផងដែរ។
លោក អ៊ុំ រាត្រី បានមានប្រសាន៍បញ្ជាក់ទៀតថា លោកបានចាត់បញ្ជូនលោក ឃ្លោក នួយ អភិបាលរងខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ សាងសង់ជម្រកចល័តបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកយ៉ាងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាឆ្លើយតបទាន់ពេលរបស់បងប្អូនជនភាសសឹកទាំងអស់។
ចំពោះបងប្អូនជនភៀសសឹកនៅជំរុំ និងពលរដ្ឋរងផលប៉ះពាល់បានលើកឡើងនូវទុក្ខកង្វល់ និងសំណូមពរពួកគេដែលជួបទុក្ខលើទុក្ខដែលត្រូវយោធាឈ្លានពានថៃ ហ៊ុំព័ទ្ធយកដីធ្លី បំផ្លាញផ្ទះសម្បែង ឆក់ប្លន់ទ្រព្យសម្បត្តិហើយត្រូវភៀសសឹកមកស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តាលនេះ ហើយឥឡូវ ពួកគាត់មកជួបគ្រោះធម្មជាតិយ៉ាងតន់ហន់បម្ថែមទៀត ។
ទោះយ៉ាងណាពួកគាត់បានធូរស្រាលក្នុងចិត្តឡើងវិញ ដោយបានថ្នាក់ដឹកនាំ អាជ្ញាធរនិងសមត្ថកិច្ចគ្រប់ថ្នាក់បានអន្តរាគមន៍ដោះស្រាយជាបន្ទាន់និងបន្តបន្ទាប់ជួនពួកគាត់បានយ៉ាងល្អផងដែរ ។
គួររំលឹកឲ្យដឹងផងដែរថា នៅស្រុកថ្មពួក ចាប់ឆ្នាំ២០១២មក ជារៀងរាល់ឆ្នាំ ក្នុងចន្លោះខែមីនា មេសា នៅតំបន់មួយចំនួនក្នុងស្រុកថ្មពួក តែងតែកើតមានបាតុភូតធម្មជាតិភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ បង្កផលប៉ះពាល់ដល់អគារ សំណង់រដ្ឋ ឯកជន និងផ្ទះសម្បែងប្រជាពលរដ្ឋមួយចំនួនធំផងដែរ៕







