លោក ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ខេត្តកំពង់ស្ពឺ
01-03-2026 14:01
(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី នៅវត្តព្រៃជុំ ស្ថិតនៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
កម្មវិធីបុណ្យនេះ មានការនិមន្ត/អញ្ជើញចូលរួមពីសំណាក់ព្រះសង្ឃ យាយជី តាជី សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុង ស្រុក និងឃុំ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត គណៈអភិបាលស្រុក មន្ត្រីរាជការ ក្រុមប្រឹក្សាស្រុក/ឃុំ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ១,០៨១អង្គ/នាក់។
លោកបណ្ឌិត អ៊ុក កោសា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានគណៈកម្មការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅវត្តព្រៃជុំ បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោក ហ៊ុន ម៉ានី។ វត្តមានរបស់ឧបនាយករដ្ឋមន្ត្រី គឺជាសក្ខីភាពដ៏ច្បាស់លាស់នៃការយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធរបស់ថ្នាក់ដឹកនាំចំពោះសុខុមាលភាព និងការរីកចម្រើនរបស់ប្រជាពលរដ្ឋ និងមន្ត្រីរាជការតាមមូលដ្ឋាន។ ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ុក កោសា ក៏បានធ្វើរបាយការណ៍សង្ខេបអំពីប្រវត្តិនិងសមិទ្ធផលនានា ដែលសម្រេចបានក្នុងវត្តព្រៃជុំផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍រួចមក លោក ហ៊ុន ម៉ានី បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ ដែលបានរួមចំណែកដោយសទ្ធាជ្រះថ្លា ក្នុងការកសាង និងអភិវឌ្ឍសមិទ្ធផលនានានៅក្នុងវត្តព្រៃជុំ។ លោកបានលើកឡើងថា សមិទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជំនឿដ៏មុតមាំរបស់ពុទ្ធសាសនិក និងការប្តេជ្ញាចិត្តប្រកបដោយសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
លោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការណ៍ដែលយើងអាចមកធ្វើបុណ្យ និងកសាងសមិទ្ធផលរួមគ្នានៅថ្ងៃនេះបាន គឺដោយសារការតស៊ូ លះបង់ និងពលិកម្មរបស់ថ្នាក់ដឹកនាំ ដែលបាននាំមកនូវសុខសន្តិភាព និងស្ថិរភាពជូនជាតិ។ មូលដ្ឋានដ៏រឹងមាំនេះ បានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអភិវឌ្ឍប្រទេសលើគ្រប់វិស័យ និងធានាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ទាំងក្នុងការប្រកបរបរទទួលទាន និងការគោរពជំនឿសាសនា។
ក្នុងន័យនេះ លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូរសប្បាយរុងរឿងសម្រាប់ប្រជាជនកម្ពុជា។
សូមជម្រាបថា កម្មវិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសប្រកបដោយក្ដីសោមនស្សរីករាយ និងសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ អាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ៕





























